ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ជាបន្ទាន់ ដោយ​អះអាង​ថា ឧបករណ៍​តេស្ត​រហ័ស​កូវីដ​ ១៩ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​សុខភាព​សាធារណៈ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​មេរោគ​នេះ​។ ការអះអាង​របស់​លោកស្រី​ធ្វើ​ឡើង​ក្រោយពី​មាន​អ្នកប្រកាស​លក់​ឧបករណ៍​នេះ​តាម​អនឡាញ​សង្គម​ហ្វេសប៊ុក​។

លោកស្រី វណ្ណឌីន ថ្លែងថា​៖ «​បើតាម​ការសិក្សា​ និង​តាម​ការវាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​អះអាង​ថា​ឧបករណ៍​ទាំងនោះ​វា​មាន​ប្រសិទ្ធភាព​ទាប​មែនទែន ធ្វើតេស្ត​ទៅ​ជំនឿ​លើ​លទ្ធផល​ទាប នេះ​ជា​ចំណុច​មួយ​»​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ចំណុច​មួយទៀត​ដែល​គេ​សង្កេតឃើញ ប្រសិនបើ​បុគ្គល​ម្នាក់​គាត់​មាន​វិជ្ជមាន​កូវីដ​១៩ ដល់​ធ្វើតេស្ត​ទៅជា​អវិជ្ជមាន ដល់​បុគ្គល​ដែល​មិនមាន​កូវីដ-១៩ ដល់​គាត់​ទៅធ្វើ​តេស្ត​ទៅ​ជា​ឃើញ​មាន​កូវីដ​ ១៩​ ទៅវិញ អ៊ីចឹង​កន្លែង​នេះ​វា​ជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​បញ្ហា​សុខភាព​សាធារណៈ​»​។

លោកស្រី​ថ្លែងថា មូលហេតុ​នេះហើយ​បានជា WHO មិនទាន់បាន​ណែនាំ​ឱ្យមាន​ការប្រើប្រាស់ ប៉ុន្តែ WHO នឹង​បង្កើនល្បឿន​ដើម្បីឱ្យ​មានការ​វាយតម្លៃ​ទៅលើ​ឧបករណ៍​ដែល​បានដាក់​ស្នើសុំ​ទៅ WHO​។

លោកស្រី​បញ្ជាក់ថា​៖ «​អ៊ីចឹង​គេ​រំពឹងថា​នៅក្នុងពេល​ឆាប់ៗ​នឹងមាន​ពន្លឺ​ខ្លះ និង​មានការ​ណែនាំ​បន្ថែមទៀត​។ គ្រាន់​ថា ឆាប់​ប៉ុនណា ខ្ញុំ​មិន​ហ៊ាន​ថា​ទេ ពីព្រោះ​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ធ្វើការ​ណែនាំ​អំពី​ការប្រើប្រាស់ Rapid test»​។

ទោះជា​យ៉ាងណា​ក៏ដោយ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​ ២៩ ខែមីនា បាន​ឃាត់ខ្លួន​នារី​វ័យក្មេង​អាយុ​ជាង​ ២០ ​ឆ្នាំ​ម្នាក់ ដោយសារ​ប្រកាស​លក់​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូរ៉ូណា​តាម​អនឡាញ (Online) ដែល​ក្រសួងសុខាភិបាល​បាន​ហាមឃាត់​។

