ភ្នំពេញៈ ក្រោយ​ពេល​ជួល​ក្នុង​តម្លៃ​ទាប​រយៈពេល ១៨ ឆ្នាំ ឧកញ៉ា គិត ម៉េង បាន​សម្រេច​ប្រគល់​ដី​ដែល​មាន​តម្លៃ ៨ លាន​ដុល្លារ​ទៅ​មូលនិធិ​គន្ធបុប្ផា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ព្រឹក​មិញ​នេះ។

ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ មូលនិធិ​គន្ធបុប្ផា ដែល​លោក​ជា​ស្ថាបនិក និង ជា​ប្រធាន​កិត្តិយស លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ឧកញ៉ា គិត ម៉េង បាន​សរសេរ​សំបុត្រ​ប្រគល់​ដី​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ ទៅ​មូលនិធិ គន្ធបុប្ផា ក្រោយ​ពេល​មន្ទីរពេទ្យ​កុមារ​នេះ​បាន​ជួល​រយៈពេល ១៨ ឆ្នាំ។

លោក​បាន​ថ្លែង​ថា៖ «អ៊ីចឹង ដីនេះ​ឡើង​តាម​តម្លៃ​ទីផ្សារ​ដល់ ៨ លាន​ដុល្លារ​ទៅ​ហើយ។ ម្សិលមិញ​នេះ លោក​ឧកញ៉ា គិត ម៉េង បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​បាន​ប្រគល់​ដី​នេះ​មក​កាន់​មូលនិធី។ អ៊ីចឹង​តម្លៃ​ដី​នេះ​ស្មើ ៨ លាន យើង​ទទួល​យក​នូវ​ដី​នេះ ដែល​មាន​តម្លៃ ៨ លាន​ដាក់​ក្នុង​មូលនិធិ ហើយ​មូលនិធិ​នឹង​ផ្ទេរ​ដី​នេះ ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​តាម​រយៈ​ប័ណ្ណ​កម្មសិទ្ធិ​តែ​ម្តង»។

លោក​ថា លោក​នឹង​បន្ត​គាំទ្រ​មូលនិធិ​នេះ បើ​លោក​នៅ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ «សម្រាប់​អាណត្តិ​បន្ត​ទៅ​មុខ បើ​ខ្ញុំ​នៅតែ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​រាជ​រដ្ឋាភិបាល​ដែល​ខ្ញុំ​នឹង​បន្ត​ដឹក​នាំ​ផ្តល់​ការ​គាំទ្រ​ជាប់​មិន​ដាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សំដៅ​ធានា​ឲ្យ​ខាង​តែ​បាន​នូវ​ចីរភាព​នៃ​កិច្ច​ដំណើរ​ការ​របស់​មន្ទីរពេទ្យ​នេះ ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​និង​ថែទាំ​សុខ​ភាព​តាម​រយៈការ​បន្ត​ផ្តល់​ថវិកា យ៉ាង​តិច ១០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ និង​យ៉ាង​តិច ៥ លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​សម្រាប់​មូលនិធិ​គន្ធបុប្ផា ក៏​ដូចជា ការ​បន្ត​វិភាជន៍​ប្រាក់​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ប្រចាំ​ផង​ដែរ»៕