ភ្នំពេញៈ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលទើបតែត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីម្សិលមិញបានដឹកនាំមន្ត្រីជាន់ខ្ពស់គណបក្សទៅសួរសុខទុក្ខមន្ត្រីការពារសិទ្ធិមនុស្សអាដហុក មន្ត្រី គជប និងសកម្មជនដីធ្លីនៅពន្ធនាគារព្រៃសខណៈដែលសហគមន៍បឹងកក់បន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដើម្បីទាមទារឱ្យដោះលែងអ្នកទាំងនោះឲ្យបានឆាប់បន្ទាប់ពីមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរអះអាងថាអ្នកជាប់ឃុំទាំងនោះអាចនឹងត្រូវដោះលែងនៅចុងខែធ្នូនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សនេះលោក ឡុង រី ដែលអមដំណើរលោក កឹម សុខា បានថ្លែងក្រោយពីចេញពីពន្ធនាគារវិញថា៖ «គោលបំណងជំនួបរបស់ឯកឧត្តម កឹម សុខា ពាំនាំនូវការសួរសុខទុក្ខហើយកំពុងតែរកដំណោះស្រាយមធ្យោបាយពីព្រោះនេះជាបញ្ហារួមដែលត្រូវតែដោះស្រាយ។ ដំណាក់កាលទីមួយគឺគាត់ (កឹម សុខា) បានពន្យល់ថានឹងមានការជជែកគ្នាជាមួយបក្សកាន់អំណាចទាក់ទងនឹងមន្ត្រីសង្គមស៊ីវិលហើយនឹងមានដំណាក់កាលបន្តបន្ទាប់ទៀត»។
បើតាមលោក ឡុង រី ក្រុមមន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំក្នុងពន្ធនាគារបានប្រាប់លោក កឹម សុខា វិញថា៖ «ចង់ឱ្យប្រមុខរដ្ឋាភិបាលជួបជុំគ្នាដើម្បីឲ្យមានដំណោះស្រាយរួម»។
អ្នកនាំពាក្យសមាគមអាដហុកលោក សំ ច័ន្ធគា ថ្លែងថាការសួរសុខទុក្ខអ្នកជាប់ឃុំគឺជាតួនាទីរបស់តំណាងរាស្ត្រខណៈលោកបញ្ជាក់ថាជំហររបស់មន្ត្រីការពារសិទ្ធិមនុស្សមិនបម្រើឱ្យគណបក្សនយោបាយណាមួយឡើយ។
លោកថា៖ «តែសម្រាប់ជំហររបស់សមាគមអាដហុកមិនមែនជាឧបករណ៍បម្រើគណបក្សនយោបាយណាមួយទេគឺឈរលើឯករាជ្យតាំងពីឆ្នាំ ១៩៩១ មកម្ល៉ះ»។
យ៉ាងណាក៏ដោយទាំងលោក សំ ច័ន្ទគា និងមេធាវីការពារក្តីមន្ត្រីសិទ្ធិមនុស្សលោកស្រី គា សុផល ថ្លែងថាមិនទាន់បានទទួលដំណឹងពីតុលាការថានឹងកោះហៅអ្នកជាប់ឃុំទាំងនោះទៅជំនុំជម្រះជាថ្មីនោះទេ។
ក្រោយជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជាមួយប្រធានស្តីទី និងជាប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិចនៅរដ្ឋសភាលោក កឹម សុខា កាលពីថ្ងៃទី ៧ ខែធ្នូនេះលោក ស ខេង បានបង្ហើបឱ្យដឹងថាអាចនឹងមានដំណឹងល្អចំពោះមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គជប។
ការថ្លែងនេះត្រូវបានអ្នកតាមដានសង្គម និងមន្ត្រីសង្គមស៊ីវិលមើលឃើញថាអ្នកជាប់ឃុំទាំងនោះអាចនឹងត្រូវដោះលែងតាមរយៈការសម្របសម្រួលនយោបាយរវាងគណបក្សទាំងពីរ។
ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានសរសេរនៅលើហ្វេសប៊ុកកាលពីម្សិលមិញថា «ខ្ញុំសង្ឃឹមថាសប្តាហ៍ក្រោយ ខ្ញុំនិងបត់អាវ (ខ្មៅ) នេះទុកជាអនុស្សាវរីយ៍» ខណៈដែលព្រះអង្គម្ចាស់ និងសកម្មជនអង្គការសង្គមស៊ីវិលជាច្រើនទៀតតែងតែស្លៀកពាក់ខ្មៅនៅរៀងរាល់ថ្ងៃចន្ទដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គជប ដែលត្រូវបានចាប់ឃុំខ្លួន «ទាំងអយុត្តិធម៌»។
កាលពីម្សិលមិញសហគមន៍បឹងកក់ និងសហគមន៍ផ្សេងទៀតប្រមាណ ៥០ នាក់ក៏បានបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅសហគមន៍បឹងកក់ផងដែរដោយមាននិមន្តព្រះសង្ឃលើកបដា និងមានរៀបចំធូបទៀនដុតបួងសួងដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទាំងនោះ។

តំណាងសហគមន៍បឹងកក់អ្នកស្រី បូវ សោភា ថ្លែងថាដោយសារស្ថានការណ៍នយោបាយមានសភាពស្ងប់ស្ងាត់ទើបសហគមន៍បាននិមន្តព្រះសង្ឃមកសូត្រមន្តបង្សុកូលធ្វើការបួងសួងឲ្យមានការដោះលែងអ្នកជាប់ឃុំ។
អ្នកស្រីថា៖ «យើងចង់បញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគាត់ដែលកំពុងជាប់គុកដោយភាពអយុត្តិធម៌ថាពួកគាត់ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាហើយជាមនុស្សដែលធ្វើអំពើល្អមិនបានធ្វើអំពើអាក្រក់អ្វីទេអ៊ីចឹងសូមឱ្យរដ្ឋាភិបាលដោះលែងពួកគាត់»។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុកចំនួន ៤ រូបគឺលោក យី សុខសាន លោក នី សុខា លោក ណៃ វង់ដា និងលោកស្រី លឹម មុនី ព្រមទាំងអគ្គលេខាធិការរង គជប លោក នី ចរិយា ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៦ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់ និងផ្សំគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿងអ្នកនាង ខុម ច័ន្ទតារាទី ហៅ ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា។
ប៉ុន្តែ ទោះជាយ៉ាងណា មជ្ឈដ្ឋានជាច្រើនចាត់ទុកការចាប់ឃុំខ្លួនមន្ត្រីទាំងនេះថាជារឿងនយោបាយ៕