ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្ម៊ីត កាលពី​ថ្ងៃ​ពុធ​បាន​លើក​យក​បញ្ហា​វិវាទ​ដីធ្លី ជាពិសេស​រឿង​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន UDG ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង បរិស្ថាន លោក​ សាយ សំអាល់ ខណៈ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន UDG ជាមួយ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​។

ក្នុង​ជំនួប​បិទទ្វារ​ជិត​ ១ ម៉ោង​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ពុធ​លោក សាយ សំអាល់ ​បាន​ជម្រាប​ជូន​លោកស្រី ស្ម៊ីត ពី​ដំណើរការ​កំណែ​ទម្រង់​ស៊ីជម្រៅ​ដែល​ក្រសួង​បរិស្ថាន​បាន​ធ្វើ​ក្នុង​នោះ​មាន​ការ​ពង្រឹង​ធនធាន​មនុស្ស​ការការពារ​ធនធាន​ធម្មជាតិ និង​វឌ្ឍនភាព​វិជ្ជមាន​នៃ​ការ​ដោះស្រាយ​ដីធ្លី​ក្នុង​នោះ​មាន​ការ​ដោះស្រាយ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ជាមួយ​ក្រុមហ៊ុន UDG​។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​។

លោកស្រី រ៉ូណា ស្ម៊ីត ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​មុន​ចូល​ទៅ​ក្នុង​រថយន្ត​ថា​៖ «​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​នូវ​បញ្ហា​ផ្សេងៗ​ជាច្រើន​ទាក់ទង​ការងារ​ជាច្រើន​របស់​ក្រសួង​បរិស្ថាន​ក្នុង​នោះ​មាន​បញ្ហា​ដីធ្លី ការ​គ្រប់គ្រង​កាកសំណល់ និង​បញ្ហា​បរិស្ថាន​»​។

លោក ភក្ត្រា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​លោក​រដ្ឋមន្ត្រី​បរិស្ថាន​បាន​ជម្រាប​ជូន​លោកស្រី​ ស្ម៊ីត ពី​ការពង្រឹង​ធនធាន​មនុស្ស ការធ្វើឲ្យ​រដ្ឋបាល​ទំនើប​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ការការពារ​ធនធាន​ធម្មជាតិ​ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

លោក​បញ្ជាក់​ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោកស្រី ស្ម៊ីត ពី​វឌ្ឍនភាព​ដ៏វិជ្ជមាន​នៃ​ការដោះស្រាយ​ជម្លោះដីធ្លី​ដោយ​ក្នុង​នោះ​មាន​ការ​ដោះស្រាយ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ជាមួយ​ក្រុមហ៊ុន UDG ដែល​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​នៃ​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ និង​ធ្វើការ​ដោះស្រាយ​សមស្រប​»​។

លោក​បន្ថែម​ថា​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នេះ​ដែរ​លោក សាយ សំអាល់ ​បាន​ជម្រាប​ជូន​លោកស្រី ស្ម៊ីត ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឈប់​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​បន្ថែម​ទៀត​តាំងពី​ខែ​ឧសភា​ឆ្នាំ ២០១២ មក​ហើយ​បាន​ធ្វើ​ការត្រួត​ពិនិត្យ​ឡើង​វិញ​លើ​គម្រោង​វិនិយោគ លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ប្រមាណ ៥០ ដោយ​បាន​ដោះស្រាយ បញ្ហា​ជម្លោះដីធ្លី​ដែល​មាន​ក្រុមហ៊ុន​ពាក់ព័ន្ធ​ព្រម​ទាំង​កាត់​ឆ្វៀល​ដី​សម្រាប់​ពលរដ្ឋ​សហគមន៍ និង​បាន​កាត់បន្ថយ​ថិរវេលា​នៃ​ការផ្តល់​សម្បទានដី​សេដ្ឋកិច្ច​ពី ៩៩ ​ឬ​ ៩០ ​ឆ្នាំ​ ៧០ ​ឆ្នាំ​ឱ្យ​នៅ​ត្រឹម​រយៈពេល ៥០ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​គម្រោង​វិនិយោគ​មួយ​ចំនួន​ដែល​មិន​គោរព​តាម​គោលការណ៍ និង​កិច្ចសន្យា​រាជរដ្ឋាភិបាល​បាន​និរាករណ៍ និង​ដកហូត​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​ដែល​ដី​ខ្លះ​ត្រូវ​ចាត់​ជា​សម្បទានដី​សង្គមកិច្ច និង​ខ្លះ​ទៀត​ត្រូវ​ចាត់​ចូល​ជា​តំបន់​អភិរក្ស​...»​។

ក៏​ប៉ុន្តែ​លោក សែម ធី ពលរដ្ឋ​ម្នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន UDG នៅ​ឃុំ​ព្រែកខ្សាច់ ខេត្ត​កោះកុង​អះអាង​ថា​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ UDG ជាមួយ​ពលរដ្ឋ​រហូត​មក​ដល់​ពេល​នេះ​ពុំទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ ទោះបី​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តែ​បន្ត​តវ៉ា​ទាមទា​ក៏ដោយ​។

លោក​ថា​លើស​ពី​នេះ​អាជ្ញាធរ​ខេត្ត​បាន​បន្ត​គំរាមកំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដែល​ព្យាយាម​ធ្វើការ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ពួកគេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ ហើយ​អាជ្ញាធរ​ខេត្ត​បាន​អះអាង​ថា គេ​មិន​អាច​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទេ​។ ទោះបី​ជា​យើង​តវ៉ា​ទាមទារ​ក៏​ពួកគេ​មាន​តែ​គំរាម​ប្រជាពលរដ្ឋ​ថែម​ទៀត​។ នៅ​មាន​ពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​មិនទាន់​បាន​ទទួល​ដំណោះស្រាយ​ពី​អាជ្ញាធរ​»៕