ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបនៅគេហដ្ឋានរបស់ខ្លួន នៅថ្ងៃទី ៤ ឧសភា លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងគ្នា ហើយថា កម្ពុជានៅតែត្រូវការជំនួយជាចាំបាច់ពីសហគមន៍អឺរ៉ុប។
លោក កឹម សុខា ដែលនៅជាប់ពាក់ព័ន្ធនឹងរឿងក្តីនៅតុលាការ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី ៤ ឧសភាថា ការជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នារវាងលោក និងលោកស្រី Camrmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបស្ថិតក្នុងកាលៈទេសៈដ៏ចង្អៀត។
ប៉ុន្តែវាពិតជាមានសារៈសំខាន់ ដោយភាគីទាំង ២ បានស្វែងយល់ពីគ្នាទៅវិញទៅមក អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកម្មវិធីនានា រវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបកន្លងមក បច្ចុប្បន្ន និងនៅពេលខាងមុខ។
ការពិភាក្សានោះ ក៏លើកអំពីបញ្ហាមួយចំនួន ដូចជាការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩ បញ្ហាសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាចំពោះមុខមួយចំនួនទៀត។
លោក កឹម សុខា បន្តថា ស្ថិតក្នុងស្ថានភាពពិភពលោកក៏ដូចប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះនូវបញ្ហានានាគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងពេលថ្មីៗឆ្នាំ ២០២១ នេះ ជារៀងរាល់ខែ លើកលែងតែជិត ១ ខែក្នុងវិធានការបិទខ្ទប់នេះ លោកតែងតែជួបសួរសុខទុក្ខជួយជាជំនួយមនុស្សធម៌ខ្លះៗតាមលទ្ធភាពរបស់លោក ដែលអាចធ្វើបានទៅចែកជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន ខេត្តនានាក្នុងប្រទេសកម្ពុជា។
លោក កឹម សុខា សរសេរថា៖ «ក្នុងរយៈពេលរៀងរាល់ខែនេះដែរ ខ្ញុំក៏បានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន ពិភាក្សា ប្តូរទស្សនៈគ្នា និងសុំឲ្យប្រទេសជាមិត្តទាំងនោះបន្តជួយដល់ប្រជាពលរដ្ឋខ្មែរតទៅទៀត»។
លោក កឹម សុខា បញ្ជាក់ថា៖ «កម្ពុជាជាប្រទេសតូច ប្រជាពលរដ្ឋក្រីក្រ ពេលជួបវិបត្តិម្តងៗ កម្ពុជាតែងតែត្រូវការជំនួយជាសម្ភារ ថវិកា បច្ចេកទេស ក៏ដូចជាទស្សនៈ ស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលកម្ពុជាធ្លាប់បានធ្វើ និងបានទទួលកន្លងមក មិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ ឬទាត់ចោលនូវជំនួយដែលស្មោះត្រង់ពីមិត្តរបស់យើងនោះទេ»។
ទោះយ៉ាងណា លោក កឹម សុខា បញ្ជាក់ថា អ្វីៗត្រូវចាប់ផ្តើមពីខ្មែរ និងខ្មែរ ដូចជាស្គាល់សុខទុក្ខរបស់ពលរដ្ឋចេះជួយគ្នាក្នុងគ្រាលំបាក ចេះស្រឡាញ់រាប់អានគ្នា អត់ឱនឲ្យគ្នា។ ជាពិសេស សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ និងខ្មែរ ដើម្បីមហិច្ឆតារៀងៗខ្លួននោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ជំនួបពិភាក្សារវាងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក កឹម សុខា ដែលជាជនជាប់ចោទ គឺជារឿងបុគ្គល និងមនោសញ្ចេតនា ដែលជាសិទ្ធិរបស់ពួកគេ។
ប៉ុន្តែ បើនិយាយពីកិច្ចសហប្រតិបត្តិការនានាជាមួយលោក កឹម សុខា គឺមិនត្រឹមត្រូវនោះទេ ព្រោះលោក កឹម សុខា កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
លោក សុខ ឥសាន ថា លោក កឹម សុខា មិនមានសិទ្ធិអំណាចអ្វីនិយាយពីទំនាក់ទំនងជាមួយសហភាពអឺរ៉ុបនោះទេ។
បើឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចង់មានទំនាក់ទំនង និងសហការជាមួយតំណាងកម្ពុជា ត្រូវទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ទៅតាមឆន្ទៈរបស់ពលរដ្ឋបានត្រឹមត្រូវ។
លោក សុខ ឥសាន ថ្លែងថា៖ «គាត់ចង់សហការអី ខ្ញុំយល់ថា គាត់ដឹងច្បាស់ហើយ ព្រោះគាត់ជា អ្នកការទូតស្រាប់ហើយ។ បើគាត់ទៅនិយាយជាមួយជនជាប់ចោទ គាត់បានប្រយោជន៍អីទៅ។ លុះត្រាមកនិយាយជាមួយនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមរយៈឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»៕