ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាឲ្យ​​ស្ថាប័ន​និង​អង្គភាព​នីមួយៗ លុបបំបាត់​ការ​ប​ញ្ជូន​មន្ត្រី​ដែល​មិន​គោរព​វិន័យ​ឬ​មន្ត្រី​អសកម្ម ឲ្យ​ទៅ​ចូល​រៀន​ នៅ​បណ្ឌិត​សភា​នគរ​បាល​ជាតិ ​ដែល​​បាន​បង្ក​​​ឲ្យ​មាន​ការលំបាក​​ដល់​សាលា ​និង​​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​​ខាត​បង់​ថវិកា និង​ពេលវេលា​ឥតប្រយោជន៍ ដោយ​លោក​ជំរុញ​ឲ្យ​បញ្ជូន​​មន្ត្រី​វ័យ​ក្មេ​ង ​ដែលមាន​សមត្ថភាព​បំពេញ​ការងារ​ឲ្យ​ទៅ​ចូល​រៀន​វិញ​។

លោក​ ស ខេង បាន​ថ្លែង​នៅ​ចំពោះ​មុខ​មន្ដ្រី​នគរបាល​​រាប់​រយ​នាក់​ក្នុង​ពិធី​សម្ពោធ​ឲ្យប្រើប្រាស់​អគារស្នាក់នៅកម្ពស់ ៥ ជាន់​និងសមិទ្ធផលនានា នៅ​​បណ្ឌិត្យសភា​នគរបាល​ជាតិ​កម្ពុជា​កា​ល​ពី​ព្រឹក​ម្សិលមិញ​ថា រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន ដើម្បី​ធ្វើការ​បណ្តុះ​បណ្តាល មន្ដ្រីនគរបាល ប៉ុន្តែ​ផ្ទុយទៅវិញ ធនធានមនុស្សដែ​ល​​បាន​បណ្ដុះ​បណ្ដាល​រួច បែរ​​ជា​មាន​អង្គភាព​ខ្លះ មិន​ប្រើ​និងមិន​ឲ្យ​តម្លៃ ដែ​ល​ប្រការនេះ​បានធ្វើឲ្យ​រាជ​រដ្ឋា​ភិបា​ល​​ចំណាយ​ថវិកា និង​ពេលវេលា​ឥត​​ប្រយោជន៍។

លោក​បញ្ជាក់​ថា៖ «ទាក់ទ​​ង​​នឹង​បញ្ហា​នេះ​ខ្ញុំ​ធ្លាប់​លើក​រួច​​ហើយ មើល​តែ​ការអនុវត្ត​ជាក់ស្តែង នៅមាន​ភាព​ចន្លោះប្រហោង នៅក្នុង​អង្គភាព​មួយចំនួន​តូច ដែល​នៅតែ​ប្រកាន់​គំនិ​ត​​អភិរក្សនិយម មិន​ព្រម​ផ្លាស់ប្តូរ ផ្នត់​​គំនិត​របស់ខ្លួន ឲ្យ​ស្រប​ទៅនឹង ការរីកចម្រើ​ន របស់​សង្គម​ជាតិ និង​អន្តរ​ជាតិ»។

ទោះយ៉ាង​ណា​លោក​ថា រហូត​មក​ដល់​ពេលនេះ បើ​ធ្វើការ​ប្រៀបធៀប​កាល​ពី​ពេលមុន មន្ដ្រីនគរបាល​កម្ពុជា មានការ​វិវត្ត រីកចម្រើន នឹង​យល់ដឹង​ច្រើន ចំពោះ​​ការ​បញ្ជូន​មន្ដ្រី​មក​សិក្សា​រៀន​សូ​ត្រតែ​ក៏​នៅមាន​អង្គភាព​មួយ​ចំនួន ដែល​នៅតែ​មិនទាន់​យល់។

