ភ្នំពេញៈ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សេរីភាព​ត្រូវ​បាន​រឹតត្បិត​តឹងរ៉ឹង​បំផុត​​ទាំង​ការ​ដើរហើរ​ និង​ទំនាក់ទំនង​​ជាមួយ​សាធារណជន​។

លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

ប៉ុន្តែ ដីកា​សម្រេច​ដោះលែង​នេះ​បាន​កម្រិត​សិទ្ធិ​សេរីភាព​របស់​លោក​យ៉ាង​តឹងរ៉ឹង​ និង​ច្បាស់លាស់​បំផុត​ដែល​មេធាវី​យល់​​ថា វា​ស្មើ​នឹង​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​។

យោង​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី ដែល​មាន​ទាំង​ការទទួល​ដំណឹង​របស់​ព្រះរាជអាជ្ញា​លោក សៀង សុខ ផង​នោះ​បាន​បញ្ជាក់​ថា​លោក កឹម សុខា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយសារ​ហេតុផល​សុខភាព​របស់​លោក​នឹង​ដើម្បី​ធានា​ឲ្យ​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ចំពោះ​មុខ​តុលាការ និង​ដើម្បី​​ចៀសវាង​ការរាំងស្ទះ​ក្នុង​នីតិវិធី​ស៊ើបសួរ​។

ដីកា​ដដែល​បាន​បញ្ជាក់​ថា ការ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ​ត្រូវ​គោរព​កាតព្វកិច្ច​មួយ​ចំនួន​ដូចជា​៖ «​ក្រៅពី​លំនៅឋាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​លេខ​ ៣១៣ មិន​ត្រូវ​ចេញ​ក្រៅពី​​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​ ៣១៣ ផ្លូវ​ ៣១១ និង​ផ្លូវ​ ៦០៨​។ ​ក្នុង​ករណី​ចាំបាច់​ដោយសារ​ហេតុផល​សុខភាព​ដែល​ត្រូវ​ចាកចេញ​ពី​ព្រំប្រទល់​ដែនដី​នេះ​ត្រូវ​រាយការណ៍​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ ឬ​ចៅក្រម​ដែល​មាន​សមត្ថកិច្ច​»​។

ដីកា​បាន​បន្ត​ថា​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​លោក​មិន​ត្រូវ​ជួប​បុគ្គល​មួយ​ចំនួន​ដែល​រួម​មាន​ «​អតីត​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ដែល​អាច​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង ជនបរទេស ជាពិសេស​ជនបរទេស​ដែល​អាច​មាន​ការពាក់ព័ន្ធ​នឹង​សំណុំ​រឿង​»​។

លើស​ពី​នេះ​ទៀត​ចៅក្រម​ស៊ើបសួរ​ហាម​មិន​ឲ្យ​លោក កឹម សុខា ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ ឬ​សកម្មភាព​នយោបាយ​ផ្សេង​ទៀត​។ ក្នុង​ករណី​ដែល​លក្ខខណ្ឌ​ខាង​លើ​មិន​ត្រូវ​បាន​អនុវត្តតាម​ចៅក្រម​ស៊ើបសួរ​តម្រូវ​ឲ្យ​សមត្ថកិច្ច​រាយការណ៍​ជូន​តុលាការ​។

ចៅក្រម គី ឫទ្ធី បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ជន​ត្រូវ​ចោទ​គេចវេះ​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្ដោះអាសន្ន​បាន​»​។

