ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្ដិធម៌​នៅ​ថ្ងៃ​ចន្ទ ទី​ ១១ ខែ​ឧសភា បានសម្រេច​បង្កើត​គណៈកម្មការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត (​គ.យ.ក.ស​) ដោយមាន​ក្រុមការងារ​ចំនួន​ ៤ ​ក្រុម​ដែល​យុទ្ធនាការ​នេះ​នឹង​ឈានទៅ​ដោះស្រាយ​ភាពចង្អៀតណែន​នៅតាម​ពន្ធនាគារ​។

គ.យ.ក.ស មាន​លោក កើត រិទ្ធ ជា​ប្រធាន​លោកស្រី ចាន់ សុទ្ធាវី និង​លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​អនុប្រធាន​រួម​នឹង​សមាជិក​ចំនួន​ ៥ ​រូប​ទៀត​ដែល​សុទ្ធតែ​រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​។

សេចក្ដី​សម្រេចបាន​ឲ្យ​ដឹងថា​៖ «​គ.យ.ក.ស មាន​ភារកិច្ច​ដឹកនាំ​ និង​សម្រប​សម្រួល​ការងារ​រួម​លើ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត​។ ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ វិធាន​នានា និង​ផែនការ​សកម្មភាព​ចាំបាច់ ដើម្បី​អនុវត្ត​យុទ្ធនាការ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។

យុទ្ធនាការ​នេះ​សំដៅ​រួមចំណែក លើក​កម្ពស់ សមត្ថភាព ស្ថាប័ន​ក្នុង​ការបម្រើ​សេវា​យុត្តិធម៌​ឲ្យ​បាន​ល្អ​ប្រសើរ ក៏ដូចជា​រួមចំណែក​កាត់បន្ថយ​ភាពចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​។ គ.យ.ក.ស ក៏​នឹង​ដាក់ចេញ​នូវ​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតចេញ​ពី​ការអនុវត្ត​យុទ្ធនាការ​ និង​តាមដាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ ការអនុវត្ត​យុទ្ធនាការ​នេះ​ផងដែរ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ និង​ជា​សមាជិក គ.យ.ក.ស ថ្លែង​ពី​ថ្ងៃ​អង្គារ​ថា ការបង្កើត គ.យ.ក.ស គឺ​ដើម្បី​ដឹកនាំ​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត និង​ភាពចង្អៀតណែន​នៅតាម​ពន្ធនាគារ​។

លោក​ថ្លែងថា​៖ «​ផែនការ​លម្អិត​នៃ​យុទ្ធនាការ​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ពេលនោះ​នឹង​បង្ហាញ​នូវ​ផែនការ​លម្អិត​នៃ​យុទ្ធនាការ​ពី​វិធានការ​ក៏ដូចជា​កម្មវិធី យន្តការ តួអង្គ​អនុវត្ដ​លទ្ធផល​រំពឹងទុក​ និង​រយៈពេល​នៃ​ការអនុវត្ដ​»​។ លោក​បន្តថា​៖ «​ដូច្នេះ​ការបង្កើត​គណៈកម្មការ​នេះ គឺ​ដើម្បី​ដឹកនាំ​យុទ្ធនាការ​នេះហើយ​គោលដៅ​យុទ្ធនាការ​គឺ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅតាម​តុលាការ​ និង​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​»​។

លោក កើត រិទ្ធ បានបញ្ជាក់​តាមរយៈ​សេចក្ដី​សម្រេច​នេះ​ថា គ.យ.ក.ស ត្រូវ​ដំណើរការ​កិច្ចប្រជុំ​របស់​ខ្លួន​តាម​ការអញ្ជើញ និង​ក្រោម​ការដឹកនាំ​របស់​ប្រធាន​។ ប្រធាន គ.យ.ក.ស អាច​ប្រគល់​សិទ្ធិ​ជូន​អនុប្រធាន​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​ក្នុង​ករណី​ចាំបាច់​។

គ.យ.ក.ស. អាច​ប្រើប្រាស់​ត្រា និង​កញ្ចប់​ថវិកា​របស់​ក្រសួង​យុត្ដិធម៌​ក្នុង​ការបំពេញ​មុខងារ​របស់ខ្លួន​។ សេចក្ដីសម្រេច​ដដែល​ឲ្យ​ដឹងថា គ.យ.ក.ស មាន​ក្រុមការងារ​ចំនួន​ ៤ ​ជា​សេនាធិការ​ដឹកនាំ​ការអនុវត្ដ​យុទ្ធនាការ​នៅតាម​សាលាដំបូង និង​មាន​លេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ​គាំទ្រ​ផ្នែក​បច្ចេកទេស រដ្ឋបាល និង​ហិរញ្ញវត្ថុ​។

