លោក សម រង្ស៊ី ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​ក្នុង​ទីក្រុង​គូឡា​ឡាពួរ កាល​លពី​រសៀល​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ទីក្រុង​ប៉ារីស​ជា​ទី​ដែល​លោក​បាន​រស់​នៅ​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ​ដោយ​និរទេស​ខ្លួន​ឯង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​គោរព​ការ​សម្រេច​ចិត្ត​របស់​ម៉ាឡេស៊ី​ករណី​លោក​ពីព្រោះ​កម្ពុជា​បាន​ស្នើ​សុំ​វិធានការ​រួច​ហើយ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «កន្លង​មក​កម្ពុជា​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​សមាជិក​អាស៊ាន​ដូច​គ្នា​ទាំង​អស់​ ហើយ​បាន​បញ្ជូនដំណឹង​អំពី​ឧក្រិដ្ឋជន​ដែល​រត់​គេច​ខ្លួន​ទាំង​៩​រូប​នោះ។ អ៊ីចឹង​​យើង​អត់​មាន​ធ្វើ​ទំនាក់​ទំនង​អ្វី​បន្ថែម​ទៀត​ទេ ហើយ​កន្លង​មក​នេះ​ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​ថា​លោក​នាយក​រដ្ឋ​មន្ត្រី មហាធៀ មហាម៉ាត់​ លោក​បាន​ថ្លែង​ហើយ​ថា​លោក​មិន​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​ប្រទេស​ណា​មួយ​ទេ ហើយ​ទី២​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​មួយ​ប្រើ​ប្រាស់​ទឹក​ដី​ម៉ាឡេស៊ី​ដើម្បី​ធ្វើការ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ដទៃ​ទៀត​ទេ»។

លោក​ថ្លែង​ថា៖ «កម្ពុជា​តែង​គោរព​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​និង​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ដែល​យើង​មាន​គោល​ការណ៍​ដូច​គ្នា​គឺ​ការ​មិន​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​គ្នា។ ដូច្នេះ​វត្តមាន​ថា​គាត់​មក​ដល់​ប្រទេស​ណា​មួយ​ ខ្ញុំ​គ្មាន​យោបល់​ទេ​ព្រោះ​វា​ជា​សិទ្ធិ​ស្វ័យ​សម្រេច​នៃ​ការ​អនុវត្ត​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ»។

លោក​បញ្ជាក់​ថា ទោះយ៉ាង​ណា​ក៏​ដោយ ទំនាក់​ទំនង​រវាង​យើង​នឹង​ប្រទេស​ជាមិត្ត​ ជា​ពិសេស​សមាជិក​អាស៊ាន​ទាំង​អស់​ យើង​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ហើយ​យើង​កំពុង​រួម​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​អាស៊ាន​កាន់​តែ​មាន​សក្ដា​នុពល មាន​ការ​រួប​រួម ហើយ​រីក​ចម្រើន​ជាមួយ​គ្នា​ត​ទៅ​មុខ​ទៀត៕