ភ្នំពេញៈ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងលាក់ខ្លួននៅទីស្តីការគណបក្សលោក កឹម សុខា បានបញ្ចេញសារនយោបាយដ៏កម្រមួយថា វាជាពេលវេលាមួយដែលគណបក្សនយោបាយគួរជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាជាតិ និងបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងខណៈដែលបក្សកាន់អំណាចនៅរក្សាជំហរបិទផ្លូវចរចាដរាបណាបក្សប្រឆាំងនៅតែរិះគន់រដ្ឋាភិបាលដែលអ្នកនាំពាក្យហៅថាចាប់ដៃ ជាន់ជើង។
បន្ទាប់ពីគេចពីការប៉ុនប៉ងចាប់ខ្លួនរបស់សមត្ថកិច្ចទៅលាក់ខ្លួននៅស្នាក់បក្សជាងមួយខែមកនេះលោក កឹម សុខា មិនបានចុះទៅមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ និងមិនសូវហ៊ានថ្លែងសារនយោបាយធ្ងន់ៗនោះដូចមុនទេ។
ប៉ុន្តែកាលពីម្សិលមិញប្រធានស្តីទីបក្សរូបនេះបានសរសេរនៅលើ ហ្វេសប៊ុក ថា៖ «ខ្ញុំសង្កេតឃើញថា ទោះបីក្នុងកាលៈទេសៈខ្លះក្នុងក្រុម ឬបក្សខ្លះមិនអាចបញ្ចេញនូវស្មារតីស្នេហាជាតិក៏ដោយក៏ប៉ុន្តែខ្ញុំ កឹម សុខា នៅតែមានជំនឿថាខ្មែរមានឈាមអ្នកស្នេហាជាតិមិនសាបរលាបឡើយ។
លោកបន្តថា៖ «ខ្ញុំយល់ថាល្មមដល់ពេលវេលាដែលខ្មែរយើងត្រូវបង្កើនការជឿទុកចិត្តគ្នាតាមរយៈការបង្ហាញនូវឧត្តមគតិ និងការទទួលស្គាល់នូវតម្លៃថាយើងជាខ្មែរសុទ្ធតែមានឈាមជ័រជាអ្នកស្រឡាញ់ជាតិខ្មែរដូចគ្នា ទោះបីកំពុងដឹកនាំ ឬគាំទ្រគណបក្សនយោបាយផ្សេងគ្នាក៏ដោយ។
«យើងត្រូវផ្តល់នូវសេចក្តីសុខឲ្យគ្នាទៅវិញទៅមកឈប់លាបពណ៌គ្នា ឈប់គំរាមកំហែងគ្នា ឈប់កាប់សម្លាប់គ្នា ឈប់គុំកួន សងសឹកគ្នា ដោយងាកមករិះរកគំនិតជាវិជ្ជមាន ដើម្បីបម្រើប្រជាពលរដ្ឋខ្មែរការពារមាតុភូមិកម្ពុជា និងកសាងជាតិខ្មែរជាមួយគ្នាឲ្យថ្លៃថ្នូរ សម្បូររុងរឿងសម្រាប់អនាគតខ្មែរយើងទាំងអស់គ្នាវិញ»។
ទោះបីជាមានការលើកឡើងដូច្នេះក្ដីប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថា ការបញ្ចេញសាររបស់មេដឹកនាំគណបក្សប្រឆាំងគ្រាន់តែធ្វើដើម្បីឱ្យតែល្អមើលប៉ុណ្ណោះ។
លោកថា៖ «សម្តីថាទៅឆ្វេងតែទៅវ៉ៃស្តាំដូចបញ្ឆោតគេអ៊ីចឹងគាត់និយាយថាចង់សុខស្រួលចង់ត្រូវគ្នាណាស់ខ្មែរ និងខ្មែរមិនសមបែកបាក់ ប៉ុន្តែ សួរអ្នកណាបង្កើតឱ្យបែកបាក់គឺគ្នាគាត់ហ្នឹងនិយាយសុទ្ធតែដៀមដាមអីហ្នឹង ដូចជាហូបបាយជាមួយក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម សម រង្ស៊ី អ៊ីចឹងហូបបាយហើយមិនទាន់លាងមាត់ស្រួលបួលផងទៅថាសម្តេច ហ៊ុន សែន ភ័យខ្លាចធ្លាក់អំណាចមានបញ្ហាអ៊ីចឹងបានឱ្យកូនសម្តេចមកយកចិត្តយកថ្លើមកូនគាត់»។
