មណ្ឌលគិរី៖ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ពន្លឿន​ការ​ស្ថាបនា​ស្ពាន និង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី​ណាមលៀរ ក្នុង​ស្រុក​ពេជ្រាដា ជាប់​ព្រំដែន​វៀតណាម ដើម្បី​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ ក៏​ដូចជា​ការ​ផ្លាស់ប្តូរ​កសិផល​នានា​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ខណៈ​គម្រោង​នេះ សម្រេច​បាន​ជាង ៥០ ភាគរយ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការ​ស្ថាបនា​ស្ពាន និង​ផ្លូវ ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី​ណាមលៀរ ក្នុង​ស្រុកពេជ្រាដា លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​យក​ចិត្ត​ទុក​ដាក់ និង​ពន្លឿន​ការ​សាងសង់​ស្ពាន និង​ផ្លូវ​មួយ​ខ្សែ​នេះ ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ក៏​ដូចជា​ការ​ដឹក​កសិផល​នានា​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ស្ថាបនា​ស្ពាន​អូរផ្លាយ ១ កន្លែង និង​ផ្លូវ ១ ខ្សែ ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន ក្នុង​ស្រុក​ពេជ្រាដា ជា​គម្រោង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត ដែល​ប្រើប្រាស់​ថវិកា​ជាតិ។ មន្ទីរ​ជំនាញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ថាបនា​ស្ពាន និង​ផ្លូវ​នេះ ឲ្យ​សម​ស្រប​តាម​ស្តង់ដា និង​លក្ខណៈ​បច្ចេកទេស ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គុណភាព ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​យូរ​អង្វែង»។

ក្រៅ​ពី​ជំរុញ​មន្ត្រី​ជំនាញ លោក ស្វាយ សំអ៊ាង ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​សាងសង់​ស្ពាន និង​ផ្លូវ​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ ខណៈ​លោក​ចាត់​ទុក​សមិទ្ធផល​ទាំង​នេះ គឺ​ជា​សរសៃ​ឈាម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​ខ្សែ​ក្រវាត់​ព្រំដែន​ផង​ដែរ។

ការ​ស្ថាបនា​ស្ពាន​បេតុង​អូរ​ផ្លាយ​ដែល មាន​ប្រវែង ៤៥ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​តាំង​ពី​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខណៈ​តាម​គម្រោង​ស្ពាន​នេះ ត្រូវ​សាងសង់​រួចរាល់​នៅ​ចុង​ឆ្នាំ ២០២១ នេះ។ នេះ​បើ​តាម​លោក រស់ គីមធន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក រស់ គីមធន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ស្ពាន គឺ​មាន​ផ្លូវ​ចាក់​កៅស៊ូ ១ ខ្សែ ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៧៦ ត្រង់​ចំណុច គ.ម ១៣៥+១០០ ផ្លូវ​ខេត្ត​លេខ ៣៧៦៤ មាន​ប្រវែង​សរុប ៥១ គីឡូម៉ែត្រ រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី​ណាមលៀរ ក្នុង​ស្រុក​ពេជ្រាដា។

លោក​បញ្ជាក់​ថា៖ «ផ្លូវ​នេះ ស្ថាបនា​រួច​រាល់​បាន​ប្រវែង​ជាង ៣៣ គីឡូម៉ែត្រ​ហើយ ក្នុង​ឆ្នាំ ២០២០ បើ​គិត​ទៅ​រួច​រាល់​ជាង ៥០ ភាគរយ​ហើយ។ ដោយ​យើង​កំពុង​បន្ត​ចាក់​ផ្លូវ​កៅស៊ូ​បន្ថែម​ប្រវែង ៧០០ ម៉ែត្រ​ទៀត ចំណែក​ផ្លូវ​នៅ​សល់ ១៥ គីឡូ​ម៉ែត្រ គឺ​មិន​ទាន់​ស្ថាបនា​ទេ ព្រោះ​ដោយសារ​តែ​មាន​ជំងឺ​រាតត្បាត ធ្វើ​ឲ្យ​ការ​សាងសង់​មាន​បញ្ហា​ខ្លះៗ»។

យ៉ាងណា​ចំពោះ​ផ្លូវ​ដែល​នៅ​សេសសល់​នេះ លោក​បាន​អះអាង​ថា មន្ទីរ​នឹង​ខិតខំ​លើក​គម្រោង​ផែនការ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ការ​ដំណើរការ​ស្ថាបនា​ផ្លូវ ១ ខ្សែ​នេះ ឲ្យ​បាន​រួចរាល់​នាពេល​ខាង​មុន រហូត​ដល់​ព្រំដែន ដើម្បី​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ ក៏​ដូចជា ការ​ផ្លាស់ប្តូរ​កសិផល​នានា រវាង​ប្រទេស​ជិត​ខាង ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ។

លោក​បញ្ជាក់​ថា៖ «ផ្លូវ​នេះ​ គឺ​ជា​ផ្លូវ​តែ​មួយ​ទៅ​ច្រក​ព្រំដែន​ណាមលៀរ ហើយ​បើ​យើង​បាន​តភ្ជាប់​កំណាត់​ផ្លូវ​មួយ​ខ្សែ​ទៀត បាន​ដល់​ព្រំដែន​នេះ យើង​នឹង​មាន​ផល​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដឹក​កសិផល ចេញ​ចូល​ទំនាក់ទំនង​ទៅ​ប្រទេស​ជិត​ខាង និ​ងទៅ​តំបន់​ទេសចរណ៍​នានា»៕