បន្ទាប់ពីត្រូវបានចៅក្រមស៊ើបសួរបន្ធូរបន្ថយលក្ខខណ្ឌនៃការនៅក្រៅឃុំ នៅថ្ងៃអាទិត្យនេះ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយចង់ឲ្យមានការទម្លាក់ចោលបទចោទ «ក្បត់ជាតិ» ពីរូបលោក។
លោកបានសរសេរថា៖ «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»។
លោកថ្លែងថា លោកនឹងជួបជាមួយប្រជាពលរដ្ឋនាពេលខ្លីខាងមុខនេះ ប៉ុន្តែលោកមិនទាន់អាចប្រាប់ដំណឹងលម្អិតនៅឡើយទេ។
កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ វិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចបន្ធូរបន្ថយលក្ខខណ្ឌនៅក្រៅឃុំរបស់លោក កឹម សុខា គឹអនុញ្ញាតឲ្យលោកធ្វើដំណើរបានទូលំទូលាយ ប៉ុន្តែត្រូវស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចជាមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ ហើយត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «បើតាមខ្លឹមសារ(សេចក្តីសម្រេចចុងក្រោយរបស់តុលាការ) ហ្នឹងទៅ គាត់ត្រូវតែគោរពតាមលក្ខខណ្ឌ ៣ ចំណុចនេះ។ យើងអាចពិនិត្យមើលថា កាលពីមុនគាត់អាចដើរនៅក្នុងតំបន់មួយ តែឥឡូវគាត់អាចដើរទូលំទូលាយជាងមុន»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ចោទប្រកាន់ពីបទក្បត់ជាតិ ឬបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ដែលប្រឈមមុខជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។ ចៅក្រមស៊ើបសួរលោក គី ឫទ្ធី បានសម្រេចឲ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែបានដាក់លក្ខខណ្ឌមិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨ ដែលជាទីតាំងនៅប្លុកគេហដ្ឋានរបស់លោក។
អ្នកស្រី ម៉េង សុភារី មេធាវីមួយរូបក្នុងចំណោម ៤ រូបរបស់លោក កឹម សុខា បានថ្លែងថា លោក កឹម សុខា មិនទាន់ចេញក្រៅគេហដ្ឋានរបស់លោកទេ ដោយត្រូវស្វែងយល់ពីលក្ខខណ្ឌថ្មីសិន រួមមានការហាមមិនឲ្យធ្វើសកម្មភាពនយោបាយ។ អ្នកស្រីថា ក្រុមមេធាវីនឹងស្វែងរកការបកស្រាយដើម្បីកុំឲ្យសកម្មភាពរបស់លោក កឹម សុខា ប៉ះពាល់ដល់ម្រាមរបស់ចៅក្រមស៊ើប។
ចំពោះការដាក់ពាក្យស្នើសុំថ្មីៗនេះ អ្នកស្រីបញ្ជាក់ថា «យើងខ្ញុំជាសហមេធាវី មិនបានដាក់ពាក្យស្នើឲ្យសុំឲ្យកែប្រែកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការទេ។ យើងខ្ញុំគឺបានស្នើសុំឲ្យមានការលើកលែងបទចោទ ដល់កូនក្តីយើងខ្ញុំ។ ប៉ុន្តែបានត្រឹមត្រូវតែការកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ដូច្នេះហើយ យើងនឹងនៅតែបន្តទាមទារឲ្យមានការទម្លាក់បទចោទនេះនេះ»។
ការបន្ធូរបន្ថយលក្ខខណ្ឌនេះ ត្រូវបានស្វាគមន៍ដោយអង្គការធ្វើការផ្នែកសិទ្ធិមនុស្សជាច្រើន ប៉ុន្តេពួកគេនៅតែទាមទារឲ្យមានការទម្លាក់បទចោទពីលោក កឹម សុខា។ ស្ថានទូតអាមេរិកក៏បានស្វាគមន៍ការវិវត្តចុងក្រោយនេះដែរ។
ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានសរសេរនៅលើទំពរទ្វីទ័រ របស់លោកថា៖ «យើងកត់សម្គាល់ឃើញការដកការរឹតត្បិតពីអតីតអនុប្រធានរដ្ឋសភា កឹម សុខា។ នេះជាជំហាននៅលើទិសដៅត្រឹមត្រូវ ប៉ុន្តែការវិវត្តដ៏ត្រឹមត្រូវនោះគឺសិទ្ធិពេញលេញ ហើយសេរីភាពរបស់លោកត្រូវតែស្ដារឡើងវិញ»។
លោកក៏បានសរសេរថា លោកសង្ឃឹមថា លោក កឹម សុខា នឹងអាចប្រឡូកក្នុងនយោបាយពេញលេញឆាប់ៗនេះ៕