ភ្នំពេញៈ សហមេធាវី​ការពារ​សិទ្ធិ​លោក​ កឹម សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ ហាម​ដល់​អ្នកនយោបាយ​ដែល​មាន​បំណង​បង្កើត គណបក្ស ឬ​ចលនានយោបាយ​ណាមួយ​សម្រាប់​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខ មិន​អនុញ្ញាត​ឱ្យ​យកឈ្មោះ​លោក កឹម សុខា ដែលជា​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ទៅ​ភ្ជាប់ ពាក់ព័ន្ធ​នឹង​បក្សនយោបាយ​នោះទេ​។

យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​សហមេធាវី​ការពារ​សិទ្ធិ​លោក​ កឹម សុខា កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ បាន​ឱ្យ​ដឹងថា​៖ «​ក្នុងនាម​លោក​ កឹម សុខា យើងខ្ញុំ​ជា​សហ​មេធាវី សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា បុគ្គល ឬ​ក្រុម​ណា​ដែល​មាន​បំណង​បង្កើត ឬ​បាន​កំពុង​បង្កើត ឬ​បាន​បង្កើត​គណបក្សនយោបាយ ឬ​ចលនានយោបាយ​ណាមួយ សូមកុំ​យក​ករណី ឬ​ឈ្មោះ​របស់​លោក​ កឹម សុខា ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​។ បុគ្គល ឬ​ក្រុម​ណា​ដែល​ធ្វើ​កិច្ចការ​ (​នេះ​) ​សូម​មាន​សេចក្តី​ក្លាហាន ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​»​។

លោកស្រី ម៉េង សុភារី មេធាវី​ការពារក្តី​របស់​លោក​ កឹម សុខា បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​បន្ថែម​កាលពី​ថ្ងៃ​ ៨ កុម្ភៈ​ថា សេចក្តី​ថ្លែងការណ៍​របស់​សហមេធាវី គឺជា​ជំហរ​របស់លោក​ កឹម សុខា ចង់​បញ្ជាក់​ទៅ​បុគ្គល ឬ​ក្រុម​មួយ​ចំនួន​ដែល​ធ្លាប់​បាន​យក​ឈ្មោះ​លោក​ទៅ​ប្រើ ឬ​កំពុង​បន្ត​ប្រើប្រាស់​ឈ្មោះ​របស់​លោក​។

លោកស្រី​បញ្ជាក់ថា​៖ «​លោក​ កឹម សុខា ក៏​ចង់ឱ្យ​អ្នកនយោបាយ​ទាំងនោះ​បន្តធ្វើ​នយោបាយ​ប្រកប​ដោយ​គុណធម៌ និង​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​នយោបាយ កុំឱ្យ​ទាញ​ផលប្រយោជន៍​ពី​លោក​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍​ខ្លួន​»​។

លោកស្រី មេធាវី បាន​បញ្ជាក់​ផងដែរ​ថា លោក កឹម សុខា មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​សមាជិកសភា​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ថ្មីៗ​នេះ​បាន​បង្កើត​គណបក្ស​ថ្មី​មួយ ដោយ​រង់ចាំ​លោក​ កឹម សុខា មកកាន់​តំណែង​ជា​ប្រធាន​គណបក្ស ឬ​ក្នុង​ចលនា ២ ធ្នូ ដែល​លោក​ សម រង្ស៊ី បាន​ប្រើប្រាស់​ឈ្មោះ​លោក​ កឹម សុខា ធ្វើការ​ភ្នាល់​គ្នា​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​បុគ្គល​នីមួយៗ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​រៀងៗ​ខ្លួន ដូច្នេះ​ហើយ​មិន​ចង់ឱ្យ​ពាក់ព័ន្ធ​ទេ​។ សម្រាប់​លោក​ កឹម សុខា ខ្លួនឯង​ផ្ទាល់ លោក​ក៏​ចង់​មាន​ឱកាស​មាន​សេរីភាព​ទៅ​ធ្វើ​នយោបាយ​វិញ​ដែរ ព្រោះ​តែ​គាត់​គឺជា​អ្នកនយោបាយ ហើយ​ពេលនេះ គាត់​នៅតែ​ផ្ទះ​»​។

