ភ្នំពេញៈ លោក​ស្រី រ៉ូ​ណា​ ស្មុីត ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​​ទៀត​នៅ​ចុងខែ​មេសា​នេះដើម្បី​ពិ​និត្យមើល​ស្ថានភាព​សិទ្ធិ​មនុស្ស ​នាពេល​បច្ចុប្បន្នតាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​កម្ពុជា។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ​ដែល​ចេញផ្សាយ​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹងថា ​ការ​មក​បំពេញ​ទស្សនកិច្ច​នាពេលនេះ​របស់​លោក​ស្រី ​គឺមាន​រយៈពេល​ ១១ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ២៩ ​ខែ​មេសា ​ដល់​ថ្ងៃ​ទី ៩ ខែ ឧសភា ​ឆ្នាំ ​២០១៩​ ​ដោយ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ​តំណាង​សង្គម​ស៊ីវិល ​និង​សមាជិក​សហគមន៍​ការទូត​នានា។

ជាមួយ​គ្នានេះ ​លោក​ស្រី រ៉ូ​ណា ស្មុីត​ ក៏​ចុះទៅ​បំពេញ​ទស្សនកិច្ច​នៅតាម​តំបន់​ផ្សេងៗ​ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​ផងដែរ​ ខណៈ​ការបំពេញ​ទស្សនកិច្ច​មក​កម្ពុជា ​គឺ​ដើម្បីធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ​ ស្របពេល​លោក​ស្រី រ៉ូ​ណា ស្មុីត ​នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​របស់​លោក​ស្រី នៅ​ខែ​កញ្ញា ​ខាងមុខ។

លោកស្រី រ៉ូ​ណា ​ស្មុីត ​បាន​ថ្លែង​ក្នុង​លិខិតនោះ​ថា៖ «ខ្ញុំ​នឹង​ផ្តោត​បេសកកម្ម​របស់​ខ្ញុំ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន ​និង​តាមដាន​ពី​ដំណើរ​ការ​វិវត្តនានា​ចាប់​តាំងពី​បេសកកម្ម​របស់​ខ្ញុំ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក»។

លោកស្រី​បញ្ជាក់ថា​៖ «ខ្ញុំ​មាន​បំណង​បន្ត​ការពិនិត្យ​ផងដែរ​ទៅ​លើ​វិស័យ​សិទ្ធិមនុស្សទាក់​ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព ​ដោយ​ពិនិត្យ​ពិសេស​ទៅលើ​ការមិន​រើសអើង ​និង​សមភាព ​ព្រមទាំង​ការចូល​រួម ​និង​គណនេយ្យភាព»។

បើតាម​សេចក្តី​ប្រកាស​ដដែល​នោះ​ ក្រោយ​បញ្ចប់​ដំណើរទស្សនកិច្ច​នេះ​ លោកស្រីរ៉ូ​ណា​ ស្មុីត ​នឹងធ្វើ​ស​ន្និសីទ​សារ​ព័ត៌មាន​មួយ​ដើម្បីពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន។

លោក ​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​ថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ស្រី រ៉ូណា ស្ម៊ីត គឺជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រក្រតី​របស់​គាត់​ប៉ុណ្ណោះ​ដែល​តែង​តែ​ធ្វើ​ឡើងជា​ទៀង​ទាត់ ពី ២ ទៅ ៣ ដង ក្នុង ១ ឆ្នាំ ដើម្បី​រៀបចំ​របាយការណ៍​សម្រាប់​ដាក់​ជូន​ទៅ​អង្គការ​សហ​ប្រជាជាតិ ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​បន្តថា សម្រាប់​ការ​មក​បំពេញ​ទស្សនកិច្ច​នេះ គាត់​តែងតែ​ផ្តោតទៅ​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ដែល​លោក​អះអាង​ថា កម្ពុជាបាន​ខិតខំ​កសាង និង​លើក​កម្ពស់​បញ្ហា​នានា ដែល​ជា​អនុសាសន៍​បាន​ដាក់​ចេញ​កន្លង​មក។

លោក​បញ្ជាក់ថា៖ «ការបំពេញ​ទស្សនកិច្ចមួយៗ តែងតែមាន​វិ​វត្ត ដែល​យើង​តែង​ធ្វើការ​រាយការណ៍​ជូន​គាត់ ចំពោះ​ការ​វិវត្ត​សិទ្ធិ​សេរីភាព ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ កម្ពុជា ហើយ​គាត់​មក គឺ​ដើម្បី​វាយ​តម្លៃ​ពី​អនុសាសន៍ ដែល​គាត់​ធ្លាប់​ដាក់​ជូន​មក​កម្ពុជា ថា​តើ​កម្ពុជាអនុវត្ត​បាន​កម្រិត​ណា ហើយ​យើង​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ?»។

លោក ជិន ម៉ា​លីន បន្ថែមថា ជាមួយនឹង​ការអញ្ជើញ​មកដល់​ជាថ្មី​នេះ ក្នុង​នាម​រដ្ឋាភិបាល​នឹង​ព្យាយាម​រាយ​ការណ៍ និង​ឆ្លើយតប​ទៅ​នឹង​ការ​អនុវត្ត​របស់​កម្ពុជា រួមទាំង​បង្ហាញ​ទិសដៅ​ដែល​កម្ពុជា នឹង​អនុវត្ត​ជំហាន​បន្ទាប់​ផងដែរ។

លោក ​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាបាន​និយាយថា កម្ពុជានៅតែ​ស្វាគមន៍​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ស្រី រ៉ូណា ស្ម៊ីត ព្រោះ​កម្ពុជាមាន​ទំនាក់​ទំនង​ល្អ និង​ជា​ដៃគូ​អភិវឌ្ឍន៍ ដែល​បង្កើន​គុណភាព​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​រំពឹងថា៖ «ការអញ្ជើញ​មកដល់​របស់​លោកស្រី គឺ​នឹង​មានការ​សហការគ្នា​ល្អ ពង្រឹង​ជុំវិញ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​មិនមែន​មាន​ការ​បិទ​សិទ្ធិ​ទេ គឺ​ទៅ​តាម​លទ្ធភាព វប្បធម៌ កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា»។

ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​កាលពី​ខែ វិច្ឆិកា ឆ្នាំមុន អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​រូប​នេះ បាន​អំពាវនាវ​ជាថ្មី​ទៀត​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង លោក​កឹម សុខា មេដឹកនាំនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់​ទុក​ថា ការ​បន្ត​ឃុំខ្លួន​លោក​សុខា​នៅ​ក្នុង​ផ្ទះ​បែប​នេះ គឺជា​ការ​រឹត​ត្បិត​សេរីភាព។

មិនអាច​ទាក់ទង​លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR បាន​ទេ កាល​ពី​ម្សិលមិញ៕