ភ្នំពេញ៖លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ទៅលើ​អ្នកធ្វើ​ចត្តាឡីស័ក​ដោយ​មិន​ឱ្យមាន​ការចេញ​ក្រៅ​កន្លែង​ចត្តាឡីស័ក​ និង​ត្រូវ​អនុវត្តន៍​ច្បាប់​ជា​ចាំបាច់។

នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ទៅ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ត្រូវ​ធ្វើការ​ជាមួយ​នឹង​តុលាការ​ដើម្បី​កាត់ទោស​អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក​មិនបាន​ត្រឹមត្រូវ ហើយ​ត្រូវ​រៀបចំ​ដូច​សមត្ថកិច្ច​នគរបាល​ដូចនេះ​ដែរ​ដោយ​មាន​សម្លៀកបំពាក់​សម្រាប់​ធ្វើការ​ជាមួយ​អ្នកមាន​វីរុស​កូវីដ១៩។

លោក​ ហ៊ុន សែន ថា៖ «យើង​អាចឱ្យ​ចៅក្រម​យើង​ពាក់អាវ​សម្រាប់​ការពារ​ខ្លួន​ដើម្បី​កាត់ទោស​អ្នក​ដែល​ល្មើស​នឹង​ការធ្វើ​ចត្តាឡីស័ក។ ត្រូវ​កាត់ទោស​ជា​ចាំបាច់​ព្រោះ​ច្បាប់​នេះ​ចេញ​មក​សម្រាប់​ធ្វើការ​អនុវត្ត​ទៅលើ​អ្នក​ដែល​បំពាន​ការធ្វើ​ចត្តាឡីស័ក​ត្រូវតែ​ធ្វើ ហើយ​ធ្វើ​ដោយ​ចាំបាច់»។

លោក​បាន​បន្ថែមថា៖ «សមត្ថកិច្ច​ចាប់បាន​យប់​នេះ ស្អែក​ឡើង​ត្រូវ​កាត់ទោស។ ខ្ញុំ​មិនមែន​បញ្ជា​តុលាការ​ទេ ខ្ញុំ​បញ្ជា​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌ ហើយ​ត្រូវធ្វើ​ជាមួយ​នឹង​តុលាការ តែ​រដ្ឋមន្ត្រី​យុត្តិធម៌​ជា​សមាជិក​នៃ​រាជរដ្ឋាភិបាល»។

លោក​ ហ៊ុន សែន ​ថា ប្រសិនបើ​អ្នកធ្វើ​ចត្តាឡីស័ក ហើយ​មាន​វីរុស​កូវីដ១៩​​ទៀត​នោះ ត្រូវ​ដាក់ទោស​ទៅតាម​ច្បាប់​ដែលមាន​ហើយ ដើម្បី​កុំឱ្យ​គេ​ថា​ច្បាប់​បង្កើតឡើង​គ្រាន់តែ​ជា​ការគំរាម។

ជាមួយ​គ្នា​នេះដែរ លោក​ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល និង​តាម​បណ្តា​ខេត្ត​ផ្សេងទៀត ត្រូវ​រៀបចំ​មន្ទីរពិសោធន៍​ដើម្បីឱ្យ​ការធ្វើ​តេស្ត​បាន​លឿន។

លោក​ថា៖ «កន្លែង​ណា​មាន​ការសង្ស័យ​ថា​មាន​កូវីដ១៩​គឺ​ត្រូវតែ​ធ្វើ​មុន ព្រោះ​យើង​ចំណេញ​ពេល នៅពេល​ដែល​ដឹង​ភ្លាម​ធ្វើតេស្ត​ភ្លាម នោះ​យើង​នឹង​អាច​យក​អ្នកជំងឺ​បាន​មុន ប៉ុន្តែ​មន្ទីរពិសោធន៍​កន្លងទៅ​នេះ​មិនទាន់បាន​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​គ្រប់គ្រង​សភាពការណ៍​ទេ​គឺ​ធ្វើតាម​ដំណើររឿង ហើយ​អ្វីដែល​គួរឱ្យ​សោកស្តាយ​គឺ​សំណាក​ដែល​គ្មាន​ហានិភ័យ​ត្រូវបាន​ធ្វើតេស្ត​មុន»។

លោក​ ហ៊ុន សែន សុំឱ្យ​វិទ្យាស្ថាន​ និង​មន្ទីរពិសោធន៍​ទាំងអស់​ធ្វើតេស្ត​កូវីដ​ឱ្យបាន​ឆាប់​ឱ្យ​បាន​លឿន និង​ផ្តល់​អាទិភាព​ទៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បាន​ឆាប់រហ័ស ហើយ​នៅ​ថ្ងៃ​ខាងមុខនេះ​នឹងមាន​ម៉ាស៊ីន​ធ្វើតេស្ត​ថ្មី​នឹង​មកដល់​ទៀត៕