តាកែវៈ លោក អ៊ូច ភា អភិបាល​ខេត្ដ​តាកែវ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៥៩ ​ករណី និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១២៥ ​នាក់​ក្នុង​រយៈពេល​ ៦ ​ខែ នា​ឆ្នាំ​ ២០២០​។ ករណីនេះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុង​រយៈពេល​ដូចគ្នា​បង្ក្រាប​បាន​ ៣៦ ​ករណី និង​ឃាត់ខ្លួន​មនុស្ស​ ៧២ ​នាក់​។

លោក​អភិបាលខេត្ដ​បាន​ឲ្យ​ដឹង​ទៀតថា ការបង្ការ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​បាន​ទទួល​លទ្ធផល​ជោគជ័យ​ដោយ​មាន​យន្តការ​គណៈ​បញ្ជាការ​ឯកភាព​រួមទាំង​ការយក​ចិត្ត​ទុក្ខ​ដាក់​ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព ការធ្វើ​វេទិកាសាធារណៈ ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​។

លោក​អភិបាលខេត្ដ​ថ្លែង​ថា រដ្ឋបាល​ខេត្ដ​បានដាក់​ចេញ​នូវ​បទបញ្ជា​ស្តីពី​ការលុប​បំបាត់​ល្បែង​ស៊ីសង ការជួញដូរ ចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត គួបផ្សំ​នឹង​ការ​ប្រើបាស់​វិធានការណ៍​សរុប មធ្យោបាយ​សរុប និង​កម្លាំង​សរុប​បាន​ធ្វើឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ខេត្ត​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។

ជាក់ស្តែង​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ បង្ក្រាប​បាន​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ១៦៣ ករណី​ ក្នុង​ឆ្នាំ​ ២០១៩ ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨ បង្ក្រាប​បាន ១៥១ ​ករណី​។

លោក សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​តាកែវ​ថ្លែង​ក្នុង​សន្និសីទ​នេះដែរ​ថា បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​សកល ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ពី​បញ្ហា​គ្រឿងញៀន​។ ប្រទេស​កម្ពុជា​ពិតជា​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​មែន ប៉ុន្ដែ​មិនមែន​ជា​អ្នក​ផលិត​គ្រឿងញៀន​ទេ​៕