ក្រុមការងារ​ទាំង ៤ ដែល​ជា​សេនាធិការ​ដឹកនាំ​អនុវត្ដ​យុទ្ធនាការ​របស់ គ.យ.ក.ស មាន​ការបែងចែក​តំបន់​ទទួល​ខុសត្រូវ​នៅតាម​សាលាដំបូង ក្នុងនោះ​មាន​ក្រុមទី​ ១ មាន​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ជា​ប្រធាន​រួម​នឹង​អនុប្រធាន​ និង​សមាជិក​ចំនួន​ ២១ រូប​ទៀត ទទួល​បន្ទុក​ការអនុវត្ដ​យុទ្ធនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្ដ​កណ្ដាល ព្រៃវែង និង​ខេត្ដ​ស្វាយរៀង​។ ក្រុមទី​ ២ មាន​លោក ឡុង ឆរិន្ទរដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​ប្រធាន​រួម​នឹង​អនុប្រធាន និង​សមាជិក​ចំនួន​ ១៤ ​រូប​ទៀត ទទួល​បន្ទុក​ការអនុវត្ដ​យុទ្ធនាការ​នៅ​សាលាដំបូង​ខេត្ត​កំពង់ធំ កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និង​ខេត្ដ​ព្រះវិហារ​។

ក្រុមទី​ ៣ មាន​លោក ជីវ សុងហាក់ រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​ប្រធាន​រួម​នឹង​អនុប្រធាន​ និង​សមាជិក​ចំនួន ១២ រូប​ទៀត​ទទួល​បន្ទុក​ការអនុវត្ដ​យុទ្ធនាការ​នៅ​សាលាដំបូង​ខេត្ដ​កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ឧត្ដរមានជ័យ​ និង​ខេត្ដ​ពោធិ៍សាត់ និង​ក្រុម​ទី​ ៤ មាន​លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​ប្រធាន​រួម​នឹង​សមាជិក​ចំនួន ១១ ​រូប​ទៀត​ទទួល​បន្ទុក​ការអនុវត្ដ​យុទ្ធនាការ​នៅ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត​ និង​ខេត្ដ​កោះកុង​។

សេចក្ដី​សម្រេច​បាន​បញ្ជាក់ថា ក្រុមការងារ​ទាំង​ ៤ ​មាន​តួនាទី​ និង​ភារកិច្ច​អនុវត្ដ​គោលការណ៍​ណែនាំ​ផែនការ​សកម្មភាព និង​សេចក្ដី​សម្រេច​នានា​ដែល​បាន​ដាក់ចេញ​ដោយ គ.យ.ក.ស ។ សម្របសម្រួល និង​ចុះ​បំពេញការងារ​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ដ ដើម្បី​ពិនិត្យ ប្រមូល​ទិន្នន័យ និង​ព័ត៌មាន​ចាំបាច់​នានា​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​សំណុំរឿង​របស់​សាលាដំបូង​រាជធានី-ខេត្ដ​។ កំណត់​អាទិភាព​នៃ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ដ​។

តាមដាន​ជំរុញ និង​ដោះស្រាយ​ការកកស្ទះ​នូវ​បញ្ហា​ប្រឈម​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​ការអនុវត្ដ​យុទ្ធនាការ​នៅ​តាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ដ ដែល​ស្ថិត​ក្នុង​តំបន់​ទទួល​ខុសត្រូវ​របស់ខ្លួន​។ ជំរុញ​ការអនុវត្ដ​យុទ្ធនាការ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​នានា​ដែល​អាច​កើតមាន​ក្នុងពេល​យុទ្ធនាការ​ព្រមទាំង​កសាង​សំណុំ​ឯកសារ​នៃ​ភាពមិនប្រក្រតី​នានា​រាយការណ៍​ជូន គ.យ.ក.ស និង​អនុវត្ដ​ភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​ភារកិច្ច​របស់​ប្រធាន គ.យ.ក.ស។

តាម​សេចក្ដី​សម្រេច​ដដែល គ.យ.ក.ស. និង​ក្រុមការងារ​ទាំង​ ៤ ​ខាងលើ​មាន​លេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ​លើ​ការងារ​បច្ចេកទេស រដ្ឋបាល និង​ហិរញ្ញវត្ថុ​ផងដែរ​ក្នុង​នោះ​មាន​លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​ប្រធាន​រួម​នឹង​អនុប្រធាន​ និង​សមាជិក​ចំនួន ២៥ រូប​ទៀត​។

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៨ ខែ​ឧសភា ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​យុត្ដិធម៌​ស្ដីពី​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផងដែរ​។ ចំណែក​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទណ្ឌិត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​ជិត​ ៤ ​ម៉ឺន​នាក់​ក្នុង​នោះ​ទណ្ឌិត​ភាគច្រើន​ជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន​។

ដោយសារតែ​មានការ​ចង្អៀតណែន​ក្នុង​ពន្ធនាគារ និង​ដើម្បី​បញ្ចៀស​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ កាលពី​ថ្ងៃទី​ ១១ ខែឧសភា ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​លោក​ ម៉ី ឌឿន បាន​ឲ្យ​ដឹងថា ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​បាន​សម្រេច​ផ្ទេរ​ទណ្ឌិត​មួយចំនួន​ទៅ​ដាក់​នៅ​ពន្ធនាគារ​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត ខណៈ​បច្ចុប្បន្ន​ទណ្ឌិត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ដ​នេះ​មាន​ជាង​ ២ ​ពាន់​នាក់​ក្នុង​នោះ​ទណ្ឌិត​ជាង ៥០ ភាគរយ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​៕

វីដេអូ៖