ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី រ៉ូណា ស្ម៊ីត បាន​ថ្លែង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ «​ផ្លូវបំបែក​សំខាន់​មួយ​» ដោយ​លោកស្រី​លើក​ឡើង​នូវ​ក្តីបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កំហិត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការចូលរួម​ក្នុង​នយោបាយ​ និង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​អះអាង​ថា «​សន្តិភាព ស្ថិរភាព​ និង​ការអភិវឌ្ឍ​» មិន​អាច​មិន​រួមបញ្ចូល​កាតព្វកិច្ច​សិទ្ធិមនុស្ស​បាន​ទេ​។

បេសកជន​សិទ្ធិមនុស្ស​រូប​នេះ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ​មក​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​ជាច្រើន​ខែ​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់​ខ្លួន​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបង្ក្រាប​ទៅលើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកប្រឆាំង​។

លោកស្រី ស្ម៊ីត បាន​ថ្លែង​មក​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្តារ​សេរីភាព​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​វិញ ដែល​លោកស្រី​និយាយ​ថា​ត្រូវ​បាន​រារាំង​ «​ធ្ងន់ធ្ងរ​» ​ជាពិសេស​ខណៈ​ការបោះឆ្នោត​ជាតិ​នា​ខែកក្កដា​ខាង​មុខ​ខិតជិត​មក​ដល់​។

លោកស្រី ស្ម៊ីត ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​អម​នឹង​របាយការណ៍​ផ្លូវការ​របស់​លោកស្រី​ថា​៖ «​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវបំបែក​សំខាន់​មួយ​ហើយ​ត្រូវ​ចាប់​យក​សិទ្ធិមនុស្ស ខណៈ​វា​ជា​កត្តា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុងការ​ទ្រទ្រង់​សន្តិភាព និង​ការអភិវឌ្ឍ​ដែល​បាន​មក​យ៉ាង​លំបាក​»​។ «​សិទ្ធិមនុស្ស គឺ​សំខាន់​ណាស់​សម្រាប់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដែល​យូរអង្វែង​។ វា​មិន​អាច​មិន​ត្រូវ​បាន​អើពើ​នោះ​ទេ​»​។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​៖ «​សិទ្ធិ​ចំពោះ​ការចូលរួម​នយោបាយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​គឺ​សំខាន់​ក្នុង​អំឡុង​ដំណើរការ​បោះឆ្នោត ហើយ​អាជ្ញាធរ​ត្រូវមាន​ការទទួល​ខុសត្រូវ ដើម្បី​ធានាថា បុគ្គល​គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ប្រតិបត្តិការ​ដោយ​មិន​មាន​ការ​គំរាមកំហែង​ ឬ​ទទួល​រង​ការដាក់​ទណ្ឌកម្ម​»​។

ខណៈ​លើក​ឡើង​នូវ​ក្តីបារម្ភ​អំពី​វិសោធនកម្ម​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បានអនុម័ត​តាមរយៈ​សភា​ដែល​ជា​ឧបករណ៍​នៅក្នុង​ការធ្វើឲ្យ​មាន​ការ​បង្ក្រាប​កាលពី​ឆ្នាំ​មុន លោកស្រី ស្ម៊ីត ​បាន​ថ្លែង​ជា​ដដែល​ថា ក្តីបារម្ភ​លើ​ការបន្ត​ប្រើប្រាស់​ច្បាប់​ដើម្បី​បង្ក្រាប​ជាជាង​ប្រើប្រាស់​នីតិរដ្ឋ​។

លោកស្រី​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ថា​៖ «​បើ​មិន​ដូច្នោះ​ទេ​អភិបាលកិច្ច​ក្លាយ​ជា​ការប្រើ​ច្បាប់​ដើម្បី​បង្ក្រាប ដែល​ច្បាប់​មិន​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ដែល​មិន​ទទួល​យក​នៅក្នុង​ដំណើរការ​តម្លាភាព និង​ត្រូវបាន​អនុវត្ត​នៅក្នុង​លក្ខណៈ​ព្រៃផ្សៃ​ ឬ​រើសអើង​»​។