លោកថាទង្វើនេះគឺជាការដុតកម្តៅដាក់គ្នាមិនមែនជាការបង្រួបបង្រួមនោះទេ។ យ៉ាងនេះក្តីលោកសង្កត់ធ្ងន់ថាបក្សកាន់អំណាចនឹងមិនបើកផ្លូវចរចានោះទេបើបក្សប្រឆាំងមិនឈប់រិះគន់រដ្ឋាភិបាល និងរង់ចាំតុលាការបញ្ចប់នីតិវិធីលើសកម្មជនគណបក្សប្រឆាំងផងដែរ។
លោកថា៖ «ហួសពេលចរចារួចទៅហើយវប្បធម៌សន្ទនាមិនអាចអនុវត្តបានទេនៅចំពោះមុខគាត់ធ្វើឱ្យបែកបាក់ហើយអ៊ីចឹងអត់មានហៅឡើងវិញមកចរចាគ្នាមិនតាមចិត្តគាត់ទេគឺធ្វើតាមសភាពការណ៍ជាក់ស្តែងហើយកុំឱ្យតែវ៉ៃគណបក្សប្រជាជន ឬដៀមដាមទៅបានហើយកុំនិយាយបាតដៃខ្នងដៃអ៊ីចឹងយើងទទួលបានហើយកុំឱ្យលេងចាប់ដៃជាន់ជើង»។
លោកបានបញ្ជាក់ទៀតថាបក្សទាំងពីរអាចត្រូវគ្នាវិញ «ក្រោយពីតុលាការបញ្ចប់នីតិវិធីចំពោះជនល្មើសច្បាប់ប៉ុន្មាននាក់ដែលជាប់ពាក់ព័ន្ធនីតិវិធីរបស់តុលាការ យើងមិនមែនបិទផ្លូវចរចាក្នុងវប្បធម៌សន្ទនាទេ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថា ថ្មីៗនេះគណបក្សមិនបានទាក់ទងទៅបក្សកាន់អំណាចជាថ្មី ដើម្បីចរចាទេបន្ទាប់ពីការស្នើសុំលើកមុនមិនទទួលបានការឆ្លើយតបជាវិជ្ជមាន។ បែបនេះក្តី លោកថា បក្សសង្គ្រោះជាតិនៅតែចង់ជួបចរចាជាមួយគណបក្សកាន់អំណាចដើម្បីដោះស្រាយវិបត្តិនយោបាយ។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ សម្តែងការគាំទ្រការថ្លែងរបស់លោក កឹម សុខា និងជំរុញឱ្យបក្សកាន់អំណាចបើកចិត្តទូលាយក្នុងការចរចាដើម្បីប្រយោជន៍រួម។
លោកថា៖ «អ្វីដែលគាត់បានអំពាវនាវគឺជាសារដែលខ្ញុំបានលើកឡើងរាប់ឆ្នាំព្រោះវប្បធម៌គំរាមកំហែង និងលាបពណ៌ធ្វើឱ្យបាត់ការជឿទុកចិត្តបានអ៊ីចឹងឈានដល់ការប្រេះឆាហើយគ្រោះថ្នាក់ណាស់សម្រាប់ប្រទេសជាតិ»។
យ៉ាងនេះក្តីលោកសោកស្តាយដែលបក្សកាន់អំណាចមិនបើកការចរចានាពេលនេះ។
លោកថា៖ «បានន័យថាគណបក្សប្រជាជនហាក់បីដូចជាអត់មានឆន្ទៈចរចាតែបើអត់ចរចាវាមានប្រយោជន៍អីសម្រាប់បក្សប្រជាជនព្រោះបច្ចុប្បន្នបក្សប្រជាជនត្រូវការពេលវេលា ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋអ៊ីចឹងភាពស្ងប់ស្ងៀមនៃនយោបាយជារឿងមិនល្អសម្រាប់បក្សកាន់អំណាច»។
កាលពីថ្ងៃទី ៨ ខែ កក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ថាន់ ឡេង បានចេញបម្រាមហាមឃាត់មិនឲ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេសដោយដាក់លោកស្ថិតនៅក្រោមការគ្រប់គ្រងរបស់តុលាការដើម្បីងាយស្រួលក្នុងការបង្គាប់ឲ្យចូលខ្លួនសម្រាប់ការសាកសួរនៅពេលណាមួយទាក់ទងនឹងបទចោទប្រកាន់ដែលលោកបដិសេធមិនចូលបំភ្លឺកាលពីថ្ងៃ ទី ២៦ ខែឧសភា តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌជាបទល្មើសដែលច្បាប់ផ្តន្ទាទោសជាប់ពន្ធនាគារ៕