ភ្នំពេញ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ១៦ ខែ​មេសា​នេះ បាន​ចេញ​សារ​អំពាវនាវ​ជា​ថ្មី ដល់​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា​ប្រយុទ្ធ​នឹង​សត្រូវ​អត់​ស្រមោល​កូវីដ ១៩ ដើម្បី​ចៀស​ផុត​ពី​ជ្រោះមរណៈ។

លោកស្រី​ថ្លែង​ថា បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​កូវីដ ១៩ សម្រាប់​ការ​រស់នៅ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក សម្រាប់​ឆ្នាំ​ល្អ​ប្រសើរ និង​សម្រាប់​អនាគត​ល្អ​ប្រសើរ។

លោកស្រី ឱ វណ្ណឌីន ថ្លែង​ថា៖ «សិទ្ធិ​របស់​អ្នក គឺ​ជា​សិទ្ធិ​របស់​ដែល​ត្រូវ​បាន​ការពារ​ពី​ការ​ចម្លង​វីរុស​កូវីដ ១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​អនុវត្ត​សិទ្ធិ​របស់​យើង​ក្នុង​ការ​វាយ​បក​ធ្វើ​ឱ្យ​វីរុស​កូវីដ ១៩ ទទួល​រង​នូវ​ការ​បរាជ័យ ដោយ​ស្នាដៃ​ពួក​យើង​ទាំង​អស់​គ្នា។ សូម​មាន​សុវត្ថិភាព​ល្អ​ទាំង​អស់​គ្នា ដោយ​នៅ​ផ្ទះ»។

កាល​ពី​ថ្ងៃទី ១៤ ខែ​មេសា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អង្វរ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​រួម​គ្នា ដើម្បី​យក​ឈ្នះ​លើ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​កំពុង​ស្ថិត​លើ​មាត់​ជ្រោះ​នៃ​មរណៈ បើ​មិន​រួម​គ្នា​ជម្នះ​ទេ​នោះ នឹង​ឈាន​ទៅ​រក​មរណៈ​មិន​ខាន។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ទទូច​ទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យ​រួមគ្នា​បិទ​បញ្ចប់​ព្រឹត្តិការណ៍​មួយ​នេះ​យ៉ាង​ដូច្នេះ «សូម​អង្វរករ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ខិតខំ​ឡើង​រួម​គ្នា ដើម្បី​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់។ យើង​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​មរណៈ​ហើយ ប្រសិន​បើ​យើង​មិន​ប្រឹង​រួម​គ្នា យើង​នឹង​ឈាន​ទៅ​រក​មរណៈ​ពិត​ប្រាកដ។ ដូច្នេះ​វិធី​តែ​មួយ​គត់ គឺ​រួម​ដៃ​គ្នា​ទាំង​រដ្ឋ និង​ប្រជាជន»៕