ភ្នំពេញៈ ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​លោក កឹម សុខា ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​អំពាវនាវ​សាជាថ្មី​សូម​ឲ្យ​តុលាការ​ទម្លាក់ចោល​បទចោទ​លើ​រូបលោក​នៅ​ថ្ងៃ​ខួប​ ៣ ​ឆ្នាំ​នៃ​ការចាប់ខ្លួន​។ ប៉ុន្តែ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថ្លែងថា មាន​តែ​តុលាការ​ទេ ដែល​ជា​អ្នកសម្រេច​ដោយ​ផ្អែកលើ​អង្គហេតុ អង្គច្បាប់ សាក្សី និង​ភ័ស្តុតាង​។

លោក កឹម សុខា បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា គិត​ត្រឹម​ថ្ងៃទី​ ២ ខែ​កញ្ញា ២០២០ វា​មាន​រយៈពេល​ ៣ ​ឆ្នាំ​ហើយ ដែល​លោក​បាន​បាត់បង់​សេរីភាព និង​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ​ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក​ថា ប្រទេស​ជាតិ​ត្រូវការ​បោះជំហាន​វិជ្ជមាន​ជាជាង​ការជាប់​មន្ទិលសង្ស័យ​នៃ​ភាពអវិជ្ជមាន​ណាមួយ​នៅក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​។

លោក​សរសេរ​ថា​៖ «​កាលៈទេសៈ​នេះ ខ្មែរ​គួរតែ​មាន​ការផ្សះផ្សា​ជាតិ ឯកភាព​ជាតិ​ហើយ​ខ្ញុំ​គួរតែ​មាន​សិទ្ធិសេរីភាព​ពេញលេញ ដើម្បី​អាច​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរយើង ជាពិសេស​ចូលរួម​រក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ប្រឈម​ដ៏សំខាន់​បំផុត​គឺ​ «​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​» ដែល​នឹងត្រូវ​រងផលប៉ះពាល់​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ផ្ទាល់ និង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​»​។

លោក​បន្តថា​៖ «​ឆ្លងតាម​សវនាការ​នៅ​តុលាការ​កន្លងមក ខ្ញុំ​មើលឃើញ​ថា មិនមាន​ភ័ស្តុតាង​ដាក់បន្ទុក​ជាក់លាក់ និង​គ្រប់គ្រាន់ ដែល​អាច​ចោទ​ខ្ញុំ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ក្នុង​នោះ​ខ្ញុំ​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​លាស់ និង​បង្ហាញ​សព្វគ្រប់​ហើយ​ថា ទាំង​កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត ខ្ញុំ​មិនមាន​ចេតនា មិនបាន​ប្រព្រឹត្ត និង​មិន​គាំទ្រ​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាដាច់ខាត​»​។

លោក​ជឿជាក់​ថា មាន​មតិ​ជាតិ មតិ​អន្តរជាតិ ជាពិសេស​សមត្ថកិច្ច​ថ្នាក់ដឹកនាំ ក៏ដូចជា​ចៅក្រម​ផងដែរ បាន​យល់​ និង​ទទួលស្គាល់​ថា លោក​មិនមាន​ចេតនា មិន​បាន​ប្រព្រឹត្ត និង​មិនគាំទ្រ​នូវ​អំពើហិង្សា​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ឈរលើ​ស្មារតី​ខាងលើ​នេះ​រួម​ទាំង​ស្មារតី​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ខ្ញុំ​សូម​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទចោទប្រកាន់​មកលើ​រូបខ្ញុំ និង​ផ្តល់​សិទ្ធិ​សេរីភាព​​ពេញលេញ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បន្ត​ចូលរួម​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កាលៈទេសៈ​នៃ​ស្ថានភាព​បច្ចុប្បន្ននេះ និង​ទៅ​អនាគត​»​។

ទោះយ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែង​ថា​លោក កឹម សុខា មាន​សិទ្ធិ​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​នៅលើ​តុលាការ​ដែល​នឹង​សម្រេច​ក្ដី​ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ភ័ស្តុតាង​សាក្សី និង​សក្ខីកម្ម​ដែលមាន​ជា​ធរមាន​។ លោក​ថ្លែងថា​៖ «​ការស្នើសុំ​នេះ​ជា​សិទ្ធិ​របស់គាត់ ប៉ុន្តែ​គាត់​ត្រូវ​ចូលរួម​ក្នុង​នីតិវិធី​បន្តទៀត ហើយ​បង្ហាញ​មូលដ្ឋាន​រឹងមាំ​ដើម្បី​ធ្វើការ​ដោះ​បន្ទុក​។ នេះ​ជា​បែបបទ​ជា​នីតិវិធី​ច្បាប់​»​។

សវនាការ​លោក កឹម សុខា លើ​បទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្អាក​ជា​បណ្ដោះអាសន្ន​តាំងពី​ខែមីនា ដោយសារ​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។ មេធាវី​ ១ ​រូប​របស់​លោក កឹម សុខា គឺ​លោក​ ចាន់ ចេន ថ្លែង​ពី​ម្សិលមិញ​ថា រហូត​មក​ទល់​ពេលនេះ មិនមាន​អ្វី​វិវត្ត​ថ្មី​ទេ គឺ​តុលាការបន្ត​ផ្អាក​សវនាការ​ដដែល​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការបកស្រាយ​ទៅលើ​ការលើកឡើង​របស់​លោក​ កឹម សុខា បានទេ​កាលពី​ម្សិលមិញ​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​យល់ឃើញ​ថា លោក​ កឹម សុខា ចង់​រំឭក​ពី​ការចាប់ខ្លួន​លោក​។ កាលពីពេល​ថ្មីៗ​នេះ​លោក​ សុខា បាន​ចុះ​ទៅតាម​ខេត្ត ដើម្បី​ស្ទាបស្ទង់​មើល​ថា តើ​ការហាម​ប្រាម​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ​ហាម​ក្នុង​កម្រិតណា​។

លោក​ថ្លែងថា​៖ «​ការប្រកាស​របស់​គាត់​តាម​ហ្វេសប៊ុក វា​មិន​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​រូបលោក​ទេ ព្រោះ​អត់​មាន​ឥទ្ធិពល​អី​ទៅ​លើ​តុលាការ ឬ​ក៏​គណបក្ស​កាន់​អំណាច​ទេ​។ គណបក្ស​កាន់​អំណាច​គេ​ចង់​ឲ្យ​តែ​គូបដិបក្ខ​ទន់ខ្សោយ​ទេ​»៕