ភ្នំពេញៈ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធា​រណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ កាល​ពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃ​ម្សិលមិញ​ដែល​ដំណើរ​ទស្សនកិច្ច​​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

បើ​យោង​តាម​សេចក្តី​ប្រកា​សព័ត៌មានរបស់​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី ២៦ ខែ ​មេសា​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ ថ្ងៃ​នេះ លោក​ស្រី អ៊ុងសាន ​ស៊ូជី នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេច ព្រះម​ហាក្ស​ត្រី នរោត្តម មុនីនាថ សីហនុ នៅ​ព្រះ​បរម​រាជរាំង។ លោកស្រីក៏​នឹង​ជួប​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ លោកស្រី អ៊ុងសាន​ ស៊ូជី នឹង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​ស្តូប​វិមាន​ឯករាជ្យ និង​ព្រះ​មណ្ឌល ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះម​ហាក្សត្រ​កម្ពុជា។ នៅ​ចុង​បញ្ចប់​នៃ​ការ​បំពេញ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា៖ «ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ជំទាវ អ៊ុងសាន ​ស៊ូជី នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ពង្រឹង និង​ពង្រីក​ថែម​ទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី»។

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស មិនអាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​កាល​ពី​ម្សិលមិញ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា កម្ពុជា និង​ភូមា​តែងតែ​ជួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ក្របខ័ណ្ឌ​វេទិកា​អន្តរជាតិ និង​បញ្ហា​នានា​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

លោក គិ​ន ភា បញ្ជាក់ថា៖ «បើ​យើង​និយាយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន យើង​ជា​សមាជិក​អាស៊ាន​ថ្មី ដែល​មាន​កម្រិត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រហាក់​ប្រហែល​គ្នា។ អ៊ីចឹង​ទេ​ការ​ពង្រឹង​ការ​រឹត​ចំណង​ទំនាក់​ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំង ២ ហ្នឹង គឺមាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឱ្យ​ទៅ​ជា​កម្លាំង​ចលករ​សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក៏​ដូចជា​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ចការ​តំបន់»។

ចំណែកលោក មាស នី អ្នកវិភាគ​នយោបាយ ក៏បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា កាល​ពី​មុន លោកស្រី អ៊ុងសាន ​ស៊ូជី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ទទួល​បាន​រង្វាន់​ណូបែល​ទាក់ទង​នឹង​ការតស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ប៉ុន្តែ​នៅ​ពេល​នេះ លោកស្រី អ៊ុងសាន ​ស៊ូជី ហាក់​ដូចជា​ទទួល​រង​នូវ​សម្ពាធ​ជាច្រើន​នៅ​ក្នុង​ប្រទេស​របស់​គាត់ ហើយ​និង​កំពុង​ទទួល​រង​នូវ​ការ​រិះគន់​ធ្ងន់ៗ ពី​អន្តរជាតិ​ផងដែរ ទៅលើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា។

លោក មាស នី បាន​បញ្ជាក់ថា៖ «អ៊ីចឹង ខ្ញុំ​មិន​រំពឹងថា នឹងមាន​ការលើក​យក​រឿង​លទ្ធិ​ប្រជា​ធិបតេយ្យ​មក​ជជែក​ទេ​រវាង​មេ​ដឹកនាំ​ទាំង ២ ព្រោះ​យើង​ដឹងថា មេ​ដឹកនាំ​ទាំង ២ ប្រហែល​ជា​នឹង​មើល​ឃើញ​លទ្ធិ​ប្រជាធិប​តេយ្យ​តាម​បែប​មួយ​ផ្សេង​ដែល​ខុស​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​បស្ចិម​ប្រទេស​បាន ​និង​កំពុង​សម្លឹង​មើល»៕