ភ្នំពេញៈ ខណៈដែលបញ្ហាគ្រឿងញៀនត្រូវបានគេមើលឃើញថា កាន់តែមានការរីករាលដាលកាន់តែខ្លាំងឡើងៗ ដោយមានការជួញដូរនិងចែកចាយជាប្រព័ន្ធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញបានទទួលស្គាល់ថា ពិតជាមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារមួយចំនួន នៅកម្ពុជា ដូចទៅនឹងប្រទេសមួយចំនួននោះមែន ដោយលោកបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់បញ្ហានេះកុំឱ្យរីករាលដាលតទៅទៀត។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលធ្វើឡើងនៅកោះពេជ្រ កាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងថា អ្នកទោសមួយចំនួន នៅតែអាចចរាចរគ្រឿងញៀននៅក្នុងពន្ធនាគារ និងបញ្ជាឱ្យលក់នៅខាងក្រៅទៀតផង។
លោកថ្លែងថា៖«ខ្ញុំអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានទៅបង្ក្រាបគ្រឿងញៀនដែលកំពុងរីករាលដាល ពីប្រទេសមួយទៅប្រទេសមួយ ហើយប្រទេសនីមួយៗ យកវិធានការមិនខុសគ្នាប៉ុន្មានទេ ក៏ប៉ុន្តែសម្រាប់យើងការអនុវត្តគឺផ្លូវច្បាប់»។ តែលោកថា មិនមែនមានតែកម្ពុជាទេ ដែលមានការជួញដូរគ្រឿងញៀននៅពន្ធនាគារនោះ គឺប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីក៏មានដែរ។
លោកបន្តថា៖«ខ្ញុំអង្គុយជាមួយប្រធានាធិបតីហ្វីលីពីន ចុងក្រោយមុនបែកគ្នា គាត់បាននិយាយអំពីគ្រឿងញៀន នៅក្នុងប្រទេសរបស់គាត់ ហើយខ្ញុំករុណាធ្លាប់និយាយលេងជាមួយប្រធានាធិបតី ឥណ្ឌូនេស៊ីរឿងរ៉ាវប្រហាក់ប្រហែលហ្នឹងយើង នៅត្រង់ថា វានៅក្នុងគុកហើយវាអាចបញ្ជា និងលក់គ្រឿងញៀនក្នុងគុកបានទៀត វាដូចករណីស្រុកខ្មែរដែរ វានៅក្នុងគុកហើយ វានៅបញ្ជាលក់គ្រឿងញៀននៅក្រៅបាន។
ទាំងប្រធានាធិបតីហ្វីលីពីននិងឥណ្ឌូនេស៊ី សុទ្ធតែបាននិយាយរឿងនេះនៅកម្ពុជាក៏មានដែរ តែមិនមែននៅពន្ធនាគារទាំងអស់ទេ អ៊ីចឹងទេចំណុចទាំងអស់នេះជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយ»។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជានឹងមិនអនុវត្តទោសប្រហារជីវិតលើអ្នកទោសគ្រឿងញៀន ដូចប្រទេសហ្វីលីពីននោះទេ។
លោកបន្ថែមថា៖«ជាការពិតបងប្អូនខ្លះ ស្នើឱ្យមានទោសប្រហារជីវិតឡើងវិញដើម្បីដាក់ទោសទៅលើពួកឃាតករ ឧក្រិដ្ឋកម្មគ្រឿងញៀនតែរាជរដ្ឋាភិបាលនឹងមិនធ្វើទៅលើបញ្ហានោះទេ ជាប់គុកអស់មួយជីវិត គឺវាជាការគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់អ្នកដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរយើងមិនវិលត្រឡប់ទៅរកការកែរដ្ឋធម្មនុញ្ញ បើកឱកាសឱ្យមានទោសប្រហារជីវិតឡើងវិញនោះទេ»។
លោកបញ្ជាក់ទៀតថា៖«យើងមិនយកវិធានការតាមបែបប្រទេសថៃ កាលពីជំនាន់ថាក់ស៊ីន ហើយយើងក៏មិនយកវិធានការតាមបែបប្រទេសមួយចំនួន ដែលផ្តល់ឱ្យមានការសម្លាប់ឆៅៗនោះទេតែយើងក៏មិនអត់ឱនឱ្យបានសម្រាប់ពួកឧក្រិដ្ឋកម្មគ្រឿងញៀនផងដែរ»។
បើតាមសេចក្តីរាយការណ៍ យ៉ាងហោចណាស់ ជនជួញដូរគ្រឿងញៀននៅប្រទេសហ្វីលីពីនជាង ២ពាន់នាក់ ត្រូវបានប្រហារជីវិតបន្ទាប់ពី លោក Rodrigo Duterte ឡើងកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសនេះ កាលពីពេលថ្មីៗនេះ។