អតីត​គណបក្ស​សង្គ្រោះជាតិ​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក​ កឹម សុខា មុន​ពេល​ដែល​តុលាការ​កំពូល​រំលាយ​គណបក្ស​នេះ​ចោល​កាលពី​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ដោយសារ​មេដឹកនាំ​បក្ស​នេះ​ត្រូវបាន​ចោទ​ពី​បទ​ក្បត់ជាតិ ឬ​ឃុបឃិត​ជាមួយ​បរទេស​។

លោក​ កឹម សុខា ត្រូវបាន​តុលាការ​កំពូល​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ជាង​ ៣ ​ឆ្នាំ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក​នៅក្នុង​ផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​៖ «​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​»​។ សំណុំ​រឿងនេះ​ត្រូវ​បាន​តុលាការ​លើក​មក​ជំនុំជម្រះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដើម​ខែ​មករា​។

ប៉ុន្តែ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​បណ្តាល​ឱ្យ​សំណុំរឿង​ត្រូវ​បាន​ផ្អាក​។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០១៨ គឺ​រយៈពេល​ ១ ​ឆ្នាំ​ បន្ទាប់ពី​​រូបលោក​ត្រូវបាន​ចាប់ខ្លួន​។

បើទោះបី​ជា​មាន​ការដោះលែង​រូបលោក​ឱ្យនៅ​ក្រៅ​ឃុំ​ក៏ដោយ តុលាការ​បាន​ធ្វើការ​រឹតត្បិត​ការធ្វើដំណើរ​របស់​លោក​ដោយ​អនុញ្ញាត​ឱ្យ​លោក​នៅក្នុង​ផ្ទះ ហាម​លោក​ជួប​ជាមួយ​អតីតមន្ត្រី​ ឬ​បុគ្គល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​។ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន តុលាការ​ក៏​បាន​សម្រេច​បន្ធូរបន្ថយ​ការរឹតបន្តឹង​លើ​ការនៅ​ក្រៅ​ឃុំ​ដោយ​អនុញ្ញាត​ឱ្យ​រូបលោក​អាច​ធ្វើ​ដំណើរ​បាន​នៅក្នុង​ប្រទេស​។

ទោះយ៉ាងណា​ក៏ដោយ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​រូបលោក​ចាកចេញ​ពី​ប្រទេស មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ ហើយ​តម្រូវ​ឱ្យ​លោក​បង្ហាញខ្លួន​ប្រសិនបើ​មាន​ការកោះហៅ​ដោយ​អាជ្ញាធរ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បានប្រកាស​ពី​បំណង​ក្នុង​ការបង្កើត​គណបក្ស​ថ្មី​ដែលមាន​ឈ្មោះថា​ «​គណបក្ស​កែទម្រង់​កម្ពុជា​» ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ថា ការប្រកាស​របស់​លោក​ កឹម សុខា គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​លោក​ កឹម សុខា កំពុង​ជាប់​ក្នុង​បម្រាម​របស់​តុលាការ ហើយ​លោក​ក៏​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណបក្ស​ថ្មី​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនបាន​ប្រកាសថា ទុក​តំណែង​ប្រធាន​ហ្នឹង ជូន​ឯកឧត្តម កឹម សុខា ​ទេ​។ ​ខ្ញុំ​បានបញ្ជាក់​ជូន​តាម​ព័ត៌មាន និង​សាធារណជន​ច្បាស់លាស់​ហើយ​ថា ការពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម​ប្រធាន​ កឹម សុខា គឺ​អត់​មាន​ទេ​ក្នុង​ការបង្កើត​គណបក្ស​ថ្មី​នេះ ដោយសារ​តែ​លោក​មិនបាន​ជជែក​អ្វី​ជាមួយ​ខ្ញុំ​ក្នុង​ការបង្កើត​នេះ​ទេ​»​។

ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​លើកឡើង​ជាក់ស្តែង​ថា ក្នុងករណី​មិនមែន​តែ​លោក​ប្រធាន​ កឹម សុខា ​ទេ ភាគី​ណាក៏ដោយ​ក្នុង​អតីត​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​តែមាន​ថ្នាក់ដឹកនាំ​ណាមួយ ទាំង​លោកជំទាវ​ មូរ សុខហួរ ក៏ដោយ ប្រសិន​មាន​ឱកាស​ចេញមក​ដឹកនាំ​វិញ នោះ​ពួកយើង​មិន​ធ្វើ​ទេ​គណបក្ស​នយោបាយ​នេះ​។ យើង​នឹង​បិទ​គណបក្ស​នេះហើយ​នឹង​អាច​ចូលរួម​គាំទ្រ​ពួកគាត់​វិញ​» នេះ​ជាការ​អះអាង​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន​។

បើតាម​អតីត​តំណាងរាស្ត្រ​រូបនេះ​គោលបំណង​របស់​លោក​ក្នុង​ការបង្កើត​បក្ស​ថ្មី​នេះ គឺ​ដោយសារ​តែ​លោក​ចង់​បង្រួបបង្រួម​ឱ្យ​មាន​តែ​គណបក្ស​នយោបាយ​រួមមួយ​ដែល​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គមជាតិ​ទាំងមូល​។

អ្នកវិភាគ​នយោបាយ​លោក គិន ភា ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា លើកឡើង​ថា ការប្រកាស​របស់​លោក​ កឹម សុខា ក្នុង​ពេល​នេះ​គឺ​មាន​សេណារីយោ ​២​។

លោក​ថា ទី​១ ព្រោះតែ​លោក​ កឹម សុខា កំពុង​ជាប់​បម្រាម​ហាម​ធ្វើ​នយោបាយ ដូច្នេះ​ការដែល​ភ្ជាប់​លោក​ទៅនឹង​គណបក្សនយោបាយ​ណាមួយ​នឹង​ធ្វើឱ្យ​គាត់​ជាប់​ប្រឡាក់ និង​ខុស​ទៅនឹង​បម្រាម​របស់​តុលាការ ដែល​ធ្វើឱ្យ​លោក​ត្រូវតែ​លាងខ្លួន​ឱ្យ​ស្អាត​ខ្លួនឯង​ពី​បញ្ហានយោបាយ​។

លោក គិន ភា បាន​បន្តថា​៖ «​ទិដ្ឋភាព​ទី​២ ប្រហែលជា​កុំឱ្យ​មាន​អ្នក​នយោបាយ​បាន​ឱកាសនិយម​ណាមួយ ប្រើប្រាស់​កេងចំណេញ​ពី​ឥទ្ធិពល​ពី​កេរ្តិ៍ឈ្មោះ ឬ​ក៏​ពី​ប្រជាប្រិយភាព​របស់គាត់ នៅក្នុង​ស្រទាប់​មហាជន​។ គាត់​ប្រហែល​ជា​ចៀសវាង​នូវ​ចំណុច ២ ​នេះ​»​។

លោក គិន ភា បាន​អះអាង​ថា ក្នុងពេល​បច្ចុប្បន្ន គេ​នៅ​មិនទាន់​មាន​ការសិក្សា​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​ថា លោក​ កឹម សុខា នៅមាន​ប្រជាប្រិយភាព ក្នុង​ស្រទាប់​មហាជន​នោះទេ​។ ប៉ុន្តែ​តាម​ការសង្កេត​លោក កឹម សុខា ហាក់​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​អំឡុងពេល​ដែល​លោក​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន ព្រោះ​ចរន្ត​នៃ​ការគាំទ្រ និង​តាមដាន​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​គគ្រឹកគគ្រេង​ខ្លាំងណាស់​៕

វីដេអូ៖