The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក កឹម សុខា ទទួល​សិទ្ធិ​ជា​ប្រធាន​ស្ដីទី​ក្រោយ​លោក សម រង្ស៊ី លាលែង​ពី​មេបក្ស




លោក កឹម សុខា ទទួល​សិទ្ធិ​ជា​ប្រធាន​ស្ដីទី​ក្រោយ​លោក សម រង្ស៊ី លាលែង​ពី​មេបក្ស

Content image - Phnom Penh Post
លោក សម រង្ស៊ី ពេល​លោក​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៣។ ស្រេង ម៉េងស៊្រុន

លោក កឹម សុខា ទទួល​សិទ្ធិ​ជា​ប្រធាន​ស្ដីទី​ក្រោយ​លោក សម រង្ស៊ី លាលែង​ពី​មេបក្ស

ភ្នំពេញ: គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​បាន​សម្រេច​ប្រគល់​សិទ្ធិ​ជូន​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​ទទួល​តួនាទី​ជា​ប្រធាន​ស្ដីទី​ដើម្បី​ដឹកនាំ​គណបក្ស​រហូត​ដល់​មាន​ការ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​។

សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​ សម រង្ស៊ី ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​នេះ។

ការ​លាលែង​​តំណែង​របស់​លោក សម រង្ស៊ី​ ពី​ប្រធាន​គណបក្ស​គឺ​ដើម្បី​ចៀស​ពី​ការ​រំលាយ​គណបក្ស​​​របស់​លោក​ពី​នរណា​ម្នាក់​​ដែល​កំពុង​​រំលាយ​ឆន្ទៈ​របស់​ប្រជាជន​​ទូទាំង​ប្រទេស​ដែល​គាំទ្រ​គណបក្ស​នេះ​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​។​ បន្ទាប់ពី​កិច្ចប្រជុំ​ផ្ទៃ​​ក្នុង​កាលពី​ម្សិលមិញ​​ពាក់ព័ន្ធ​នឹង​ការ​លាលែង​តំណែង​របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ក្នុង​​សន្និសីទ​កាសែត​​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ថា​លោក សម រង្ស៊ី​ សម្រេច​លាលែង​​តំណែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​គឺជា​ការ​លាលែង​​ជា​ប្រវត្តិសាស្រ្ត​​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​មាន​ការ​​រំលាយ​ពី​នរណា​ម្នាក់​ដែល​​​បាន​ប៉ុនប៉ង​កម្ចាត់​​​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ជាតិ​។​ ទោះបី​​យ៉ាង​ណា​ក្តី​លោក​មិន​បាន​ពន្យល់​​ច្បាស់​អំពី​មូលហេតុ​ពិតប្រាកដ​​នៃ​ការ​លាលែង​​តំណែង​នេះ​ទេ​​ និង​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​លោក សម រង្ស៊ី​ ផ្ទាល់ ប៉ុន្តែ​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា​ស្ថានភាព​នយោបាយ​​នាពេល​ថ្មី​​នេះ​​មិន​មាន​លក្ខណៈ​ប្រសើរ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ទេ​។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា​៖ ​«​​​ហើយ​​ទាំងអស់​​នេះ​យើង​បាន​ឃើញ​ហើយ​ថា [​គណបក្ស​សង្គ្រោះ​ជាតិ​] បាន​ទទួល​សម្ពាធ​យ៉ាង​ណា​​ ​ការ​ប្រព្រឹត្ត​យ៉ាង​ណា​ចាប់​តាំងពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​។​ ទោះ​យ៉ាង​ណា​ក្តី​យើង​​តែងតែ​យល់​ថា​នៅ​ពេល​មាន​ភាព​លំបាក​វា​តែងតែ​មាន​ឱកាស​ [​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​]​»​។

លោក សុវណ្ណ បាន​ថ្លែង​បន្ត​ថា​៖ «​​ហើយ​នេះ​ជា​ឱកាស​ដ៏ល្អ​មួយ​​​​សម្រាប់​លោក​ប្រធាន សម រង្ស៊ី​ បង្ហាញ​គំរូ​វីរភាព​ទៅ​​​អ្នក​នយោបាយ​​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ថា​តំណែង​មិន​សំខាន់​​ទេ​»​។

