ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​នៅ​ថ្ងៃ​ម្សិលមិញ​ថា កម្ពុជា​នៅ​មិន​ទទួល​បាន​ការបញ្ជាក់​ផ្លូវការ​ណាមួយ​ពី​ប្រទេស​វៀតណាម ជុំវិញ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​អះអាងថា ឆ្លង​ជំងឺ​កូវីដ​ ១៩​ ពី​ប្រទេស​កម្ពុជា​ នៅ​ឡើយ​ទេ​។ ប៉ុន្តែ​លោកស្រី​ថា បុរស​វៀតណាម​នេះ​មិន​អាច​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ពី​កម្ពុជា​ឡើយ​។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្រុម​ការងារ​របស់​ក្រសួង​សុខាភិបាល​បាន​ស្រាវជ្រាវ​ដោយ​យកចិត្ត​ទុកដាក់​បំផុត បន្ទាប់ពី​មាន​សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ថា មាន​ពលរដ្ឋ​វៀតណាម​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ បន្ទាប់ពី​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​សៀមរាប​ត្រឡប់​ទៅដល់​ប្រទេស​វៀតណាម ​វិញ ប៉ុន្តែ​ការស្រាវជ្រាវ​នោះ​មិន​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ក្រៅ​តែ​អ្នក​ឆ្លង​ចំនួន​ ១២២ ​នាក់ ​ដែល​បាន​ជាសះស្បើយ​ទាំងអស់​។

លោកស្រី​ថ្លែង​ថា​៖ «​នៅតែ​គ្មាន​ព័ត៌មាន​ផ្លូវការ​ពី​វៀតណាម​។ មកទល់​ពេល​នេះ​មិន​ទាន់​មាន​រកឃើញ​អ្នក​មាន​វីរុស​កូវីដ​១៩ ថ្មី​នោះ​ទេ ហើយ​ប្រសិន​បើ​មាន​ក្រសួង​នឹង​ជម្រាប​ជូន​ហើយ​»​។ កាលពី​ថ្ងៃ​សៅរ៍​ទី​ ១៦ ​ឧសភា សារព័ត៌មាន​វៀតណាម VNexpress បាន​ចុះផ្សាយ​ថា ពលរដ្ឋ​វៀតណាម​ចំនួន​ ៤ ​នាក់​ដែល​ធ្វើ​ដំណើរ​​ត្រឡប់​ពី​បរទេស​វិញ ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ជាមួយ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ធ្វើឱ្យ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ៣១៨ ​នាក់​។

សារព័ត៌មាន​នេះ​បន្តថា ក្នុង​ចំណោម​អ្នកជំងឺ​ថ្មី​ទាំង​ ៤ ​នាក់​នោះ គឺ​មាន​ម្នាក់​ជា​បុរស​អាយុ​ ៣៩ ​ឆ្នាំ​ ដែល​រស់នៅក្នុង​សង្កាត់​តាន់កូវ​ (Tan Chau) ក្នុង​ខេត្ត​តាយនីញ​ (Tay Ninh) ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​គឺ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពី​ខេត្ត​តាយនីញ​មកកាន់​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ ១០ ខែ​មករា ហើយ​បន្ទាប់មក​បាន​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​វិញ​នៅ​ថ្ងៃទី​ ២ ខែ​ឧសភា ក្នុង​អំឡុងពេល​កម្ពុជា-វៀតណាម​ បាន​បិទ​ព្រំដែន​តាំងពី​ខែមេសា​។

ប្រភព​ដដែល​បញ្ជាក់​ថា បុរស​នេះ​បាន​ជិះ​ម៉ូតូឌុប​របស់​ជនជាតិ​ខ្មែរ​ម្នាក់​ចេញពី​ព្រំដែន​ចូលទៅ​លេង​ផ្ទះ​ម្ដាយ​នៅ​សង្កាត់​តាន់កូវ ហើយ​បន្ទាប់មក​បាន​រាយការណ៍​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស​ដែល​នៅ​ជិត​នោះ អំពី​ការធ្វើ​ដំណើរ​ត្រឡប់​ពី​កម្ពុជា​វិញ និង​ត្រូវ​បាន​ដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក​កាលពី​ថ្ងៃទី​ ៣ ​ឧសភា​។

រហូតដល់​ថ្ងៃទី​ ៥ ​ឧសភា បុរស​នេះ​ត្រូវ​បុគ្គលិក​ពេទ្យ​យក​សំណាក​ទៅធ្វើ​តេស្ដ​តែ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ជាមួយ​កូវីដ ​១៩ ប៉ុន្តែ​ការធ្វើ​តេស្ដ​សំណាក​លើក​ទី​ ២ ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​គឺ​បង្ហាញ​ពី​ផល​វិជ្ជមាន​ជាមួយ​ជំងឺ​នេះ​។ ​ការចេញផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​នេះ​ គឺ​ចំ​ថ្ងៃ​ដែល​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា អ្នកជំងឺ​កូវីដ​ ១៩​ ចុងក្រោយ​គេ​បង្អស់​គឺ​ត្រូវ​បាន​ព្យាបាល​ជា​ ១០០%​។