ខណៈ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី ស្ម៊ីត ​បាន​ចោទសួរ​អំពី​ការប្រើប្រាស់​វីដេអូឃ្លីប​របស់​លោក​ កឹម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការស៊ើបអង្កេត​ដោយ​តុលាការ​ថ្នាក់ក្រោម​ដែល​ត្រូវបាន​ប្រើ​ដោយ​តុលាការ​កំពូល​ក្នុងការ​រំលាយ​គណបក្ស​ប្រឆាំង​។ លោកស្រី ស្ម៊ីត កំពុង​សំដៅ​ទៅ​វីដេអូឃ្លីប​ដែល​បង្ហាញ​ថា លោក កឹម សុខា ទទួល​ស្គាល់​អំពី​ការប្រើប្រាស់​ជំនួយ​របស់​អាមេរិក គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ភ័ស្តុតាង​ដើម្បី​ជា​ហេតុផល​ចោទប្រកាន់​ពី​បទ ​«​ក្បត់ជាតិ​» ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​ភ័ស្តុតាង​ដែល​ផ្តល់​ទៅ​តុលាការ​កំពូល​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ពាក់ព័ន្ធ​នឹង​ករណី​កម្លាំង​សន្តិសុខ​បាញ់​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​នៅក្នុង​ខេត្ត​ក្រចេះ​កាលពី​សប្តាហ៍​មុន លោកស្រី ស្ម៊ីត ​ថ្លែង​ថា​វា​ពាក់ព័ន្ធ​នឹង​ផ្ទះ​របស់​អ្នកភូមិ​ដែល​ត្រូវ​បាន​ដុត​នៅក្នុង​ចម្ការ​ដែល​លោកស្រី​ថ្លែង​ថា ហាក់បី​ដូចជា​មិន​មាន​ការបញ្ជាក់​អំពី​ការស្លាប់ ប៉ុន្តែ​អ្នក​តាមដាន​សង្គម​ស៊ីវិល​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ចម្ការ​នោះ​។

លោកស្រី​បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​លោកស្រី​ថា​៖ «​នៅក្នុង​អត្ថប្រយោជន៍​នៃ​ការលើក​កម្ពស់​ទំនុកចិត្ត និង​តម្លាភាព​ខ្ញុំ​ជឿ​ថា វា​សំខាន់​ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នក​តាមដាន​ឯករាជ្យ​ចូល​ទៅ​ទី​នោះ​។ ខ្ញុំ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​»​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​លោកស្រី​ ស្ម៊ីត​មាន​ការ​យល់ដឹង​អំពី​ប្រទេស​កម្ពុជា ដោយ​លោក​ប្រដូច​ថា លោកស្រី​​កំពុង​មើល​ទៅ​ទិស​ខាង​លិច​នៅ​ពេល​ដែល​ព្រះអាទិត្យ​កំពុង​រះ​នៅ​ទិស​ខាង​កើត​។ លោក​បាន​ថ្លែង​ថា​៖ «​នៅពេល​ពួកគេ​ទទួល​បន្ទុក​តំណែង​ដូចនេះ ពួកគេ​មើល​មក​កម្ពុជា​ពី​កន្លែង​ដែល​ផ្ទុយ​នឹង​ព្រះអាទិត្យ​»​។

លោក​បាន​ច្រានចោល​អំពី​ក្តីបារម្ភ​របស់​លោកស្រី ស្ម៊ីត ចំពោះ​ការអនុវត្ត​ច្បាប់​ដោយ​លោក​លើក​ឡើង​ថា វា​ជា​លក្ខណៈ​របស់​អ្នក​រាយការណ៍​ពិសេស​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

លោក​បាន​បន្ថែម​ថា​៖ «​នោះ​ហើយ​ជា​ហេតុផល​ដែល​លោកស្រី​មិន​អាច​យល់ស្រប​អំពី​រឿង​កម្ពុជា​។ យើង​គ្រាន់តែ​អនុវត្ត​ផ្អែក​តាម​ច្បាប់​»​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ក៏​បាន​ច្រានចោល​ដូច​គ្នា​ដែរ​នូវ​របាយការណ៍​បេសកកម្ម​របស់​លោកស្រី​ដោយ​ថ្លែង​ថា លោកស្រី​កំពុង​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ និង​បន្ទាប់​ឯករាជភាព​របស់​តុលាការ​។ លោក​ថ្លែង​ថា​៖ «​កម្ពុជា​គ្រាន់តែ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​ស្ថិរភាព​នៃ​ប្រជាធិបតេយ្យ​»​។

នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​លោកស្រី Naly Pilorge ថ្លែង​ថា​លោកស្រី​ ស្ម៊ីត​ត្រូវ​បន្ត​តាមដាន​លើ​ការបន្ត​ដាក់​កំហិត​របស់​រដ្ឋាភិបាល​ទៅ​លើ​សេរីភាព ព្រម​ទាំង​ការតម្រង់​ទិសដៅ​ទៅ​រក​សង្គម​ស៊ីវិល​។ «​យើង​សង្ឃឹម​ថា​លោកស្រី ស្ម៊ីត នឹង​បន្ត​តាមដាន​ដិត​ដល់​បន្ថែម​ទៀត​ទៅ​លើ​ការបំពាន​សិទ្ធិមនុស្ស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រឈមមុខ និង​ការដាក់​កំហិត​ទៅ​លើ​សង្គម​ស៊ីវិល​ដែល​គ្រាន់តែ​ផ្តល់​ជំនួយ និង​ការគាំទ្រ​ទៅ​ជនរងគ្រោះ​»៕ PS