ភ្នំពេញៈ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ (UN) ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្ម៊ីត បាន​វាយតម្លៃ​ខ្ពស់​ជា​វិជ្ជមាន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស សេរីភាព​នៃ​ការបញ្ចេញមតិ​វិធានការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ និង​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​។

ការលើកឡើង​របស់​លោកស្រី រ៉ូណា ស្ម៊ីត បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក​ កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ.ស.ម.ក.) កាលពី​ថ្ងៃទី​ ២៥ សីហា ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រសួង​យុត្តិធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួង​សុខាភិបាល​។

នៅក្នុង​សេចក្តីប្រកាស​ពី​លទ្ធផល​នៃ​ជំនួប​របស់ គ.ស.ម.ក. កាលពី​ថ្ងៃទី​ ២៥ ខែសីហា តាមរយៈ​ប្រព័ន្ធ​វីដេអូ​លោកស្រី រ៉ូណា ស្ម៊ីត បាន​លើកឡើង​ដោយ​បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ជា​វិជ្ជមាន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​។ លោកស្រី​ក៏បាន​លើក​ទឹកចិត្ត​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយ​នឹង​លទ្ធផល​ជា​វិជ្ជមាន​នេះ​បន្តទៀត​ដែរ​។

ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​បង្ហាញ​ពី​ក្តីកង្វល់ និង​ផ្តល់​ជា​អនុសាសន៍​មួយចំនួន​ផងដែរ​ទៅ​ដល់​រាជរដ្ឋាភិបាល​ដូចជា​ការទប់ស្កាត់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​ និង​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​។ ការរៀបចំ​ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ដោយ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ និង​ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ជាដើម​។

លោកស្រី រ៉ូណា ស្ម៊ីត ក៏មាន​ការបារម្ភ​ពី​ការរឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបជុំ​តវ៉ា ប៉ុន្តែ​លោកស្រី​មិន​គាំទ្រ​នូវ​ការជួបជុំ​បញ្ចេញមតិ​ដែល​បំពាន​ច្បាប់ បំពាន​សិទ្ធិសេរីភាព​អ្នកដទៃ បង្ក​ឱ្យ​មាន​ការរើសអើង​ពូជសាសន៍ អំពើហិង្សា និង​ភាពចលាចល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​។

លោក​ ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជំនួប​ពិភាក្សា​នេះ​ទទួល​បាន​លទ្ធផល​មាន​លក្ខណៈ​ជា​វិជ្ជមាន​ និង​ការយោគយល់​គ្នាច្រើន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អ្វីដែល​យើង​អាច​វាយតម្លៃ​បាន​នោះ គឺ​លោកស្រី រ៉ូណា ស្ម៊ីត ហាក់​មាន​ការយល់​ច្រើន​ពី​ស្ថានភាព និង​តថភាព​ពិតប្រាកដ​ជាក់ស្តែង​ដែល​កើត​មាន​នៅ​កម្ពុជា ហើយ​ជាពិសេស​គឺ​មូលដ្ឋាន​ច្បាប់​ និង​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមកនេះ​»​។

លោក​ ជិន ម៉ាលីន បន្ថែម​ថា ការជួប​នេះ​គឺជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ធ្វើការ​ពន្យល់​បកស្រាយ​លម្អិត ច្បាស់លាស់​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​ព្រឹត្តិការណ៍​មួយចំនួន​ដែល​មាន​ការចោទប្រកាន់ ដោយ​អគតិ​ថា មាន​ការរំលោភបំពាន​សិទ្ធិ​។

លោកស្រី រ៉ូណា ស្ម៊ីត បាន​យល់​ និង​បាន​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​នូវ​ការពន្យល់​បកស្រាយ​របស់​កម្ពុជា ហើយ​គាត់​វាយតម្លៃ​ខ្ពស់​ពី​ការរីកចម្រើន​នៃ​ការវិវត្ត​ជា​វិជ្ជមាន​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​។ ប៉ុន្តែ​គាត់​នៅ​មាន​ក្តីកង្វល់​មួយចំនួន​ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​នេះ ប៉ុន្តែ​ក្តីកង្វល់​ទាំងនេះ​គឺ​កម្ពុជា​កំពុង​មើលឃើញ​ដូចគ្នា​ហើយ​កំពុងតែ​អនុវត្ត​ និង​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​។

គ.ស.ម.ក. និង​អន្តរក្រសួង​នឹង​ធ្វើការ​ពិចារណា​លើ​កង្វល់​ និង​អនុសាសន៍​របស់​លោកស្រី រ៉ូណា ស្ម៊ីត ហើយនឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ទៀត ដើម្បី​ធ្វើឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។

វីដេអូ៖

លោក​ ជិន ម៉ាលីន ​បញ្ជាក់ថា​៖ «​យើង​ទទួលយក​នូវ​អនុសាសន៍ និង​ក្តីកង្វល់​របស់​គាត់ ហើយ​យើង​បន្ត​ធ្វើការ​សហការ​គ្នា​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត​ដើម្បីឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​»​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ច័ន្ទរឿន យល់ឃើញ​ថា ការវាយតម្លៃ​ជា​វិជ្ជមាន​របស់​លោកស្រី រ៉ូណា ស្ម៊ីត គ្រាន់​តែ​ជា​ការទទួល​ស្គាល់​នូវ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូវីដ​១៩​។ ជា​ចំណុច​មួយ​ដែល​ប្រជាពលរដ្ឋ​ទទួលស្គាល់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ​ដែល​មិនអាច​ប្រកែក​បាន​។ ប៉ុន្តែ​បញ្ហា​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ភាពប្រសើរ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ការធ្លាក់ចុះ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​គឺជា​រឿង​ពិត​ដែល​មិនអាច​ប្រកែក​បាន​ដូច​ដែល​សហភាព​អឺរ៉ុប​ក៏បាន​សម្រេច​ដក​ EBA ​ចំនួន​ ២០ ​ភាគរយ​ពី​កម្ពុជា​យើង​ដែរ ដោយសារ​តែ​មាន​ការរំលោភ​សិទ្ធិមនុស្ស​នៅមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​»​។

លោក​ថា លោក​មិនទាន់​រំពឹង​រដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​លោកស្រី រ៉ូណា ស្ម៊ីត នោះ​ឡើយ លុះត្រាតែ​លោក​ឃើញ​ជាក់ស្តែង​សិន​ទើប​ជឿជាក់​។ លោក​ថា មាន​តែ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជា​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បន្ត​តាមដាន និង​ទាមទារ​ឱ្យ​អាជ្ញាធរ ពាក់ព័ន្ធ​រួមទាំង​មន្ត្រី​សិទ្ធិមនុស្ស​បំពេញ​តាម​ការសន្យា​របស់​ខ្លួន​ក្នុង​ការលើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស​ និង​ដំណើរការ ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​៕