ភ្នំពេញៈ អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្ម៊ីត បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា មណ្ឌល​ព្រៃស្ពី​គួរតែ​ត្រូវបាន​កែលម្អ​ឲ្យ​បានល្អ​ប្រសើរ ឬ​មួយ​ត្រូវ​បិទ​ចោល​។

លោកស្រី ស្ម៊ីត បាន​លើកឡើង​ដូច្នេះ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​លោកស្រី​ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ សម្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​ ៤២ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃទី​ ២៧ កញ្ញា​។ លោកស្រី​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ដែល​គេ​ហៅថា ព្រៃស្ពឺ កាលពី​ខែ ​ឧសភា ឆ្នាំ​ ២០១៩ ដោយ​លោកស្រី​បាន​កត់សម្គាល់​ឃើញ​ថា អ្នក​ដែល​គេ​ដាក់​នៅ​ទីនោះ​មាន​ចំនួន​តិចជាង​មុន​។

លោកស្រី​បាន​ថ្លែង​ក្នុង​របាយការណ៍​យ៉ាង​ដូច្នេះ​ថា​៖ «​ពួកគេ​ត្រូវ​បាន​ឃុំ​ក្នុង​មណ្ឌល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ ដោយសារ​តែ​ពួកគេ​មាន​ពិការភាព​ដែល​នេះ​បង្កើត​ជា​ក្ដីកង្វល់​យ៉ាង​ខ្លាំង​អំពី​ការឃុំ​ឃាំង​តាម​អំពើ​ចិត្ត កង្វះ​ការថែទាំ​ដិត​ដល់​ និង​រំលោភសិទ្ធិ​នៃ​អ្នក​ដែល​មាន​ពិការភាព​»​។

លោកស្រី​ ស្ម៊ីត បន្តថា លោកស្រី​ទទួល​បាន​របាយការណ៍​ថា មាន​អ្នកស្លាប់​នៅ​មជ្ឈមណ្ឌល​នេះ ប៉ុន្តែ​ការស្លាប់​នោះ​មិន​ត្រូវបាន​ស៊ើបអង្កេត​ដិត​ដល់​ឡើយ​។ លោកស្រី​ស្នើ​ឲ្យ​មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​លើ​ករណីនេះ ហើយ​គួរតែ​មាន​ការត្រួតពិនិត្យ​ឡើងវិញ​ដិតដល់​លើ​មជ្ឈមណ្ឌល​នេះ រួម​ទាំង​ការពិចារណា​ថា​តើ មជ្ឈមណ្ឌល​នេះ​គួរតែ​បង្កើត​ឡើង​ឬ​អត់​?

លោកស្រី​បាន​បន្ត​ថា ប្រសិន​បើ​​មណ្ឌល​ព្រៃស្ពឺ​គឺជា​កន្លែង​សម្រាប់​គាំទ្រ​ដល់​មនុស្ស​ដែល​មាន​ពិការភាព​មែន​នោះ រដ្ឋាភិបាល​ត្រូវ​តែ​គោរព​តាម​អនុសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​មាន​ពិការភាព​។ ពិការភាព​មិន​គួរ​ត្រូវបាន​ឆ្លើយតប​ដោយ​ការដកហូត​សិទ្ធិ​សេរីភាព​ទេ ហើយ​មនុស្ស​ដែល​មាន​ពិការភាព គួរតែ​ត្រូវ​បាន​គាំទ្រ​ឲ្យ​រស់នៅ​ក្នុង​សហគមន៍ ជា​ជាង​កាត់ផ្ដាច់​ចេញ​ពី​សហគមន៍​។

លោកស្រី ស្ម៊ីត និយាយ​ថា​ទីតាំង​នៃ​មជ្ឈមណ្ឌល​នេះ​គួរតែ​ត្រូវបាន​ប្ដូរ​មក​កាន់​តែ​ជិត​ទីក្រុង​ភ្នំពេញ ហើយ​អ្នក​ដែល​ត្រូវ​បាន​ដាក់​នៅ​ទីនោះ គួរតែ​មាន​លទ្ធភាព​ចេញចូល​ដោយ​សេរី​តាម​ឆន្ទៈ​របស់​ពួកគេ​។ លោកស្រី​បាន​បញ្ជាក់ថា​៖ «​បើសិន​ដូច​ស្ថានភាព​បច្ចុប្បន្ន​មជ្ឈមណ្ឌល​នេះ​បន្ត​ដំណើរការ​ជា​កន្លែង​សម្រាប់​ឃុំឃាំង​តាម​អំពើ​ចិត្ត ហើយ​គួរតែ​បិទ​»​។

