The Phnom Penh Post Search

Search form

លោក កឹម សុខា៖ ឆ្នាំ​ចាស់​ជា​ឆ្នាំ​ដែល​មាន​ការ​ឈឺ​ចាប់ ​ទាំង​ប្រជា​ពល​រដ្ឋ ​និង ​អ្នក​នយោ​បាយ​

Content image - Phnom Penh Post
លោក កឹម សុខា នៅ​ក្នុង​ផ្ទះ​របស់​លោក នៅ​ក្នុង​ខណ្ឌ​ទួល​គោក កាលពី​ឆ្នាំ ២០១៦។ រូប​ថត ភ្នំពេញ​ប៉ុស្តិ៍

លោក កឹម សុខា៖ ឆ្នាំ​ចាស់​ជា​ឆ្នាំ​ដែល​មាន​ការ​ឈឺ​ចាប់ ​ទាំង​ប្រជា​ពល​រដ្ឋ ​និង ​អ្នក​នយោ​បាយ​

ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​​ អតីត​​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ ចេញ​ពី​ពន្ធ​នាគារ​ ត្រពាំង​ផ្លុង ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​នេះ ដោយ​លោក​បាន​ចាត់​ទុក​ឆ្នាំ​ចាស់​​ ដែល​ជិត​កន្លង​ផុត​ទៅ ថា ជា​ឆ្នាំ​ដែល​មាន​ភាព​តាន​តឹង​ ក្នុង​ឆាក​នយោ​បាយ​ខ្មែរ ដោយ​សារ​តែ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ «គុណ​ធម៌» ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ឈឺ​ចាប់​ ទាំង​​ប្រជា​ពល​រដ្ឋ​និង​អ្នក​នយោ​បាយ​។

នៅ​ក្នុងសារ​លិខិត​ ចំនួន​ពីរ​ទំព័រ​ ដែល​មាន​ប្រើស្លាក​សញ្ញា​​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ចុះ​​ថ្ងៃ​ទី ១២ ខែ​មេសា​ ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ លោក កឹម សុខា ​​បាន​សរសេរ​ថា ដោយ​ក្តី​នឹក​រលឹក​បំផុត «ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ​ កឹម សុខា ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ» សង្ឃឹម​ថា សារលិខិត​មួយ​នេះ ​​អាច​ជំនួស​បាន​នូវ​ការ​ជូន​ពរដោយ​ផ្ទាល់ ​ទៅ​ដល់​​ពល​រដ្ឋ​ខ្មែរ​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

លោក​បន្ត​ថា នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ​ចាស់ ឆ្នាំ​រការ នឹង​ត្រូវ​បញ្ចប់ ហើយ​ឆ្នាំ​ថ្មី ឆ្នាំ​ចរ នឹង​ចូល​មក​ជំនួស​។ «ឆ្នាំ​ចាស់​បាន​កន្លង​ផុត​ទៅ ដោយ​ភាព​តាន​តឹង ​ក្នុង​ឆាក​នយោ​បាយ​ខ្មែរ។ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​ចាស់​នេះ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ «គុណ​ធម៌» ដែល​ជា​ហេតុ​បង្ក​ឲ្យ​ខ្មែរ​មានការ​ឈឺ​ចាប់​ ទាំង​ប្រជា​ពល​រដ្ឋ​និង​អ្នក​នយោ​បាយ​។ ការ​ឈឺ​ចាប់​នេះ​ហើយ ​បាន​ធ្វើ​ឲ្យខ្វះ​ការ​ជឿទុក​ចិត្ត​គ្នា ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ​ ដោយ​សារ​តែ​គ្មាន​ការ​អត់​ឱន​និង​ការ​អធ្យា​ស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»។

សារលិខិត​ដដែល​​បន្ត​ថា៖«ខ្ញុំ​យល់​ថា ខ្មែរ​គួរនាំគ្នា​បែរ​​មក​លើក​កម្ពស់​គុណ​ធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស​វិញ ទើប​អាច​កាត់​បន្ថយ​នូវ​សេច​ក្តី​ទុក្ខ និង​វិនាស​កម្ម​បាន​។ ការ​មិន​ទទួល​ស្គាល់​ ឬមិន​យល់​ការ​ពិត ដោយ​យក​មិត្ត​ធ្វើ​ជា​សត្រូវ​ យក​សត្រូវ​ធ្វើ​ជា​មិត្ត ឬ​យក​ខ្មែរ​គ្នា​ឯង​ធ្វើ​ជា​សត្រូវ គឺ​ជា​អវិជ្ជា​ ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ទុក្ខ​ជា​ដរាប​រៀង​មក​»។

លិខិត​បាន​សរសេរ​ទៀត​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ លោក​សូម​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ ចូល​រួម​ផ្តល់​នូវ​មេត្តា​ធម៌ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ពង្រឹង​នូវ​គុណ​ធម៌​ក្នុង​សង្គម​ខ្មែរ។

ជា​មួយ​គ្នា​នេះ លោក​កឹម សុខា ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​នយោ​បាយ​ខ្មែរ «ជា​ពិសេស​ អ្នក​ដឹក​នាំ​ប្រទេស​ខ្មែរ សូម​ដោះ​ស្រាយ​បញ្ហា​ដោយ​អហិង្សា ​និង​កុំ​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ។ ...​ សេច​ក្តី​សុខ​ និង ​សន្តិ​ភាព​ពិត​ប្រាកដ​ អាច​កើត​មាន​ឡើង​ លុះ​ត្រា​តែ​ខ្មែរ​ម្ចាស់​ស្រុក​ទាំង​អស់​គ្នា អាច​រស់​នៅ​បាន​ដោយ​មាន​យុត្តិ​ធម៌ និង​គ្មាន​ការ​ភ័យ​ខ្លាច...​»។

លោក កឹម សុខា នៅ​ពេល​នេះ កំពុង​​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៅ​ពន្ធ​នាគារ​ត្រពាំ​ង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ជិត​ព្រំ​ដែន​ កម្ពុជា​-វៀត​ណាម ​​ចាប់​តាំង​ពី​លោក​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា​ឆ្នាំ ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»។

អត្ថបទគួរចាប់អារម្មណ៍