កាលពី​ដើម​ខែមេសា​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​ប្រតិកម្ម​ជាមួយ​សារព័ត៌មាន​វៀតណាម​ VNA ដោយ​លោក​អះអាង​ថា សារព័ត៌មាន​នេះ​បាន​ចុះផ្សាយ​អាក្រក់​អំពី​ប្រទេស​កម្ពុជា ដោយ​បាន​ចាត់​កម្ពុជា​ចូល​នៅក្នុង​ចំណោម​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត​ថា​ជា​ក្រុម​ប្រទេស​អាច​ធ្វើឱ្យ​មាន​ហានិភ័យ​អំពី​ជំងឺ​កូវីដ​ ១៩​ សម្រាប់​ប្រទេស​វៀតណាម​។

ប៉ុន្តែ​យ៉ាងណាក្ដី​លោកស្រី ឱ វណ្ណឌីន បាន​លើកឡើង​ទៀត​ថា បុរស​ជនជាតិ​វៀតណាម​នោះ​គឺ​មិនទាន់​ដឹង​អំពី​ទីកន្លែង​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នោះទេ ដោយសារ​មេរោគ​នេះ​អាច​កើតមានឡើង​គ្រប់​ទីកន្លែង​គ្រប់​កាលៈទេសៈ និង​គ្រប់​ពេលវេលា​ទាំងអស់ ជាពិសេស​គឺ​នៅពេល​ដែល​បុគ្គល​ធ្វើ​ដំណើរ​ចល័ត​តែម្តង​។

លោកស្រី​ថា​៖ «​ខ្ញុំ​គ្រាន់តែ​សូម​ជម្រាបជូន​ថា ករណី​នេះ​មិនមាន​ភាពជាក់លាក់ ហើយ​ក៏​មិនអាច​នឹង​វាយតម្លៃ​ថា ការចម្លង​នេះ​គឺ​កើតចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ ដោយសារ​បុគ្គល​នោះ​បាន​ទៅដល់​ប្រទេស​វៀតណាម បើ​គិត​ទៅ​ហួស​ពី​ ១៤ ​ថ្ងៃ​ទៅហើយ​មក​ទល់​ពេល​ដែល​ចុះផ្សាយ​ថា​រកឃើញ​វិជ្ជមាន​នោះ​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​លើកឡើង​ថា ការចុះផ្សាយ​របស់​សារព័ត៌មាន​គឺ​គ្រាន់តែ​ជា​តម្រុយ​មួយ​ប៉ុណ្ណោះ​។

លោក​ថា​៖ «​រវាង​ប្រជាជាតិ​ទៅ​ប្រជាជាតិ ហើយ​អ្វីដែល​យើង​ទទួល​ព័ត៌មាន​គឺ​តាមរយៈ​កិច្ចសហការ​រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល​របស់​ប្រទេស​វៀតណាម​។ យើង​ទទួលបាន​ព័ត៌មាន​ផ្លូវការ​តែ​ពី​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ទេ រីឯ​អ្នកសារព័ត៌មាន​គឺ​គ្រាន់តែ​ឱ្យតម្រុយ​តែ​ប៉ុណ្ណឹង​»​។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប​បាន​លើកឡើង​ថា លោក​មិន​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បុរស​ជនជាតិ​វៀតណាម​ចូលមក​កាន់​ខេត្តសៀមរាប​នោះ​ទេ ដោយ​លោក​ឱ្យ​ទៅ​សួរ​ខាង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ​។ ​

ប៉ុន្តែ​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា មាន​តែ​មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន​ផ្លូវការ​នេះ​បាន ប៉ុន្តែ​លោក​លើកឡើង​ថា បុរស​វៀតណាម​នោះ​គឺ​ភាគច្រើន​អាច​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​​ប្រទេស​វៀតណាម​។ លោក​ថា​៖ «​ព្រោះ​តាំងពី​ថ្ងៃ​ ២ ​ថ្ងៃ​ ៣ ​នោះមក​ហើយ​ធ្វើតេស្ដ​នៅ​ថ្ងៃ​ ៤ ​នៅ​នោះ​ (​វៀតណាម​) ​មាន​ឃើញ​ឯណា ដល់​ថ្ងៃ​ ១៥ ​ទើប​បាន​គេ​ឃើញ ហើយ​យើង​ដាក់​ការសង្ស័យ​ថា គាត់​ឆ្លង​នៅ​វៀតណាម​ខ្លួនឯង​»៕