ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ភ្នំពេញ​បុស្តិ៍​ទទួល​ បាន​នា ព្រឹក​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នេះ។

ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ «បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី៣ «ម៣» ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទប្រុស ៦៤ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោ​ម​ការ​ពិនិត្យ​ពីបទ សន្និ​ដ្ឋិ​ភាព​ជា​មួយ​បរ​ទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ ១៩៩៣ ដល់​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង និង​ឲ្យផ្តន្ទា​ទោស​តាម​​បញ្ញត្តិ​មាត្រា​ ៤៤៣ ក្រម​ព្រហ្ម​ទណ្ឌ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា»។ 

លោក កឹម សុខា បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​នៅ​ខណ្ឌ​ទួល​គោក កាល​ពី​វេលា​ម៉ោង​ប្រមាណ ៣​ព្រឹក​ថ្ងៃទី​ ១០​ ខែ​កញ្ញា​នេះ។

លោក ចាន់ ចេន មេ​ធាវី​ការ​ពារ​ក្ដី​លោក កឹម សុខា បាន​បញ្ជាក់​ថា​ កូន​ក្ដី​របស់​លោក ​គឺលោក​ កឹម សុខា​ ត្រូវ​បាន​តុលា​ការ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អា​សន្ន ក៏​ប៉ុន្ដែ​ គាត់​ស្ថិត​នៅក្នុង​ការ​ត្រួត​ពិនិត្យ​ចំណុច​មួយចំនួន។

លោក​ថ្លែង​ថា​៖« នៅក្នុង​កាលៈ​ទេសៈ​នេះ ឯក​ឧត្ដម កឹម សុខា កូន​ក្ដី​របស់​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ ទៅដល់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្ដរ​ជាតិ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ និង​អ្នក​គាំទ្រ តែង​តែ​យក​ចិត្ដ​ទុក​ដាក់ សួរ​សុខ​ទុក្ខ តាំង​ពី​ការ​ចាប់​ផ្ដើម រហូត​មក​ដល់​ពេល​នេះ ដែល​គាត់​ជាប់​ពន្ធ​នា​គារ​ជាង​ ១​ ឆ្នាំ​មក​នេះ​»។

លោក បាន​ឲ្យដឹងថា ក្នុង​កាលៈ​ទេសៈ​ពេលនេះ លោក​ កឹម​ សុខា ក៏​សូម​ទោស​បងប្អូ​ន ប្រជា​ពលរដ្ឋ ដែល​ចង់​ជួប​លោក សូម​មាន​ការ​យោគ​យល់ ព្រោះ​លោក​មិន​អាច​មក​ជួប​ជាមួយ​បងប្អូន​ដោយ​ផ្ទាល់​បាន​ទេ​។

លោក​បញ្ជាក់​ថា៖​«ពេលនេះ តុលា​ការ បាន​ឲ្យគាត់​ស្ថិត​នៅ​ក្រៅឃុំ បណ្ដោះ​អាសន្ន ប៉ុន្ដែ​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​។ ហើយ​ចំពោះ​បញ្ហា​សុខ​ភាព កូន​ក្ដីខ្ញុំ​គាត់​មាន​សុខភាព​ធម្មតា​ទេ»។

លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល បាន​ថ្លែង​ឲ្យ​ដឹង​នាព្រឹក​នេះ​ដែរថា ការ​ដោះ​លែង​នេះ បើតាម​តុលា​ការ​ក្រុង​ភ្នំពេញ គឺ​បាន​បញ្ជាក់​ពី​បញ្ហា​សុខ​ភាព​របស់​លោក កឹម សុខា​។

លោក​ថ្លែងថា​៖«ការ​ដោះលែង​នេះ បាន​បញ្ជាក់​ពី​មូល​ហេតុ​ពីបញ្ហា​សុខ​ភាព​របស់​គាត់​ ដែល​ជាការ​ស្នើ​សុំ។ វា​មិន​មាន​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​រឿង​អីទេ​»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញលិខិតប្រកាសជូន សាធារណជន ថា ទោះបីជា លោក កឹម សុខា ត្រូវបានចៅក្រម​ស៊ើបសួរដោះ​លែងឱ្យ​នៅក្រៅឃុំជា​បណ្តោះ​អាសន្ន ដោយសារសុខភាពរបស់គាត់ក៏ពិតមែន ប៉ុន្តែលោក កឹម សុខា មិនអាច​រត់គេច​ខ្លួនពីនីតិ​វិធីតុលា​ការ​បាន​ឡើយ ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរ កំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​បង្គាប់ឱ្យ​ដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការ នៃការ​ដាក់​ឱ្យស្ថិត​នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការ​សម្រេច​នេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា​ «ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណឌ នៃព្រះរា​ជា​ណាចក្រ​កម្ពុជា។ សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដែល​កំពុង​អនុវត្តនីតិ​វិធី​របស់​ខ្លួន​បន្តដោយ​យកចិត្តទុកដាក់បំផុត ស្រ​បតាមច្បាប់ជាធរមាន»។

គួរ​បញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ​ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ ​«ក្បត់​ជាតិ»​។

លោក​ត្រូវ​បាន​តុលា​ការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​ការ​ចោទ​​ប្រកាន់​ពីបទ សន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចាប់​ខ្លួន លោក កឹម សុខា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កា​របែក​ធ្លាយ​នូវវីដេអូ​របស់​លោក ដែល​សារភាព​អំពីការ​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​ជា​មួយ​បរ​ទេស ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិ​បាល ​ស្រប​ច្បាប់​របស់​កម្ពុជា ​ដោយ​យក​លំនាំ​តាម​ប្រទេស​ស៊ែបប៊ី និង​យូ​ហ្គោ​ស្លាវី ដែល​រាជ​រដ្ឋាភិ​បាល​ចាត់​ទុក​ថា ជា​អំពើ​ក្បត់​ជាតិ៕