លោក សុវណ្ណ ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ផង​ដែរ​ថា​មិន​មាន​អ្វី​ភ្ញាក់ផ្អើរ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​​ទេ​ពាក់ព័ន្ធ​នឹង​ការ​​លាលែង​ពី​តំណែង​របស់​លោក​ សម​ រង្ស៊ី ​ហើយ​ថា​ការ​លាលែង​នេះ​គឺជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​លោក​។

បើ​ទោះបី​ជា​​គណបក្ស​សង្គ្រោះជាតិ​​មិន​បាន​ពន្យល់​​ច្បាស់​អំពី​ការ​លាលែង​តំណែង​របស់​លោក សម រង្ស៊ី ក៏ដោយ​ ក៏​គេ​យល់​ថា​ការ​លាលែង​តំណែង​របស់​លោក សម រង្ស៊ី គឺ​​ដោយសារ​​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កំពុង​​ដំណើរការ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​​ដើម្បី​រំលាយ​​គណបក្ស​សង្គ្រោះជាតិ​​​ដែល​គេ​រំពឹង​ថា​ច្បាប់​នេះ​នឹង​ប្រហែល​ជា​ត្រូវ​បោះឆ្នោត​​ធ្វើ​វិសោធនកម្ម​មុន​ខែ​មេសា​​។

ឆ្លើយតប​នឹង​ចម្លើយ​ដែល​សួរ​ថា​តើ​នរណា​អាច​​ជា​ប្រធាន​របស់​គណបក្ស​សង្គ្រោះជាតិ​បន្ទាប់ពី​លោក សម រង្ស៊ី លាលែង​ពី​តំណែង​លោក សុវណ្ណ បាន​ថ្លែង​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​បាន​សម្រេច​​​មើល​នរណា​ម្នាក់​​ដែល​អាច​ធ្វើ​ជា​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ឡើយ​ទេ​។​ លោក​បន្ថែម​ថា​គណបក្ស​សង្គ្រោះ​ជាតិ​រង់ចាំ​សមាជ​គណបក្ស​​នៅ​ឆ្នាំ​ក្រោយ​។​ លោក​ សុវណ្ណ ក៏​បាន​ច្រាន​ចោល​ផង​ដែរ​​ចំពោះ​លិខិត​មួយ​ដែល​ចេញ​កាលពី​ម្សិលមិញ​​ដែល​ចោទប្រកាន់​ថា​ជា​លិខិត​របស់​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ឲ្យ​កោះហៅ​ប្រជុំ​ភ្លាមៗ​​ដើម្បី​តែងតាំង​ភរិយា​របស់​លោក សម រង្ស៊ី គឺ​លោកស្រី ជូឡុង សូមួរ៉ា (Tioulong Saumura) ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ លោក​ សុវណ្ណ បាន​អះអាង​ថា​វា​ជា​លិខិត​ក្លែងក្លាយ​ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​មិន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​នរណា​ដែល​​ចេញ​លិខិត​នេះ​ទេ​ដោយ​ថ្លែង​ថា​គណបក្ស​សង្គ្រោះជាតិ​​មាន​ការងារ​ច្រើន​​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជាតិ​ហើយ​ថា​ករណី​​ការ​ក្លែង​លិខិត​នេះ​គឺ​គ្មាន​ប្រយោជន៍​ទេ​។

Content image - Phnom Penh Post
លោក កឹម សុខា ញញឹម​ចេញ​ពី​បន្ទប់​ប្រជុំ​ពី​ម្សិលមិញ​ក្រោយ​ទទួល​សិទ្ធិ​ប្រធាន​ស្ដីទី។ ហេង ជីវ័ន

លោក សម រង្ស៊ី ដែល​បាន​រស់នៅ​និរទេស​បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​តុលាការ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ករណី បរិហារ​កេរ្តិ៍ បាន​សម្រេច​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ពី​សមាជិកភាព​នៃ​គណបក្ស​កាលពី​ថ្ងៃ​សៅរ៍​ហើយ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​កោះ​ប្រជុំ​កាលពី​ម្សិលមិញ​ដើម្បី​ទទួល​យក​ការ​លាលែង​របស់​លោក សម រង្ស៊ី។