ស្របពេលជាមួយគ្នានេះដែរ កាលពីព្រឹកម្សិលមិញ លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំមួយ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបានដាក់ចេញនូវវិធានការពិសេស ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹម រហូតដល់សភាពការណ៍ គ្រឿងញៀនត្រូវបានថយចុះ ក្រោមកិច្ចបញ្ជាដឹកនាំរបស់បញ្ជាការ យុទ្ធនាការពិសេសមួយ នាពេលខាងមុខដ៏ឆាប់នេះ។ «មន្ត្រីជំនាញ ត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាព ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនដើម្បីយកមកផ្តន្ទាទោស»។នេះបើតាមទំព័រហ្វេសប៊ុករបស់ លោក នេត សាវឿន។
ប្រធានការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនលោក អ៊ីវ ភារិទ្ធ ថ្លែងថា សមត្ថកិច្ចមានវិធានការរបស់ខ្លួនក្នុងការបង្ក្រាបគ្រឿងញៀនយូរណាស់ហើយ តែនឹងពង្រឹងបន្ថែមទៀត តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងលោកនាយករដ្ឋមន្រ្តី។ លោកថា៖«វិធានការរបស់យើងគឺគ្រប់គ្រងមុខសញ្ញាធ្វើសកម្មភាព មុខសញ្ញាប្រើប្រាស់ និងវិធានការផ្សេងទៀត ប្រាប់មិនអស់ទេ អ៊ីចឹងយើងដាក់បញ្ចូលគ្នាដើម្បីយកមកអនុវត្ត ដើម្បីឱ្យការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានការថយចុះ»។
ចំណែក អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ថ្លែងថា អាជ្ញាធរនឹងខិតខំបន្ថែមការអនុវត្តនូវវិធានការដែលមានស្រាប់ ជាពិសេសវិធានការថ្មី ដែលនឹងចាប់ផ្តើមអនុវត្តក្នុងអំឡុងខែតុលានេះ។
លោកបញ្ជាក់ថា៖«យើងកំពុងរៀបចំផែនការ សម្រាប់អនុវត្តយុទ្ធនាការពិសេស ពង្រឹងមិនឱ្យគ្រឿងញៀនចូលក្នុងសាលា ពីព្រោះបញ្ហាគ្រឿងញៀនកើតលើយុវជន ផលិតវីដេអូអប់រំឱ្យមានការជ្រាបចូលដល់តំបន់គ្រឿងញៀន...»។ ចំណែកវិធានការទប់ស្កាត់គ្រឿងញៀនតាមព្រំដែនវិញ លោកថា៖«យើងមានគណៈកម្មាធិការចម្រុះដោះស្រាយបញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន ហើយឥឡូវយើងកំពុងសុំគោលការណ៍ពីរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពគណៈកម្មការនេះ គឺផ្លាស់ប្តូរមនុស្សមួយចំនួន»។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូលោកអំ សំអាតទទួលស្គាល់ថា អាជ្ញាធរបានដុតដៃដុតជើងចាត់វិធានការលើបញ្ហាគ្រឿងញៀននេះ តែលោកថា ភាគច្រើនបង្ក្រាបបានតែអ្នកប្រើប្រាស់។
លោកថា៖«បើនិយាយពីការចាប់វិញភាគច្រើន ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនជាជនរងគ្រោះ តែចំពោះអ្នកនាំចូលចែកចាយ អ្នកផលិតធំៗ គឺចាប់បានតិចតួច អ៊ីចឹងខ្ញុំគិតថា ការចរាចរគ្រឿងញៀនមានលក្ខណៈជាប្រព័ន្ធហើយវាអាចអ្នកជួញដូរ ខ្លះមានខ្នងបង្អែកមួយចំនួន អ៊ីចឹងរដ្ឋាភិបាលត្រូវតែចាត់វិធានការមិនលើកលែងទោះបីបុណ្យស័ក្ដិធំយ៉ាងណាក៏ដោយ»។
ចំណែកការប្រើប្រាស់ ឬចរាចរណ៍គ្រឿងញៀននៅក្នុងពន្ធនាគារវិញ លោកថា ដោយសារការអនុវត្តច្បាប់នៅមានភាពខ្វះចន្លោះ និងមិនមានឧបករណ៍គ្រប់គ្រាន់។ «ក្នុងពន្ធនាគារមួយចំនួន នៅពុំទាន់មានឧបករណ៍ត្រួតពិនិត្យ និងឆែកឆេរគ្រឿងញៀននៅឡើយហើយមានមន្ត្រីមួយចំនួនតូចខ្លះទៀតបានឃុបឃិត និងរកស៊ីជាមួយអ្នកប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យមានការចរាចរគ្រឿងញៀន ក្នុងពន្ធនាគារហើយវានឹងធ្វើឲ្យពន្ធនាគារក្លាយទៅជាកន្លែងជួញដូរ និងចែកចាយគ្រឿងញៀន»៕