
កន្លែងកម្សាន្តរ៉ុកដែលត្រូវបានបិទទ្វារក្រោយពីបង្ក្រាបបានគ្រឿងញៀនកាលពីខែកុម្ភៈ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ នៅទីបំផុតលោកឧកញ៉ា គិត ធាង ដែលជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីល្ងាចម្សិលមិញដែលការនាំខ្លួននេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្វែងរកមេខ្លោងជួញដូរគ្រឿងញៀននៅក្លិបកម្សាន្តរ៉ុកដែលមានការឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ និងគ្រឿងញៀនរហូតដល់ជិត ៥០ គីឡូក្រាម។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកឧកញ៉ា គិត ធាង ដែលជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុកត្រូវបានកម្លាំងនគរបាលអនុវត្តដីកាឲ្យនាំខ្លួនកាលពីវេលាម៉ោង ៦ ល្ងាចម្សិលមិញមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពាក់ព័ន្ធរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ហើយតុលាការកំពុងធ្វើការសាកសួរនៅទីនោះ។
លោក សាវឿន បានថ្លែងថា៖ «ដោយសមត្ថកិច្ចកំពុងធ្វើការបន្ត គេមិនទាន់អាចនិយាយបានថាមានពាក់ព័ន្ធជនណាម្នាក់ទៀតទេ»។
លោក ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមនិស្សិតបញ្ចប់ការសិក្សាជាង ៣ ពាន់នាក់នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីថ្ងៃម្សិលមិញថា កន្លែងគ្រឿងញៀនដែលនៅជិតថ្នាលបណ្តុះបណ្តាលមួយនេះនឹងត្រូវបានលុបបំបាត់ ហើយរកមេខ្លោងឲ្យឃើញដោយមិនត្រូវឲ្យអ្នកនៅពីក្រោយខ្នងរួចខ្លួននោះឡើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយហ្នឹងដំណើរការក្តីរបស់តុលាការត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រឡប់នៃអំពើពាលាអាវាសែសម្រាប់កន្លែងមួយនេះដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឲ្យបានស៊ីជម្រៅនូវមេខ្លោងរបស់វា នៅកន្លែងណា? មិនមែនរឿងកម្មករតូចតាច រឿងក្តីតូចតាចទេ គឺរឿងវាជ្រៅទៅពីនេះ អ៊ីចឹងត្រូវរកឲ្យឃើញ ព្រោះអ្វីដែលមានក្នុងដៃរួចមកហើយជាមធ្យោបាយឈានទៅរកការជីកឫសគល់នៃអ្នកជួញគ្រឿងញៀនក៏ដូចជាអ្នកដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងមួយនេះ»។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្ថែមទៀតថា៖ «ឆ្លងកាត់អាកន្លែងចង្រៃមួយនោះ ទើបរកឃើញថ្មីៗ អារ៉ុកនេះយើងក៏មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីបានជាកន្លែងមួយនេះ វាទៅជាតំបន់បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជន? ខ្ញុំពិតជាមានការរីករាយណាស់ដែលនគរបាលរបស់យើងបានបង្ក្រាបទាន់ពេលវេលាគួរតែបង្ក្រាបឲ្យបានមុនហ្នឹងទៅទៀត ប៉ុន្តែយើងទើបតែបង្ក្រាបបាន»។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ក្នុងនោះមានជនជាតិចិន ១៤ នាក់ ហើយដកហូតបាននូវសារធាតុញៀនសរុបទម្ងន់ ៤៩,៤៤ គីឡូក្រាម។ បន្ទាប់មកសមត្ថកិច្ចបានសម្រេចបញ្ជូនខ្លួនជនសង្ស័យចំនួន ១៧ រូបមានអាយុចាប់ពី ១៩ ដល់ ២១ ឆ្នាំពីករណីគ្រឿងញៀននេះទៅតុលាការក្រោយមានវត្ថុតាងគ្រប់គ្រាន់ ចំណែកមនុស្សចំនួន ២៨១ នាក់ទៀតតម្រូវឲ្យធ្វើកិច្ចសន្យាត្រឡប់ទៅលំនៅឋានវិញដោយមានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីម្សិលមិញបានថ្លែងថា អាជ្ញាធរកំពុងសហការជាមួយនឹងមន្ត្រីពាក់ព័ន្ធដើម្បីតាមប្រមាញ់ជនល្មើសពាក់ព័ន្ធបន្ថែមទៀត ជាពិសេសមេខ្លោងធំជាងគេដែលនៅក្រោយសំណុំរឿងជួញដូរគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក។
លោក ជីតូ អះអាងថាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានដាក់បញ្ជូនសំណុំរឿងនេះទៅតុលាការដើម្បីសុំការអនុញ្ញាតបន្តស្វែងរកជនល្មើសដែលនៅសេសសល់ ដើម្បីយកមកកាត់ទោសបន្ថែមខណៈបច្ចុប្បន្ននេះមន្ត្រីជំនាញនៅមិនទាន់រកឃើញមុខសញ្ញាថ្មីដែលនៅពីក្រោយសំណុំរឿងជួញដូរគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកនោះនៅឡើយទេ។
លោកបញ្ជាក់ថា៖ «យើងបានបញ្ជូនសំណុំរឿងនេះទៅតុលាការហើយ និងសុំគោលការណ៍ស៊ើបរកជនពាក់ព័ន្ធបន្ថែមទៀត ហើយយើងកំពុងសហការជាមួយសាលារាជធានីភ្នំពេញនឹងខំតាមចាប់ពួកហ្នឹងឲ្យអស់ និងរកមេខ្លោង»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្តែបានឲ្យដឹងតាមប្រព័ន្ធចែកចាយសង្គមតាមរយៈតេឡេក្រាមរបស់លោកថា តុលាការកំពុងបន្តចំណាត់ការស៊ើបសួរលើជនសង្ស័យទាំង ១៧ នាក់នោះ ប៉ុន្ដែមិនបានបញ្ជាក់អ្វីបន្ថែមឡើយ៕