លោក សម រង្ស៊ី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​អំពី​ការ​លាលែង​ពី​តំណែង​របស់​លោក​កាលពី​ម្សិលមិញ។ ប៉ុន្តែ​នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​លោក សម រង្ស៊ី មិន​បាន​ពន្យល់​អំពី​មូលហេតុ​ជាក់លាក់​ណា​មួយ​នៃ​ការ​លាលែង​ពី​តំណែង​របស់​លោក​ទេ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ការ​លាលែង​ពី​តំណែង​នេះ​គឺ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន ប៉ុន្តែ​លោក​បាន​ថ្លែង​នៅ​ក្នុង Skype ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​ថា​ការ​លាលែង​តំណែង​នេះ​មិនមែន​ដើម្បី​តែ​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ការ​រំលាយ​នោះ​ទេ ប៉ុន្តែ​លោក​ក៏​ហ៊ាន​ស្លាប់​ផង​ដែរ​ មិន​ឲ្យ​ជាតិ​ស្លាប់​ទេ។

លោក សម រង្ស៊ី ថ្លែង​ថា៖ «ការ​លាលែង​តំណែង​របស់​ខ្ញុំ​គឺ​ដើម្បី​ការពារ​គណបក្ស។ ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ជា​ប្រធាន​ហើយ​ប្រសិន​បើ​គណបក្ស​ត្រូវ​បាន​រំលាយ តើ​មាន​ន័យ​អ្វី។ វា​ធ្វើ​ឲ្យ​ខូច​អត្ថប្រយោជន៍​របស់​យើង អត្ថប្រយោជន៍​បក្ស និង​អត្ថប្រយោជន៍​ជាតិ។ យើង​ចង់​មាន​ការ​បោះឆ្នោត។ យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​តាមរយៈ​ការ​បោះឆ្នោត ប៉ុន្តែ​ពួកគេ [គណបក្ស​ប្រជាជន​កម្ពុជា] មាន​បំណង​ចង់​រំលាយ​គណបក្ស​របស់​យើង ហើយ​ប្រសិន​បើ​គណបក្ស​របស់​យើង​ត្រូវ​បាន​រំលាយ យើង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត ការ​បោះឆ្នោត​គ្មាន​ន័យ ប៉ុន្តែ​យើង​ក៏​បាត់បង់​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែល​ប្រជាជន​ខ្មែរ​ចង់​បាន។ គ្រប់​ទាំងអស់ ខ្ញុំ​នៅ​តែ​រក្សា​ឧត្តមគតិ​នៅ​ក្នុង​បេះដូង​របស់​ខ្ញុំ»។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​គឺ​មិន​ពាក់ព័ន្ធ​នឹង​ប្រធាន​គណបក្ស និង​គណបក្ស​ទេ ហើយ​លោក​ថា​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ជាប់​ទោស​រួច​ហើយ និង​ក្លាយ​ជា​ទណ្ឌិត លោក​ពិត​ជា​ប្រឈម​មុខ​នឹង​ការ​រារាំង​ពី​ការ​ធ្វើ​ជា​ប្រធាន​គណបក្ស​ បន្ទាប់ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន។

លោក សុខ ឥសាន បាន​ថ្លែង​បន្ត​ថា៖ «លោក សម រង្ស៊ី ជា​ទណ្ឌិត​រួច​ហើយ។ នៅ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​ចេញ ទណ្ឌិត សម រង្ស៊ី មិន​អាច​ជា​ប្រធាន​ [គណបក្ស]។ នេះ​ច្បាស់​រួច​ហើយ»។ «ចំពោះ​គណបក្ស​សង្គ្រោះជាតិ​គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​អ្វី​ទេ ពីព្រោះ​គាត់​មិន​ធ្វើអ្វី​ខុស បើ​ទោះបី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​ធ្វើអ្វី​ខុស​ច្បាប់​នឹង​មាត្រា​ណា​មួយ​ដែល​ចែង​បទល្មើស​ធ្ងន់ធ្ងរ ច្បាប់​នឹង​រំលាយ [រំលាយ​គណបក្ស​នោះ]»៕ PS

អត្ថបទគួរចាប់អារម្មណ៍