លោក​បាន​​អំពាវនាវ​ដល់​មន្ត្រី​ដែល​ជា​អ្នកទទួលខុសត្រូវ​នៅក្នុង​អង្គភាព​នីមួយ​ៗ ​​ត្រូវ​ជ្រើសរើស​​មន្ត្រី ដែលមាន​ភាព​មោះ​មុត និង​ឧស្សាហ៍​ព្យាយាម​ ក្នុងការ​បំពេញការងារ​ និង​ការ​សិក្សា​រៀនសូត្រ ឲ្យ​មក​ចូល​រៀន​នៅ​បណ្ឌិត្យ​សភា​នគរ​បាល​ជាតិ​។

លោក​ថា៖ «​អង្គ​​ភាព​សា​មីមួយចំនួន​នៅតែ​គិតថា ការចាត់​មន្ដ្រី​ទៅ​បណ្ដុះបណ្ដាល គឺជា​រូបភាព​នៃ​ការដាក់​ទណ្ឌកម្ម​គឺ​មិនមែ​ន​​មក​ទទួលយក​ចំណេះដឹង និង​ជំនាញ​ថ្មីៗពី​សាលា​ ដើម្បី​លើកកម្ពស់​សមត្ថ​​ភា​ព ប្រសិទ្ធភាព​ការងារ និង​អភិវឌ្ឍ អង្គភាព​នោះ​ទេ​ដូច្នេះ​ហើយ​ទើប​ប្រធាន​​អង្គភាព​សា​មីមួយចំនួន​នៅតែ​បញ្ជូន​មន្ដ្រី​ដែល​មិន​គោរព​វិន័យ ឬ​មន្ដ្រី​អសកម្ម ឲ្យ​ទៅ​សិក្សា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខុស​នឹង​លក្ខខណ្ឌ​កំណត់​របស់​សា​លា និង​បង្ក​ការលំបាក​ដល់​សាលា»។

ទោះ​យ៉ាង​ណា លោក​​ ស ខេង ក៏បា​ន​អំពាវ​នា​វដល់​មន្ត្រីនគរបាល​គ្រប់​អង្គ​ភាព​មិនត្រូវបោះបង់​មន្ដ្រី​ដែល​​មិន​គោ​រ​ព​វិន័យ ឬ​អសកម្មនោះទេ។ «យើង​ខិត​ខំ​​អប់រំ​ដុស​ខាត់ ដើម្បី​ឲ្យ​គេ​ក្លាយជា​មន្ដ្រី​ដែល​សកម្ម មន្ដ្រី​ដែលមាន​គុណសម្បត្តិ​គ្រប់គ្រាន់ហើ​យ​នឹង​មានឱកាស ដើម្បី​នឹង​ចាត់​បញ្ជូន ឲ្យ​មក​សិក្សា​រៀនសូត្រ ដូច​មន្ដ្រី​ដទៃ​ទៀត។ អង្គភាព​មួយ​ចំនួន​បាន​បញ្ជូ​ន​មន្ត្រី ទៅ​សិក្សា ឈ្មោះ ដដែលៗ បាន​ន័យថា​ មនុស្ស​ដដែលៗ ហើយ​ចំពោះ​​អ្នក​មិនមាន​ឈ្មោះ​ទៅ​សិក្សា នៅតែ​មិនមាន​ឈ្មោះ​ទៅ​សិក្សា រហូត។ សូម​យកចិត្តទុកដាក់​លុបបំបា​ត់​នូវ​កង្វះ​ខាត​នេះ»។

