ភ្នំពេញៈ លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ទទូច​ឲ្យ​ពលរដ្ឋ​ទាំងអស់​មើល​ថ្ងៃ​ចាក់​វ៉ាក់សាំង​ឲ្យ​ច្បាស់​កុំទៅ​មុន​ថ្ងៃ​កំណត់​ ព្រោះ​អាច​បង្ក​ឲ្យ​មាន​ការកកស្ទះ និង​អាចមាន​ការចម្លង​វីរុស​កូវីដ១៩ នៅពេល​នោះ​ផងដែរ។

លោកស្រី ឱ វណ្ណឌីន ដែលជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ (គ.វ.ក-១៩) ផង​នោះបាន​ទទូច​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដូស​ទី ២ ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​សេចក្តី​ជូនដំណឹង​របស់ (គ.វ.ក-១៩) ដោយ​ធ្វើយ៉ាងណា​ត្រូវ​អនុវត្តតាម​ពេលវេលា​ដែល គ.វ.ក-១៩ បាន​កំណត់​នៅតាម​បណ្ណ​ចាក់​វ៉ាក់សាំង​ដែល​ធ្លាប់​ចាក់​លើក​ទី ១ ហើយ​នោះ។

លោកស្រី​ថ្លែងថា៖ «មានន័យថា បើ​បងប្អូន​ចាក់​នៅ​ថ្ងៃទី ១ ខែ​មេសា គឺ​នៅ​ថ្ងៃទី ២០ ខែ​មេសា​ចាំ​បងប្អូន​អញ្ជើញ​មកចាក់ បើ​អ្នក​ចាក់​ថ្ងៃទី ២ ថ្ងៃទី ៣ ទី ៤ ទី ៥ ខែ​មេសា សូមកុំ​អញ្ជើញ​មក​អី ចា៎។ ប្រសិនបើ​យើង​មិន​យល់​ពី​បញ្ហា​នេះ យើង​មិន​ស្តាប់​ពី​បញ្ហា​នេះ យើង​បែរ​ទៅជា​បង្ក​ឲ្យ​មាន​ការ​កកុញ ហើយ​ការកកកុញ​នេះ វា​នឹង​បង្ក​នូវ​ហានិភ័យ​ខ្ពស់​សម្រាប់​ការចម្លង​ជំងឺ​កូវីដ១៩​ទៅវិញ​ទេ។ ប្រយ័ត្ន​តែ​យើង​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី ២ ផង​វា​បែរ​ទៅជា​ឆ្លង​វីរុស​កូវីដ ១៩»។

លោកស្រី​បាន​កត់សម្គាល់​ឃើញថា បងប្អូន​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​ចំពោះ​ការខ្វះខាត​នូវ​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩​ដូស​ទី ២ ទើប​នាំគ្នា​សម្រុក​ទៅ​ចាក់​ដោយ​មិន​ធ្វើ​ទៅ​តាម​ថ្ងៃ​ដែល​បានកំណត់។

ក៏ប៉ុន្តែ​លោកស្រី​បាន​អះអាងថា វ៉ាក់សាំង​កូវីដ១៩ ដូស​ទី ២ មិន​ខ្វះ​ទេ​សូម​ពលរដ្ឋ​កុំ​បារម្ភ។

លោកស្រី​បាន​បញ្ជាក់ថា៖ «ដោយសារ​មាន​ការព្រួយបារម្ភ​របស់​បងប្អូន​ប្រជាពលរដ្ឋ ឃើញ​ថា​មាន​ការអញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កកកុញ ធ្វើឲ្យ​មាន​ការច្របូកច្របល់។ មានន័យថា អ្នក​ដែល​មកចាក់​មិនត្រូវ​ថ្ងៃ​ត្រូវ​អ៊ីចឹង​គាត់​ចេះតែ​អញ្ជើញ​មក​អ៊ីចឹង​វា​ធ្វើឲ្យ​មាន​ការកកស្ទះ​ហើយ​ឈានដល់​ហួស​ពី​ចំនួន​ដែល​ក្រុមគ្រូពេទ្យ​លោក​អាច​ចាក់​បាន​នៅក្នុងថ្ងៃ»។

ទន្ទឹមនឹងនេះ​លោកស្រី ឱ វណ្ណឌីន ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​ពលរដ្ឋ​ដែល​ទៅ​ចាក់​វ៉ាក់សាំង រក្សា​សណ្តាប់ធ្នាប់​ដើម្បី​ជា​ការការពារ​ខ្លួនឯង​ផង និង​ក្រុមគ្រូពេទ្យ ដែល​កំពុងតែ​ប្រចាំការ សម្រាប់​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ទាំងនោះ​ផង កុំឲ្យ​មាន​ហានិភ័យ​នៃ​ការឆ្លង​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។

ជាមួយ​គ្នា​នេះ លោកស្រី ឱ វណ្ណឌីន ក៏បាន​សម្តែង​ក្ដីបារម្ភ​ពី​ការផ្ទុះ​ខ្លាំង​ម្តងទៀត​ផងដែរ​ដែល​អាច​កើត​មាន​នៅពេល​ការបិទ​ខ្ទប់​ត្រូវបាន​បើក​ឡើងវិញ ដោយសារ​មាន​មនុស្ស​ចេញ​ដើរ​ច្រើន​ធម្មតា បើ​មិន​មាន​ការការពារ​ត្រឹមត្រូវ​ទេនោះ។

លោកស្រី​បាន​បញ្ជាក់ថា៖ «នៅ​ថ្ងៃ​ណាមួយ​ដែលមាន​ការលើកលែង​ការបិទ​ខ្ទប់​បងប្អូន​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​ហើយ​អ៊ីចឹង​ពេល​ហ្នឹង​ជា​ចំណុច​មួយទៀត​ដែល​យើង​ត្រូវ​គិត​ទាំងអស់​គ្នា ធ្វើយ៉ាងណា​បន្ត​រក្សា​ការការពារ ព្រោះ​អ្វីដែល​ជា​ការព្រួយ​បារម្ភ​មួយទៀត គឺ​នៅពេល​បងប្អូន​ចេញ​ទៅ​វា​អាច​ជំរុញ​ឲ្យ​មាន​ការផ្ទុះឡើង​នូវ​ការរាតត្បាត​ហ្នឹង​សាជាថ្មី»។

គិត​ត្រឹម​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ ២០២១ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៩៣៥៩ ករណី ក្នុងនោះ ឆ្លង​សហគមន៍ ៨៨១០ ករណី​ជាសះស្បើយ ៣២១០ ករណី​កំពុង​ព្យាបាល ៦០៧២ ករណី និង​ស្លាប់ ៧១ ករណី។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន៕