ភ្នំ​ពេញៈ ​លោក​ ខៀវ​ កា​ញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​ បានអះ​​អាង​ថា​ វិទ្យុ​សំ​ឡេង​សហ​រដ្ឋ​អា​មេ​រិក ­​(VOA)​ និង​វិទ្យុ​អា​ស៊ី​សេ​រី​ (RFA) ​អាច​នឹង​បើក​ការិ​យា​ល័យ​​របស់​ខ្លួន​ឡើង​វិញ​បាន​ ប៉ុន្តែ​ត្រូវ​គោ​រព​កាត​ព្វ​កិច្ច​សារ​ពើ​ពន្ធ​ជា​មុន​សិន​។​

​លោក​ ​កា​ញារីទ្ធ​ ​កាល​ពី​ថ្ងៃ​ទី​​ ២៥​ ខែ​មករា​ ឆ្នាំ ​២០១៩​ បាន​ធ្វើ​លិខិត​មួយ​​ឆ្លើយ​តប​ទៅ​នឹង​សេច​ក្ដី​ថ្លែ​ងការណ៍​របស់​ក្រសួង​ការ​បរ​ទេស ​និង​សហប្រតិបត្តិ​ការ​អន្ត​រជាតិ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​ ​បា​ន​ឲ្យ​ដឹង​ថា​៖ ​«​ចំពោះ​ករណី​ស្នើ​សុំ​បើក​ការិ​យាល័យ​តំណាង​វិទ្យុ​សំឡេង​សហ​រដ្ឋ​អា​មេរិក ​(VOA)​ និង​​វិទ្យុអាស៊ី​សេរី ​(RFA)​ អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដា​រ​បាន​ស្នើ​មក​ក្រសួង​ព័ត៌​មាន មុន​ផ្តល់​អា​ជ្ញា​ប័ណ្ណ ​ឬ​ផ្តល់​ការ​អនុ-​ញ្ញាតឲ្យ​ចុះបញ្ជី​ស្រប​ច្បាប់​ដល់​ការិយា​ល័យ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ (VOA) ​និង​វិទ្យុ​អាស៊ីសេរី (RFA)​ នេះ​គួរ​ភ្ជាប់​នូវលក្ខ​ខណ្ឌ​នៃ​ការ​គោរព​កាតព្វ​កិច្ច​សារ​ពើ​ពន្ធ​ជា​មុន​»​។​

លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អា​មេរិក ​(VOA)​ និង​វិទ្យុ​អាស៊ី​សេរី ​(RFA)​ បាន​ធ្វើ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ​និង​បើក ​ការិយា​ល័យ​របស់​ខ្លួននៅកម្ពុ​ជា​​ជា​យូរ​ឆ្នាំ​មក​ហើយ ​ដោយ​ពុំ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌​មាន​និង​ពុំ​បាន​អនុវត្ត​កាតព្វ​កិច្ច​ចុះ​បញ្ជី​ពន្ធ​ដារ​ស្រប​ច្បាប់ ​និង​បទ​ប្ប​ញ្ញត្តិ​ស្តីពី​ពន្ធ​ដារ​នោះ​ទេ។​

យោង​តាម​សេច​ក្ដី​ថ្លែង​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុ​ជា​កាល​ពី​ ថ្ងៃ​ទី​ ៣ ​ខែ​ធ្នូ ​ឆ្នាំ​ ២០១៨​ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះ​មុ​ត​ ក្នុង​ការ​លើក​តម្កើង​នូវ​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌​មាន ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ ​និង​ច្បាប់​ដែល​មាន​ជា​ធរ​មាន​ ហើយ​បាន​បញ្ជាក់យ៉ាង​ច្បាស់​ថា​ វិទ្យុ​អាស៊ី​សេ​រី​ ​និង​វិទ្យុ​សំ​ឡេង​សហ​រដ្ឋ​អា​មេរិក​ បាន​ផ្តួច​ផ្តើម​គំនិត​បិទ​ការិយា​ល័យ​តំណាង ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។​ ដូច្នេះ​វិទ្យុ​ទាំង​ ២ នេះ​ ​ក៏​មាន​សេរី​ភាព​បើក​ការិយា​ល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុ​ជាឡើង​វិញ​បាន​ដែរ​។​

​លោក ​ផុស ​សុវណ្ណ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌​មាន​បាន​ថ្លែង​​ពី​ម្សិល​មិញ​ថា ​ក្រសួង​ព័​ត៌​មាន​នៅ​តែ​ស្វា​គមន៍ និង​អនុ​ញ្ញាត​ឲ្យ​បើ​ក​ការិយា​ល័យ​របស់ ​VOA​ និង ​​RFA​ តែ​ពួក​គាត់​ត្រូវ​បំពេញ​កា​តព្វ​កិច្ច​សារ​ពើ​ពន្ធ​ជា​មុន​សិន​។​