ប៉ុន្តែ​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ច្រានចោល​ការលើកឡើង​ដែល​ថា មណ្ឌល​ព្រៃស្ពឺ​ជា​កន្លែង​ឃុំឃាំង​។ លោក​ពន្យល់​ថា​អ្នក​ដែល​ត្រូវបាន​ដាក់​នៅ​ទីនោះ​គឺជា​មនុស្ស​គ្មាន​ផ្ទះសំបែង​អ្នក​សុំទាន​ជន​វិបល្លាស​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​ និង​ជនអានា​ថា​គ្មាន​គោលដៅ​។ «​បើ​យើង​មិន​ប្រមូល​ពួកគាត់​មក​តើ​ពួកគាត់​អាច​ទៅ​ធ្វើ​អ្វី​? អ្នកខ្លះ​ចេះ​តែ​ដើរ​ដោយ​គ្មាន​គោលដៅ ហើយ​គ្មាន​អ្នកណា​មើលថែ​។ ពេល​យើង​យក​ពួកគាត់​មក​ដាក់​នៅ​មណ្ឌល យ៉ាង​ហោចណាស់​គាត់​មាន​អ្នក​មើលថែ ហើយ​ផ្ដល់​អាហារ​យ៉ាង​ហោចណាស់​ ៣ ​ពេល​ក្នុង​មួយថ្ងៃ​»​។ លោក​បន្តថា អ្នក​ដែល​នៅ​ទីនោះ​ក៏​ទទួល​បាន​ការបណ្ដុះបណ្ដាល​ពី​បំនិន​ជីវិត​ផងដែរ​។

លោក​បាន​ថ្លែង​ថា លោក​មិនដឹង​ចំនួន​អ្នក​នៅ​ទីនោះ​ជាក់លាក់​ទេ ហើយ​ចំនួន​តែង​មាន​ការប្រែប្រួល​ជា​រៀងរាល់​ថ្ងៃ​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ពី​ខណ្ឌ និង​សង្កាត់​តែង​ប្រមូល​អ្នក​ដែលជា​គោលដៅ​ចន្លោះ​ពី​ ២ ​នាក់​ទៅ​ ៣០ ​នាក់​យក​ទៅ​ដាក់​មណ្ឌល​ជា​រៀងរាល់​ថ្ងៃ ហើយ​ក៏​មាន​អ្នក​ចេញ​ពី​មណ្ឌល​ដែរ​។

លោក​ពន្យល់​ថា​អ្នក​ដែល​រស់នៅ​មណ្ឌល​ព្រៃស្ពឺ​នេះ​អាច​ចាកចេញ​ពី​មណ្ឌល​បាន​បើសិន​ជា​មណ្ឌល​រកឃើញ​គ្រួសារ ឬ​ដឹង​ពី​លំនៅ​ពិតប្រាកដ​របស់​ពួកគេ​ច្បាស់ ឬមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួកគេ​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​ទាំង​នោះបាន​។ ទោះ​យ៉ាងណា​លោក​ថា​ក៏មាន​អ្នកខ្លះ​មិន​ចង់​ចាកចេញ​ពី​មណ្ឌល​ដែរ​ដោយសារ​តែ​ពួកគេ​គ្មាន​ទីពឹង និង​ទិសដៅ​ពិតប្រាកដ​។

លោក​ថ្លែងថា​៖ «​ព្រៃស្ពឺ​មិនមែន​ជា​កន្លែង​ឃុំឃាំង​ទេ វា​ជា​មជ្ឈមណ្ឌល​សំចត​ប៉ុណ្ណោះ​។ យើង​មិន​ទៅ​ចាប់គាត់​ទេ គឺ​អាជ្ញាធរ​មូលដ្ឋាន​គាត់​ប្រមូល​គាត់​មកពី​ខណ្ឌ​សង្កាត់​នៅពេល​ពួកគាត់​ចុះ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​។ មណ្ឌល​គ្រាន់​តែ​ទទួល​ពួកគេ​ពី​អាជ្ញាធរ​ប៉ុណ្ណោះ​»៕