ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ថ្មីៗនេះ ​បាន​ប្តេ​ជ្ញា​ចិត្ត​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ​បរមនាថ​ នរោត្តម​ សីហមុនី ​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​និង​មហាជន ​ថា​ទប់ស្កាត់​ការ​ជ្រៀតជ្រែក ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​សំណាក់​បរទេស ​និង​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​បដិវត្តន៍​ពណ៌​និង​ការ​ញុះញង់​ដែល​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ​ខណៈដែល​ព្រះមហា​ក្សត្រ​ខ្មែរ​អំពាវនាវ​ឲ្យ​មានការ​សាម​គ្គី​និង​ការបង្រួប​បង្រួម​ជាតិ។

ការប្តេជ្ញា​ចិត្ត​របស់​លោក ​ហ៊ុន​ សែន ​បែបនេះ ​ធ្វើឡើង ​នៅក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ​លើក​ទី ៦៥ ​នៅមុខ​ព្រះ​បរមរាជ​វាំង​ កាលពី​ព្រឹក​ថ្ងៃទី៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៨។ ​លោក ហ៊ុន សែន ​បានប្តេជ្ញាថា​៖«ការពារ​ឯករាជ្យ​ជាតិ ​សន្តិភាព ​អធិបតេយ្យ ​និង បូរណភាព​ទឹកដី ​ការពារ​សមិទ្ធ​ផល​សង្គម​ជាតិ ​លើក​កម្ពស់​កិត្យា​នុ​ភាព​ជាតិ​ ទប់ស្កាត់​ការជ្រៀតជ្រែក ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​សំណាក់​បរទេស ​និង​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ ​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ ​ឬ​ចលាចល​ក្នុង​សង្គម​ជាតិ​កម្ពុជា»។

លោក​​បន្ថែមថា ​រាជរដ្ឋាភិបាល​បន្ត​ដោះស្រាយ​ព្រំដែន​គោក ​និង​ទឹក​ជាមួយ​ប្រទេស​ជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន ​ច្បាប់​អន្តរជាតិ ​និង​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព ​និង​សហ​ប្រតិបត្តិការ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា ​ដើម្បី​ប្រឆាំងនឹង​ប្រទេស​ជិតខាង​ ទប់ស្កាត់​ និង​បង្ក្រាប​ បទល្មើស ​ហិរញ្ញប្បទាន​ភេរវកម្ម ​ការសំអាត​ប្រាក់ ​ការជួញដូរ​មនុស្ស​ អាជីវកម្ម​ផ្លូវភេទ​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ​និង​បន្ត​ជំរុញ​អនុវត្តន៍​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

ទន្ទឹមនឹង​នេះដែរ​ ព្រះមហាក្សត្រ​ នរោត្តម ​សីហមុនី ​មាន​ព្រះរាជ​បន្ទូល​កោតសរសើរ ​និង​ស្ញប់ស្ញែង ​ចំពោះ​ការដឹកនាំ របស់​លោក​ ហ៊ុន សែន​ យ៉ាង​ដូច្នេះ​ថា​៖«រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា ​និង​ប្រជាពលរដ្ឋ ​យើង ​មានការ​ប្រែប្រួល​ មុខមាត់​ថ្មី​គួរ​ឲ្យ​កោត​សរសើរ។ ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិ​បាល ដ៏​ឆ្លាត​វៃ ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវបាន​នាំមក​នូវ​សុខសន្តិភាព ​សាមគ្គីភាព ​ឯកភាព​ជាតិ ​មាន​កិត្យានុភាព​ល្បីរន្ទឺ​លើ​ឆាក​អន្តរជាតិ។ ​យើង​កំពុងតែ​សប្បាយ​រីករាយ និង​ទទួលផល​ជា​វិជ្ជមាន ​ដែល​ផ្តើមចេញ ​ពី​កម្លាំង​កសាង ​និង​ការពារជាតិ​មាតុភូមិ​ប្រកប​ដោយ​សុខដុម​រមនា​របស់​ជន​រួម​ជាតិ​យើង»។

ក៏ប៉ុន្តែ​ ព្រះអង្គ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួមគ្នា​ជា​ធ្លុង​មួយ​ការពារ នូវ​សុខសន្តិភាព​ និង​ការកសាង​មាតុភូមិ​កម្ពុជា ​ទៅមុខ​បន្តទៀត​ដោយ​ព្រះអង្គ​មានព្រះ​រាជបន្ទូល​ថា​៖«ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ សូម​រួបរួម​សាម​គ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​រដ្ឋ ​ដើម្បី​ចូលរួម​ចំណែក​ការពារ ​និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​»។

កញ្ញា​ លី ស្រី​ស្រស់ ​អ្នកវិភាគ​នយោបាយ​និង​សង្គម​បាន​លើកឡើងថា ​ការប្តេជ្ញា​របស់លោក ​ហ៊ុន សែន ​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ ព្រះ​មហាក្សត្រ ​នរោត្តម ​សីហមុនី​ មន្ត្រីរាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​និង​មហាជន​ គឺ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មើលឃើញ​នូវ​អ្វី​ដែលជា​ស្នាដៃ​ខ្លួនបាន​ធ្វើ​សម្រាប់​ជាតិ​។ កញ្ញា​ ថ្លែង​ថា ​ការអន្តរាគ​មន៍​របស់​អន្តរជាតិ គ្រាន់តែ​ធ្វើការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​នូវ​កាតព្វកិច្ច​ដែល​ខ្លួនបាន​សន្យា​។

កញ្ញាលី ស្រី​ស្រស់​ បញ្ជាក់​ថា​៖«ការលើកឡើង​បែបនេះ​វា​អាចធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​យើង​ហ្នឹង ​មើលឃើញថា ​អ្វីដែល​រដ្ឋាភិបាល​ធ្វើ​សព្វថ្ងៃ​ហ្នឹង​គឺ​ដើម្បី​ជាតិ​ហើយ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​គាំទ្រ​គាត់»៕