
លោក កឹម សុខា ចេញពីតុលាការកាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្នុងអង្គជំនុំជម្រះកាលពីម្សិលមិញដែលជាការបន្តសវនាការនៃសប្ដាហ៍ទី ៤ លើសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេសលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់ថា គណបក្សសិទ្ធិមនុស្ស គឺត្រូវបានបង្កើតឡើងដោយខ្មែរដើម្បីបម្រើផលប្រយោជន៍ខ្មែរ គឺមិនមែនបង្កើតឡើងដោយបរទេសដើម្បីបម្រើផលប្រយោជន៍ឱ្យបរទេសនោះទេ។
ការបញ្ជាក់របស់លោក កឹម សុខា បានធ្វើឡើងក្រោយពីមានការសួរដេញដោលច្រើនដោយលោក លី ច័ន្ទតុលា មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ៤ នាក់ តំណាងឱ្យរដ្ឋាភិបាលពាក់ព័ន្ធនឹងការបង្កើតគណបក្សសិទ្ធិមនុស្ស និងសកម្មភាពរបស់លោក កឹម សុខា ក្នុងនាមជាប្រធានគណបក្សនេះចាប់តាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។
សំណួរទាំងនោះមានដូចជាថាតើមានថវិកា ឬអ្នកណាជួយបង្កើតគណបក្សសិទ្ធិមនុស្សនេះ និងសំណួរជុំវិញសកម្មភាពមួយចំនួនរបស់លោក កឹម សុខា ដែលពាក់ព័ន្ធទៅនឹងអង្គការដែលទទួលបានជំនួយពីសហរដ្ឋអាមេរិកដូចជា IRI NDI និងទីភ្នាក់ងារ USAID ជាដើម។
លោក កឹម សុខា បានឆ្លើយនៅក្នុងសវនាការថា៖ «ការបង្កើតគណបក្សសិទ្ធិមនុស្ស គឺមានបំណងចូលរួមការបោះឆ្នោតដែលត្រូវធ្វើឡើងដោយត្រឹមត្រូវ ដើម្បីឱ្យមានការផ្លាស់ប្ដូរដោយអហិង្សា ដោយសារខ្ញុំសង្កេតឃើញថា ប្រវត្តិសាស្ដ្ររបស់កម្ពុជាកន្លងមកតែងមានការបង្ហូរឈាមគ្នាដើម្បីផ្លាស់ប្ដូរមេដឹកនាំតាមរយៈការធ្វើរដ្ឋប្រហារបង្ហូរឈាមខ្មែរគ្នាឯង និងការឱ្យបរទេសឈ្លានពាន ដូចជាឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៩ ជាដើម»។
លោក កឹម សុខា បានបន្តថា៖ «ខ្ញុំមានបំណងដើម្បីឱ្យខ្មែររួបរួមគ្នា ហើយខ្ញុំហ៊ានពលីគ្រប់យ៉ាងដើម្បីឱ្យកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យ និងសេរីភាពពិតប្រាកដ និងខ្ញុំហ៊ានដើម្បីឱ្យរួចចាកផុតពីការឈ្លានពានពីបរទេស និងមិនស្ថិតក្រោមរណបរបស់បរទេសជាដើម»។
លោក កឹម សុខា បានអះអាងទៀតថា ចំពោះសកម្មភាពរបស់លោកកន្លងមកដែលបានជួបជាមួយតំណាងរដ្ឋាភិបាលអាមេរិក ហើយបានស្នើសុំជំនួយនោះ គឺដើម្បីផ្ដល់ទៅឱ្យទីភ្នាក់ងាររបស់អាមេរិកនៅកម្ពុជាដូចជា IRI NDI និងUSAID ជាដើម និងមិនមែនសម្រាប់ផ្ដល់ជំនួយនោះមកឱ្យគណបក្សសិទ្ធិមនុស្សនោះទេ។ ការស្នើសុំថវិកាទាំងនោះគឺដើម្បីផ្ដល់ឱ្យទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ធ្វើសកម្មភាពជួយការបណ្ដុះបណ្ដាលក្នុងការពង្រឹងសមត្ថភាពរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងការបោះឆ្នោតប៉ុណ្ណោះ។
ដូចសវនាការនាពេលកន្លងមកដែរ ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានស្នើឱ្យតុលាការគួរបើកការពិភាក្សាដេញដោលលើអង្គហេតុ ដែលជាអំពើណាមួយរបស់លោក កឹម សុខា ដែលត្រូវតុលាការបានយកចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ។ ក្រុមមេធាវីនេះមិនចង់ឱ្យតុលាការបន្តសួរដេញដោលតែទៅលើពាក្យសម្ដី ១ ម៉ាត់ៗរបស់លោក កឹម សុខា ដែលពាក្យសម្ដីទាំងនោះគ្រាន់តែជាតម្រុយសម្រាប់ស្វែងរកភ័ស្ដុតាង។
ការស្នើសុំរបស់ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា នេះបានធ្វើឡើងបន្ទាប់ពីខាងមេធាវីដើមចោទរបស់រដ្ឋាភិបាលបានសួរលោក កឹម សុខា ឱ្យបកស្រាយនូវពាក្យសម្ដីមួយចំនួនដែលពួកគេយល់ថា លោក កឹម សុខា អាចត្រូវរ៉ូវជាមួយបរទេសជាសម្ងាត់។
លោក ចាន់ ចេន មេធាវីការពារក្ដីឱ្យលោក កឹម សុខា ថ្លែងថារយៈពេលកន្លងមកនេះតុលាការមិនទាន់ពិភាក្សាលើអង្គហេតុដែលជាអំពើក្បត់ជាតិរបស់លោក កឹម សុខា នោះទេ ហើយក៏មិនឃើញតុលាការកោះហៅភាគីបរទេសណាមួយដែលលោក កឹម សុខា បានលួចឃុបឃិតជាសម្ងាត់នោះដែរ។
លោកមេធាវីថ្លែងថា៖ «ចំពោះបទចោទថាកូនក្ដីខ្ញុំឃុបឃិតជាមួយបរទេស ក៏ប៉ុន្តែមកដល់ពេលនេះតុលាការមិនបានធ្វើការចោទប្រកាន់ទៅលើភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេស ឬក៏កោះហៅជនបរទេសក្នុងក្របខ័ណ្ឌជាសហចារី ជនសមគំនិតជាសាក្សីនៅឡើយទេ»។ សវនាការរយៈពេល ១ ថ្ងៃកាលពីម្សិលមិញគឺតុលាការបានបិទបញ្ចប់ការសាកសួរដេញដោលអំពីការបង្កើតគណបក្សសិទ្ធិមនុស្ស និងការធ្វើជាប្រធានគណបក្សចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។ នៅថ្ងៃនេះតុលាការនឹងបន្តសាកសួរទៅលើភ័ស្ដុតាងដោះបន្ទុក ដែលក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ជូនតុលាការ៕