លោកស្រី ម៉េង សុភារី មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត​របស់​លោក កឹម សុខា បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បើ​ទោះបី​ជា​ដីកា​សម្រេច​មិន​បាន​សរសេរ​ថា​លោក​ កឹម សុខា ស្ថិត​នៅ​ក្រោម​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក៏ដោយ ក៏ប៉ុន្តែ​ការកម្រិត​សេរីភាព​របស់​លោក​បែប​នេះ​គឺ​មិន​ខុស​ពី​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​ការសម្រេច​នេះ​មិន​សរសេរ​ថា​ដាក់​នៅក្នុង​ការឃុំ​ក្នុង​ផ្ទះ​ទេ ក៏​ប៉ុន្តែ​ការដើរហើរ​គឺ​មាន​កម្រិត​ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ​កម្រិត​ព្រំ​ប្រទល់​ក្នុង​ការ​ដើរហើរ​មាន​ន័យ​ថា ដើរ​តែ​ក្នុង​ព្រំប្រទល់ គេ​គូស​ផែនទី​ឲ្យ​គាត់​ដើរ​។ ដូច្នេះ​ហើយ​អ្វី​ដែល​កូន​គាត់​និយាយ​វា​ស្ទើរតែ​មិន​ខុស​នោះ​ទេ​»​។ លោកស្រី​អះអាង​ដូច្នេះ​សំដៅ​ដល់​ការលើក​ឡើង​របស់​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ឪពុក​របស់​កញ្ញា​កំពុង​ស្ថិត​នៅក្នុង​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា​ការដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​គឺជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ហើយ​វា​មិនមែន​ជា​ការដាក់​លោក កឹម សុខា ក្នុង​ការ​ឃុំខ្លួន​នៅ​ផ្ទះ​ទេ​។

លោក ជិន ម៉ាលីន ថ្លែង​ថា​៖ «​ការដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នេះ គឺជា​ការ​អនុវត្ត​នីតិវិធី​ច្បាប់ ហើយ​វា​មិនមែន​ជា​ការដោះលែង​ឲ្យ​រួចខ្លួន ឬ​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​នោះ​ទេ​បាន​ន័យ​ថា ដំណើរការ​នីតិវិធី​តុលាការ​នៅ​តែ​ដំណើរការ​ទៅ​មុខ​ទៀត រហូត​ដល់​ពេល​សវនាការ​លើ​សំណុំ​រឿង​នេះ​»​។

លោក​បន្ត​ថា​៖ «​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ ឬ​មិន​ឃុំ​គឺ​យើង​មិន​មាន​បញ្ញត្តិ​ច្បាប់​អី​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ នេះ​គឺជា​សិទ្ធិ​របស់​គាត់​ទេ គាត់​ចង់​នៅក្នុង​ផ្ទះ​ ឬ​មិន​នៅ​ក្នុង​ផ្ទះ​គឺជា​រឿង​របស់​គាត់​។ អ្វី​សំខាន់​គាត់​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដែល​តុលាការ​បាន​កំណត់​ឲ្យ​»​។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ហៅ​កាត់​ថា APHR បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្វាគមន៍​ការដោះលែង​នេះ ប៉ុន្តែ​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ពី​លោក កឹម សុខា ទាំង​ស្រុង​។

សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ភ្លាមៗ​កាលពី​ម្សិលមិញ​បាន​សរសេរ​ថា​៖ «​លោក កឹម សុខា គួរ​ត្រូវបាន​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ ហើយ​ការ​ចោទប្រកាន់​ទាំងអស់​ត្រូវ​បាន​ទម្លាក់ចោល​។ យើង​ស្វាគមន៍​ចំពោះ​ការដោះលែង​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅ​ពន្ធនាគារ ប៉ុន្តែ​វា​នៅតែ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​ចាំបាច់​»​។

APHR បាន​បន្ត​ថា​ដោយសារ​តែ​កម្ពុជា​មាន​រដ្ឋ​សភា​ដែល​មាន​បក្ស​តែ​មួយ ហើយ​មិនមាន​គណបក្ស​ប្រឆាំង​ពិតប្រាកដ​នោះ មជ្ឈដ្ឋាន​អន្តរជាតិ​នឹង​នៅ​តែ​ឃ្លាំមើល​រហូត​ដល់​មាន​ការ​បោះឆ្នោត​មួយ​ដែល​សេរី​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ អន្តរជាតិ​នៅ​តែ​មើល​ឃើញ​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​។ APHR យល់​ឃើញ​ថា ការ​ដោះលែង​បណ្ដោះអាសន្ន​នេះ​បង្ហាញ​ថា​រដ្ឋាភិបាល​មួយ​កំពុង​ស្វែងរក​ភាពស្រប​ច្បាប់​ក្រោយ​ពេល​បាន​គ្រប់គ្រង​រដ្ឋសភា និង​ប្រទេស​តាមរយៈ​ «​ការបោះឆ្នោត​ក្លែងក្លាយ​»​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា​ការដោះលែង​លោក កឹម សុខា មិនមែន​ជា​រឿង​ចៃដន្យ ឬ​ក៏​កើតឡើង​ដោយ​ចិត្ត​អធ្យាស្រ័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ទេ​។