នាយប៉ុស្តិ៍​នគរបាល​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មុនពេល​ចាប់ខ្លួន​នារី​រូបនេះ​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ថា មាន​អីវ៉ាន់​លក់​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩​។ ក្រោយមក​អាជ្ញាធរ​ថ្នាក់លើ​ក៏បាន​ឃើញ​ការ​បង្ហោះ​លក់​តាម​អនឡាញ​នេះ ហើយ​ក៏​បាន​ចាត់​ឱ្យ​ប៉ុស្តិ៍នគរបាល​របស់​លោក​ធ្វើការ​ស្រាវជ្រាវ ហើយ​ក៏បាន​រកឃើញ​នារី​រូបនេះ​រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​ក្រោយពី​យើង​ចុះ​ទៅដល់​ហ្នឹង​របស់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​គឺ​ទៅដល់​ហ្នឹង គឺ​ផ្ទះ​គាត់​អត់​មានអី​ទេ អត់​ទាន់​មានអី​វ៉ាន់​មក​លក់​ទេ គ្រាន់តែ​ថា​គាត់​បាន​បង្ហោះ​រូប​ដែលថា គាត់​មានអី​វ៉ាន់​ហ្នឹង​លក់ ហើយ​ជាក់ស្តែង ឥឡូវ​ហ្នឹង​ខាង​អធិការដ្ឋាន​គាត់​នាំទៅ​សាកសួរ​ដើម្បី​បន្ត​នីតិវិធី​»​។

លោក ហៀង ថារ៉េត អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ថ្ងៃ​ចន្ទ​ថា ជនល្មើស​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​កាលពី​ថ្ងៃ​ចន្ទ​។

គេហទំព័រ​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៩ ខែមីនា ក៏បាន​ចុះ​ត្រួតពិនិត្យ​ឱសថស្ថាន​ ១២ ​កន្លែង​នៅ​ម្តុំ​ផ្សារ​តាប៉ាង​ដើម្បី​ត្រួតពិនិត្យ​រក​ទីតាំង​ដែល​លក់​ឧបករណ៍​តេស្ត​កូវីដ​ ១៩​ នេះ តែ​មិន​មាន​ឱសថស្ថាន​ណាមួយ​លក់​តេស្ត​កូវីដ ១៩ នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​មិនឱ្យ​ប្រជាពលរដ្ឋ​ជឿ​លើ​ឧបករណ៍​ណា​ដែល​អាចធ្វើ​តេស្ត​រកឃើញ​មេរោគ​កូវីដ​ ១៩ និង​ថ្នាំ​ណា​ដែល​អាច​ព្យាបាល​មេរោគ​នេះ​ជា​បាន និង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ប្រើ​វិធានការ​។

បើទោះជា​ច្បាប់​មិនទាន់​ត្រូវបាន​ដាក់ចេញ​ក៏ដោយ រដ្ឋ​មាន​លទ្ធភាព​រឹបអូស​យក​ឧបករណ៍ និង​ថ្នាំ​ទាំងនោះ​ដោយ​ផ្អែកលើ​ច្បាប់​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ ដែល​ដឹកនាំ​ដោយ​​ក្រសួងមហាផ្ទៃ និង​មាន​ក្រសួងសុខាភិបាល​ចូលរួម​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​យក​វា​ទៅ​បំផ្លាញចោល​ទៅ មិន​ចាំបាច់​រក​ឃ្លាំង​ដាក់​ទេ មិនចាំបាច់​សង​សំណង​ស្អី​ទេ​។ ដល់​ដំណាក់កាល​ដែល​យើង​ត្រូវធ្វើ ហើយ​គ្មាន​ការចាំបាច់​ដើម្បី​មក​រវល់​ជាមួយ​នឹង​ឈ្មួញ​ប៉ុន្មាន​នាក់​នោះទេ​។ ខ្ញុំ​សូម​ដាក់ចេញ​បទបញ្ជា​ដោយ​ម៉ឺងម៉ាត់ ដោយ​មិន​ចាំបាច់​ធ្វើការ​អប់រំ​ច្រើន​តទៅទៀត​ទេ​។ អ្នកណា​ដែល​ផ្សព្វផ្សាយ​តាម​អនឡាញ​ត្រូវ​តាម​ទៅដល់​ខ្ទប់​អនឡាញ​ភ្លាម ចាប់​ទាំង​មនុស្ស ចាប់​ទាំង​សម្ភារ​យក​មក​តែម្តង​»៕