
លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញពីម្សិល។ ហេង ជីវ័ន
ភ្នំពេញៈ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា វីដេអូដែលមានរយៈពេលប្រហែល ២ នាទី ដែលតុលាការយកធ្វើជាអង្គហេតុដើម្បីចោទប្រកាន់លោកពីបទសន្ទិដ្ឋភាពជាមួយបរទេសគឺជាវីដេអូកាត់ជាកង់ៗធ្វើឱ្យបាត់ខ្លឹមសារដើម និងខុសពីឆន្ទៈដែលលោកចង់និយាយ។
ប៉ុន្តែតំណាងអយ្យការបញ្ជាក់ថា វីដេអូនេះគឺត្រូវបានអាជ្ញាធរទទួលបាន ហើយមិនបានកាត់តទេ។
ការថ្លែងរបស់លោក កឹម សុខា នេះធ្វើឡើងនៅក្នុងសវនាការពីថ្ងៃម្សិលមិញ ខណៈភាគីចុងចោទ និងដើមចោទត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កុយ សៅ ផ្ដល់ឱកាសឱ្យឡើងធ្វើការកត់សម្គាល់ពីភ័ស្ដុតាង។
លោក កឹម សុខា បានថ្លែងថា៖ «វីដេអូខ្លីដែលអយ្យការ និងមេធាវីដើមបណ្ដឹងបានយកមកចោទប្រកាន់នៅពេលនេះគឺខុសឆ្ងាយពីបំណង អត្ថន័យ និងឆន្ទៈដែលខ្ញុំបាននិយាយនៅចុងឆ្នាំ ២០១៣ នៅប្រទេស អូស្ដ្រាលី។
វីដេអូខ្លីនោះត្រូវបានគេច្បិច និងកាត់ជាកង់ៗ ដោយធ្វើឱ្យបាត់ពាក្យ និងអត្ថន័យរបស់ខ្ញុំ»។
លោក កឹម សុខា បន្តថានៅឆ្នាំ ២០០២ ដែលលោកបានបង្កើតឱ្យមានមជ្ឈមណ្ឌលសិទ្ធិមនុស្សដល់ត្រឹមឆ្នាំ ២០០៧ គឺលោកបានចុះធ្វើវេទិកាសាធារណៈ ដើម្បីអប់រំ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយពលរដ្ឋឱ្យយល់អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយក៏មានមន្ត្រីគណបក្សប្រជាជននិងអាជ្ញាធរចូលរួមដែរ។
លោកបន្ថែមថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគឺជាអង្គការស្របច្បាប់ទទួលបានជំនួយពីទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែលស្ថាប័នរបស់អាមេរិកនេះក៏តែងផ្ដល់ជំនួយដល់រដ្ឋាភិបាលដែរ។
លោក កឹម សុខា បានប្រាប់តុលាការទៀតថា មូលហេតុដែលលោកមកបង្កើតគណបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០០៧ គឺដោយសារលោកមិនចង់ឱ្យប្រទេសកម្ពុជាមានការផ្លាស់ប្ដូរមេដឹកនាំដោយបង្ហូរឈាមគ្នាដូចពីអតីតកាល។
លោកថា៖ «អាចសួរសម្ដេច ហ៊ុន សែន បានថាមូលហេតុអីបានគណបក្សសិទ្ធិមនុស្សបង្កើតឡើង? គឺខ្ញុំមិនចង់ឱ្យមានការផ្លាស់ប្ដូរដោយបង្ហូរឈាមទេ ហើយការមកចូលរួមបង្កើតគណបក្ស CNRP គឺដើម្បីប្រកួតដោយកម្មវិធីនយោបាយដោយអហិង្សាគឺខ្ញុំប្រាប់សកម្មជនអំពីដំណើរទៅរកការបោះឆ្នោតមិនមែនទៅរកបដិវត្តន៍នោះទេ។
ការធ្វើបាតុកម្មកាលពីឆ្នាំ ២០១៣ គឺដើម្បីស្នើសុំឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោត មិនមែនធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលទេ»។
ក៏ប៉ុន្តែតំណាងអយ្យការបានឆ្លើយតបទៅនឹងការអះអាងរបស់លោក កឹម សុខា ដោយបញ្ជាក់ថា វីដេអូខ្លីជាអង្គហេតុនោះគឺមិនត្រូវបានរដ្ឋាភិបាល ឬអាជ្ញាធរយកកាត់តដើម្បីចោទប្រកាន់នោះទេ ប៉ុន្តែគឺជាវីដេអូដែលទទួលបានពីប្រភពព័ត៌មាន CBN ដែលលោក កឹម សុខា ក៏ធ្លាប់ទទួលស្គាល់ដែរ។
