ភ្នំពេញៈ លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង និងជាអនុប្រធាន ទី១ រដ្ឋសភា គ្រោងដាក់សំណើដាច់ដោយឡែកពីរប្រឆាំងនឹងកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន អូស្រ្តាលី ទៅកាន់រាជរដ្ឋាភិបាល និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា មុននឹងស្នើលើកយកបញ្ហានេះទៅជជែកដេញដោលក្នុងកិច្ចប្រជុំរដ្ឋសភា។
ក្រោយជំនួបពិភាក្សាជាមួយតំណាងក្រុមអ្នកតវ៉ាជាង ២០ នាក់ដែលមកពីបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម សមាគមនិស្សិត បញ្ញវន្តកម្ពុជា ក្រុមយុវជនអ្នកស្នេហាជាតិ និងពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៥ សហគមន៍ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ នៅមន្ទីររដ្ឋសភា លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិ គាំទ្រចំពោះការទាមទាររបស់ក្រុមអ្នកតវ៉ាទាំងនេះ ដោយលោកនឹងប្រមូលនូវក្តីកង្វល់របស់អ្នកតវ៉ាទាំងនេះ ភ្ជាប់នឹងទស្សនៈរបស់លោកផ្ញើទៅកាន់រដ្ឋាភិបាលកម្ពុជា និងស្ថានទូតអូស្ត្រាលី ដើម្បីពិចារណាឡើងវិញ លើបញ្ហាជនភៀសខ្លួននេះ។
លោក សុខា បានលើឡើងថា តាមទស្សនៈលោក បើពិនិត្យមើលទាំងសងខាងទៅ ខាងភាគីអូស្ត្រាលី រដ្ឋាភិបាលអូស្រា្តលីគាត់មានបញ្ហាជនភៀសខ្លួនក្នុងប្រទេសគាត់ គឺជនភៀសខ្លួនចេះតែឆ្លងទូកចូលប្រទេសគាត់ច្រើនណាស់ ហើយអ្នកនយោបាយអូស្ត្រាលី គឺប្រកួតគ្នាដោយយកប្រធានបទជនភៀសខ្លួននេះ ដើម្បីឃោសនាបោះឆ្នោតពេលបោះឆ្នោត ថាតើអ្នកណាដែលអាចដោះស្រាយរឿងជនភៀសខ្លួនបាន។
លោកបានបន្តថា៖ «រដ្ឋាភិបាលខ្មែរយកហេតុផលថា ដោយសារយើង (កម្ពុជា) មានកាតព្វកិច្ចជាភាគីហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ដែលយើងបានផ្តល់សច្ចាប័នតាំងពី ឆ្នាំ១៩៥១ អ៊ីចឹងយើងត្រូវតែមានកាតព្វកិច្ច ប៉ុន្តែចំពោះបញ្ហាជនភៀសខ្លួននេះ បានរងការរិះគន់អំពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បើសិនយើងអត់យក គេបន្ទោសយើង តែបើយើងយកហើយគេបន្ទោសយើង អាហ្នឹងខុសហើយ មិនមែនជាកាតព្វកិច្ចទេ»។
លោក សុខា លើកឡើងថា បើហេតុផលមនុស្សធម៌វិញ ជនភៀសខ្លួនគេសុំ (រស់នៅ) អូស្ត្រាលី ទេ មិនមែនសុំយើងផង»។
យ៉ាងណាក៏ដោយលោក កឹម សុខា នៅមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទនៃការផ្ញើលិខិត និងការឆ្លើយតបនោះទេ ដោយថា៖ «បើសិនជារដ្ឋាភិបាលនៅតែធ្វើអ៊ីចឹង យើងក៏អាចនឹងស្នើឲ្យសភាយើងពិចារណាដែរ»។
កាលពីថ្ងៃ ទី១៦ និង ១៧ ខែតុលា ក្នុងកិច្ចប្រជុំអាស៊ី និងអឺរ៉ុប នៅ ប្រទេសអ៊ីតាលី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខការទូតអូស្ត្រាលី លោកស្រី Julie Bishop បានបង្ហាញពីឆន្ទៈនយោបាយក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយសង្កត់ធ្ងន់ថា ជនភៀសខ្លួនដែលនឹងត្រូវបញ្ជូនមកកម្ពុជា ត្រូវស្ថិតក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត។
តំណាងក្រុមអ្នកតវ៉ា អ្នកស្រី ប៉ូវ សោភា ដែលបានចូលជួបលោក កឹម សុខា បានថ្លែងថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងអនុស្សរណៈទទួលយកជនភៀសខ្លួននេះ នឹងនៅតែប្រកាន់ជំហរដឹកនាំបាតុកម្មតវ៉ា បើរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី នៅតែមិនព្រមលុបកិច្ចព្រមព្រៀងនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ជនភៀសខ្លួនទាំងនោះ បានប្រកាសថា មិនព្រមមកកម្ពុជាទេ ពួកគេធ្វើបាបខ្លួនឯងមានអារដៃទៀត ម៉េចក៏រដ្ឋាភិបាលខ្មែរនៅតែចង់បានគេទៀត»៕