លោក ស ខេ​ង ​ក៏បាន​ណែនាំ​ប្រធាន​អង្គភាព​ទាំង​​អ​ស់​ត្រូវ​ចេះ​ឲ្យ​តម្លៃ​​និងផ្ត​ល់​តួ​នាទី​ដល់​មន្ត្រី​វ័យក្មេង​ដែល​មាន​សមត្ថភាពនិង​សក្តា​នុពលក្នុង​កា​រ​​​​​​បំពេញភារកិច្ច ​ក្រោ​យ​ពី​ពួកគេ​​បា​ន​បញ្ចប់​ការសិក្សា​ត្រឹមត្រូវ​ ជាជាង​ផ្តល់​តួនាទី​ដល់​មន្ដ្រី​នគរបាល​ដែល​រត់​កា​រ​មិន​បាន​រៀន​សូត្រ​ ឡើង​កាន់​តំណែ​ង​ ព្រោះ​មន្ដ្រី​ទាំងនោះមិន​បាន​ឆ្លងកាត់ វគ្គប​ណ្ដុះបណ្ដាលឡើយ ដូច្នេះការងា​រ​​ក៏​មិន​រីក​ចម្រើនដូចគ្នា​ដែរ​។

លោក​ គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិនៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា អះអាង​ថា ការ​កើត​មាន​បាតុភាព​បញ្ជូន​​មន្ត្រី​​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ឲ្យ​ទៅ​រៀន​សូត្រគឺ​អាច​មក​ពី​មាន​ការនិយម​សា​ច់​​ញាតិ​និង​បក្ខ​ពួកនៅ​ក្នុងអង្គភាព​និង​ស្ថាប័​ន​ផ្សេងៗ​មួយ​ចំនួន។ «តិច​ឬ​ច្រើន​ វាកើត​មាន​ក្នុង​សង្គម​យើង​ ហើយ​យើង​ឃើញ​មា​ន​​បាតុ​ភាព​ច្រើន​ដូច​ជា​យើង​បាន​ឃើ​ញ​នៅ​ក្នុង​បណ្តា​ញ​​សង្គម​ក្តី។ ការ​លើ​ក​​ឡើង​របស់​សម្តេច​ស ខេង​ពិត​ជា​ត្រឹមត្រូវ។ យើង​អង្កេត​ឃើញ​ថា របៀប​នៃ​ការ​ចាត់​តាំង ​បញ្ជូន​មន្ត្រី ទៅ​រៀន​សូត្រ វាក៏លេច​ឡើង នូវ​បាតុភាព​មិន​ប្រក្រតី​ដែរ​ ដូច​ជា​នៅ​មានការ​ប្រើ​ប្រា​ស់​សាច់ញាតិនិយម បង​ប្អូន​ឬ​បក្ខពួកវាតែង​តែកើតមាន​ឡើងនៅ​ស្ថាប័​ន​​រដ្ឋ​របស់​យើង មិន​ត្រឹម​តែ​ស្ថាប័នន​គរ​បាល​ទេ ហើយ​ក្រសួង​ខ្លះ គេ​ចាត់​ទុក​ជា​ក្រសួង​គ្រួសារ​ក៏​មាន​ដែរ ដែល​ឪ រដ្ឋ​មន្ត្រី កូន​រដ្ឋលេខា​ធិការ ក្មួយ​ប្រធា​ន​ខុទ្ទ​កា​ល័យ ហើយ​កូន​ស្រី​ហិរញ្ញ​វត្ថុ»។

បើ​តាម​លោក​ ភា ​រដ្ឋាភិបា​ល មិន​អនុញ្ញាតឲ្យ​មាន​បក្ខ​ពួក​និយម​បែប​នេះ​ទៀត​ទេដោយ​សារ​តែវាអាច​ធ្វើ​ឲ្យ​បាត់​បង់​ជំនឿពី​ពលរដ្ឋ​ម្ចាស់​ឆ្នោ​តហើ​យ​ក៏អាច​បង្ក​បញ្ហា​ធំ ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ​ដែរ ​ហេតុ​ដូច្នេះ​ហើ​យ​រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ីជ​ម្រៅ នឹង​ជួយ​កាត់​បន្ថយ​បាតុ​ភាព​បែប​នេះ​។

អ្នក​វិភាគ​នយោ​បាយ​លោក មាស​ នី និង​លោក​ ឱក​ សេរី​សោភក្តិ៍ ​មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ​៕