លោក​ថ្លែង​ថា​៖ «​វា​ភ្ជាប់​នឹង​ការផ្ដល់​កិត្តិយស​លើ​កាតព្វកិច្ច​របស់​លោក​ក្រោម​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​ «​អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​» ជាមួយ​នឹង​សហភាព​អឺរ៉ុប​ដែល​គេ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា បូករួម​ទាំង​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក និង​ការធ្វើ​ដំណើរ​របស់​លោក​ខាង​មុខ​នេះ​ទៅ​ចូលរួម​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ក៏​ដូចជា​ការចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​។ លោក​ប្រហែល​ជា​ត្រូវ​បាន​គេ​មិន​រាប់រក ឬ​មាន​អារម្មណ៍​អាម៉ាស់​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ទាំង​នោះ​»​។

លោក​សាស្ត្រាចារ្យ សូ ចន្ថា ថ្លែង​ថា​ការដោះលែង​នេះ​ស្ថិត​នៅ​លើ​ទិដ្ឋភាព​ ៣ ​យ៉ាង​គឺ វា​ជា​ការ​ត្រៀម​របស់​គណបក្ស​កាន់​អំណាច​ក្រោយ​ពេល​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី ឬ​ដោយសារ​តែ​សម្ពាធ​ពី​អន្តរជាតិ​ដែល​ប៉ះពាល់​ដល់​ភាពស្រប​ច្បាប់ និង​ទី​ ៣ ​គឺ​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ខ្សោយ​ហើយ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី កាលពី​ម្សិលមិញ​ក៏​បាន​សាកសួរ​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA ក្នុង​នាម​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា​។ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ការសាកសួរ​លោក វន់ ពៅ ថ្លែង​ថា​តុលាការ​បាន​សាកសួរ​លោក​អំពី​ករណី​បាតុកម្ម តែ​មិន​លម្អិត​ទេ​។

លោក​បាន​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «​សំណួរ​សួរ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ចុង​ឆ្នាំ​​ ២០១៣ ដើម​ឆ្នាំ​ ២០១៤ និង​សួរ​អំពី​ទំនាក់ទំនង​រវាង​យើង និង​ឯកឧត្តម កឹម សុខា នេះ​ជា​សំណួរ​សំខាន់​»​។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៣ ​ខែ​កញ្ញា ឆ្នាំ​ ២០១៧ នៅ​ពេល​យប់​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» តាម​មាត្រា​ ៤៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ បទល្មើស​ដែល​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៣០ ​ឆ្នាំ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​អ្វី​ដែល​បាន​បញ្ជាក់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ហ្នឹង​បាន​បញ្ជាក់​ពី​មូលហេតុ​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​គាត់​ដែល​ជា​ការស្នើសុំ​។ វា​អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អី​ទេ​»​។

លោក​អះអាង​បន្ថែម​ទៀត​ថា​៖ «​អង្គការ​ក្រៅ​រដ្ឋាភិបាល​គាត់​និយាយ​តាម​ទំនើង​ចិត្ត​​របស់​គាត់ គាត់​មិនមែន​អ្នក​ច្បាប់ មិនមែន​អ្នក​ច្បាប់​ទម្លាប់​។ ​តុលាការ​គេ​បាន​ពន្យល់​ប្រាប់​ថា មូលហេតុ​នៃ​ការដោះលែង​ជា​ទិដ្ឋភាព​ច្បាប់ ហើយ​ជា​ស្ថាប័ន​វិជ្ជាជីវៈ​យើង​អត់​អាច​ទៅ​លូកលាន់​រឿង​នេះ​ទេ​»៕

រាយការណ៍​បន្ថែម​ដោយ វ៉ន ដារ៉ា ​