ក្នុងសវនាការនោះតំណាងអយ្យការរួមទាំងមេធាវីការពារក្ដីឱ្យរដ្ឋាភិបាលគឺលោក គី តិច បានចោទប្រកាន់ប្រធានក្រុមប្រឹក្សាជំនុំជម្រះថា ហាក់បានផ្ដល់សិទ្ធិឱ្យលោក កឹម សុខា និងក្រុមមេធាវីការពារគាត់ច្រើនជាង ពួកលោកក្នុងការឡើងថ្លែង។
លោក គី តិច បានថ្លែងថាក្នុងសវនាការនៅថ្ងៃទី ២២ មករា គឺក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប្រគល់ភ័ស្ដុតាងថ្មីដល់តុលាការដែលជាភ័ស្ដុតាងរូបភាព និងខ្លះមានសរសេរអក្សរបរទេសគឺភ្លាមៗមុនសវនាការចាប់ផ្ដើមដែលនេះមិនបានគោរពតាមកាលកំណត់របស់ក្រុមប្រឹក្សាជំនុំជម្រះ។
លោកថា៖ «កាលពីសប្ដាហ៍មុន ខាងក្រុមប្រឹក្សាជំនុំជម្រះបានបញ្ជាក់ហើយ រាល់ភ័ស្ដុតាងដែលផ្តល់មកគឺត្រូវតែផ្ដល់សិទ្ធិឱ្យភាគីសិក្សា និងពិនិត្យទើបយកមកដាក់ក្នុងសវនាការពិភាក្សា....»។
ទោះជាយ៉ាងណាលោក គី តិច បញ្ជាក់ថាលោកមិនបារម្ភឡើយ ប៉ុន្តែរីករាយដោយសារតាមការពិនិត្យជាបឋមលើភ័ស្ដុតាងបន្ថែមនេះគឺកាន់តែដាក់បន្ទុកលើលោក កឹម សុខា។
លោកថា៖ «យើងអរគុណដែលដាក់ភ័ស្ដុតាងនេះ ពីព្រោះភ័ស្ដុតាងខ្លះដែលខ្ញុំបានពិនិត្យជាបឋមកាលពេលយប់មិញ បន្ទាប់ពីទទួលបានភ័ស្ដុតាងនៅពេលរសៀល ហើយការពិនិត្យជាបឋមនេះឃើញថា មានភ័ស្ដុតាងមួយចំនួន ក៏ជាភ័ស្ដុតាងថែមបន្ទុកឱ្យលោក កឹម សុខា ដែរ»។
ប៉ុន្តែលោក ផេង ហេង មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានបញ្ជាក់ថា ភ័ស្ដុតាងដែលខាងលោកដាក់ទៅតុលាការគឺជាវីដេអូដើមទាំងស្រុងដែលលោក កឹម សុខា បានថ្លែងនៅអូស្ដ្រាលី ហើយចំពោះវីដេអូខ្លីៗគឺជាវីដេអូកាត់ចេញពីចំណុចវីដេអូដើមដើម្បីងាយស្រួលពន្យល់តុលាការ ។
លោកថា៖ «តាមពិត វីដេអូគឺមានតែ ១ ប្រភេទហ្នឹង ប៉ុន្តែគ្រាន់តែយើងអង្កន់ ដើម្បី highlight (គូសបញ្ជាក់) ឱ្យឃើញថា វីដេអូទាំងមូលហ្នឹង...»។
លោកបញ្ជាក់ថា វីដេអូទាំងនោះគឺដើម្បីបង្ហាញអំពីសុចរិតភាពនៃសកម្មភាពរបស់លោក កឹម សុខា ជាសកម្មភាពអហិង្សា និងដើម្បីប្រជាធិបតេយ្យ។
ចំណែកលោកស្រី ម៉េងសុធារី មេធាវីការពារក្ដីឱ្យលោក កឹម សុខា ម្នាក់ទៀតបានថ្លែងថា ការនិយាយរបស់លោក កឹម សុខា នៅក្នុងវីដេអូនោះគឺមិនមែនជាអំពើនោះទេ ហើយបើតាមភ័ស្ដុតាងសំអាងក្នុងអង្គហេតុគឺអយ្យការត្រូវតែរកឱ្យឃើញថា តើលោក កឹម សុខា មានបានចុះកិច្ចព្រមព្រៀងណាមួយជាមួយបរទេសឬទេ?
ប៉ុន្តែលោក គី តិច បានអះអាងថា ក្រុមមេធាវីរបស់លោក គឺមិនមែនមានតែវីដេអូតែមួយដើម្បីចោទប្រកាន់លោក កឹម សុខា ឡើយ ប៉ុន្តែគឺលោកមានឯកសារប្រហែល ៣ វ៉ាលិសផ្សេងទៀត បើសិនតុលាការត្រូវការ។
សវនាការពីម្សិលមិញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអនុញ្ញាតឱ្យចាក់បញ្ចាំងវីដេអូរបស់ក្រុមមេធាវីលោក កឹម សុខា និងចាក់វីដេអូខាងមេធាវីដើមចោទ។ សវនាការក្នុងសប្ដាហ៍ទី ២ នឹងបន្តធ្វើនៅថ្ងៃនេះទៀត៕