​លោក​ ថ្លែង​ថា​៖​ «​ដោយ​សារ​ពួក​គាត់​មាន​កា​តព្វ​កិច្ច​ត្រូវ​បំពេញ​លើ​សារ​ពើ​ពន្ធ​ដូច្នេះ​យើង​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហាឲ្យ​រួចរាល់​ពី​ខាង​ពន្ធ​ដា​រ ហើយ​យើង​នឹង​អនុ​ញ្ញាតជូន​គាត់​​វិញ​ហើយ​»​។​

​ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​​សុវណ្ណ​ បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​ពី​ប្រ​ភព​នានា​ មក​លើ​រាជ​​រដ្ឋាភិ​បាល​កម្ពុ​ជា​ថា​បាន​រឹតត្បិត​សិទ្ធិ​សេរី​ភាព​សារព័ត៌​មាន​ សេរី​ភាព​នៃ​ការ​បញ្ចេញមតិ​ និង​អះអាង​ថា​ ទោះ​បី​ជា​វិទ្យុ​​ទាំង​២នេះ​មិន​មាន​កា​រិ​យា​ល័យ​នៅ​ប្រទេស​កម្ពុជា​តែ​ពួក​គេ​បាន​បន្ត​ផ្សព្វ​ផ្សាយ​ព័​ត៌​មាន​រប​ស់​ពួកគេ​តាមប​ណ្តា​ញផ្សេងៗ​ដូច​ជា​តាម​ប្រ​ព័ន្ធ​អុី​ន​ធឺណិត​។​

​លោក​ ​សុវណ្ណ​ ថ្លែង​ថា​៖ ​«​អត់​សេរី​ភាព​ឯ​ណា​កាល​ពី​ជំនួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​លើកទី ៣ ​មាន​អ្នក​សារ​ព័​ត៌​មា​ន​បាន​ចូលរួម​យ៉ាងចង្អៀត​ណែន​ ហើយ​សារ​ព័ត៌​មាន ​online ក៏​កំ​ពុង​កើន​ឡើង​យ៉ាង​ច្រើន​»​។​

លោក​ ប៉ែន​ បូណា ​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុ​ជា​បាន​អះ​អាង​​ថា ​រដ្ឋាភិ​បាល​ក​ម្ពុ​ជា​​​មិន​បាន​ រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ណា​មួយ​ទៅ​លើ​វិទ្យុ​ទាំង​២នោះ​ទេ​ តែ​ដោយ​សារ​តែ​វិទ្យុ​ទាំង​ ២ ​នោះ ​មាន​ការ​ប្រឈ​ម​មុខ​ជាមួយ​ច្បាប់​ និង​បញ្ហា​ផ្នែក​បច្ចេក​ទេ​ស​ទា​ក់​ទង​រឿង​បង់​ពន្ធ​ ហើយ​នៅ​ប្រទេស​កម្ពុជា​សារព័ត៌​មាន​ទាំង​អស់​ទាំង​ទូរ​ទស្ស​​ន៍​​ និង​វិទ្យុ និង​ស្ថា​ប័នព័ត៌​មាន​ផ្សេង​ទៀតសុទ្ធ​តែ​បង់​ពន្ធ​។​ ​

​លោក​បញ្ជាក់​ថា៖ ​«​យើង​គ្រាន់​តែ​យល់​ថា ​នៅ​ប្រទេស​យើង​នេះ​សារ​ព័ត៌​មាន​ទាំង​អស់​រាប់​ទាំង​វិទ្យុ​ និង​ទូរ​ទស្សន៍​សុទ្ធ​តែ​បង់​ពន្ធ​ដូច​គ្នា​ ដូច្នេះ​ហេតុ​អី​បាន​ជា​វិទ្យុ​បរទេស​មួយ​ចំនួន​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​គាត់​មិន​បង់​ពន្ធ​ហើយ​គាត់​គេច​ពន្ធ​ ហើយ​បាន​បិទ​កា​​​រិ​យា​ល័យ​ដោយ​ខ្លួន​ឯង​ហើយ​ចោទ​ថា​មាន​កា​រ​បិទ​សេរី​ភាព»។ ​

​លោក​​ ប៉ែន បូណា បាន​ថ្លែង​ថា​៖​ «​ពួក​គេ​គួរ​តែ​ធ្វើ​កា​រ​បង់​ព​ន្ធ​ត្រឹមត្រូវ​​តាម​ច្បាប់​ជា​មុន​សិន​មុន​ពេល​ដែល​ធ្វើ​ការ​ចោទប្រកាន់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​​ថា​បាន​ រឹត​ត្បិ​តសិទ្ធិសេរីភាព​របស់​សា្ថ​ប័ន​ខ្លួ​ន​ ហើយ​ពួ​ក​គេ​​គួរ​តែ​បញ្ឈប់​ការ​ចោទប្រកាន់​ទាំងនេះ​ចំពោះ​រាជរដ្ឋាភិ​បាល​ថា​បាន​ធ្វើ​ទុ​ក្ខ​បុកម្នេញ​ចំពោះ​ពួក​គេ ​ហើយ​បន្ថែម​ថា​វា​មាន​លំបាក​ក្នុង​ការ​ស្វែងយល់​អំពី​មូល​ហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បើក​ការិយា​ល័យ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា»​៕​