ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺត្រូវបានបង្កើតឡើង ដោយសារតែមានភាពចាំបាច់ ដើម្បីផ្តល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ធ្វើការពិចារណា បិទ ឬផ្អាកពិធីជួបជុំផ្សេងៗ បន្ទាប់ពីមានផ្ទុះករណីឆ្លងក្នុងពិធីមង្គលការមួយក្នុងខេត្តតាកែវ។
លោក កើត រិទ្ធ បានថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃម្សិលមិញពីការបំភ្លឺច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវដែលរៀបចំដោយក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល។
លោកលើកឡើងថា ការផ្តល់សិទ្ធិអំណាចនានាដល់រាជរដ្ឋាភិបាលគឺដើម្បីដាក់ចេញនូវវិធានការចាំបាច់ទាំងផ្នែកវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការដទៃផ្សេងទៀតដែលមានភាពចាំបាច់ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនាពេលអនាគត។
លោកបញ្ជាក់ថា៖ «មូលដ្ឋានគ្រឹះទី២ ជាធម្មតា នៅពេលដែលបង្កើតនូវវិធានការហើយ ដើម្បីធានាការអនុវត្តនូវវិធានការនេះឱ្យមានប្រសិទ្ធភាព គ្រប់ច្បាប់ទាំងអស់ត្រូវតែមានទោសប្បញ្ញតិ ទោសទណ្ឌ ហើយមិនមែនតែកម្ពុជាទេ គឺប្រទេសណាក៏គេធ្វើច្បាប់ដែលមានការដាក់ទោសទណ្ឌនេះដែរ»។
លោកពន្យល់ថា ការរៀបចំច្បាប់នេះមិនមែនរដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធនឹកឃើញភ្លាមធ្វើភ្លាមនោះទេ ប៉ុន្តែការស្រាវជ្រាវលើអត្ថបទច្បាប់ផ្សេងៗ គឺយើងធ្វើយូរដែរហើយ ហើយច្បាប់នេះក៏បានធ្វើការសិក្សាស្រាវជ្រាវក្នុងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។ «ច្បាប់នេះធ្វើឡើងក្នុងគោលបំណងតែមួយគត់គឺការពារអាយុជីវិតរបស់ប្រជាជន និងសុខភាពសាធារណៈ ហើយច្បាប់នេះដាក់ទោសតែចំពោះអ្នកដែលមិនគោរពតាមវិធានការក្នុងការប្រយុទ្ធទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ ១៩ ហើយដែលអាចផ្តាច់ជីវិតប្រជាជនកម្ពុជា និងបង្កមហន្តរាយដល់សង្គមជាតិតែប៉ុណ្ណោះ»។
ក្រសួងយុត្តិធម៌នឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀតតាមរយៈការបង្ហោះសារនានាដើម្បីបង្ហាញថា បទល្មើសដែលមានចែងនៅក្នុងច្បាប់មានអ្វីខ្លះ។ បទល្មើសសំខាន់ៗដែលចែងក្នុងច្បាប់នេះមានការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចពីកន្លែងធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសពី ៦ ខែដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានដល់ ៥ លានរៀល។ ការគេចចេញពីការព្យាបាល ឬពីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសពី ១ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀលទៅ ២០ លានរៀល។
អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ទៅអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ ឆ្នាំហើយទោសនេះត្រូវបង្កើនពី ១០ ឆ្នាំទៅ ២០ ឆ្នាំ ការបើអំពើនេះត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬមានអង្គការចាត់តាំង។ អំពើមិនគោរពវិធានការរដ្ឋបាល គឺត្រូវពិន័យពី ១ លានរៀល ទៅ ៥ លានរៀល ហើយប្រសិនបើការមិនគោរពនេះបណ្តាលឱ្យមានការចម្លងជំងឺទៅអ្នកដទៃ គឺត្រូវមានទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ ហើយទោសនេះអាចកើនដល់ ៥ ឆ្នាំប្រសិនបើមិនគោរពវិធានការរដ្ឋបាលនេះ។
ចំណុចសំខាន់ចុងក្រោយ គឺអំពើរារាំង ឬធ្វើជាឧបសគ្គដល់វិធានការនេះគឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ដល់ ១០ លានរៀល ហើយទោសនេះនឹងត្រូវដំឡើងបើមានការចម្លងជំងឺកូវីដ-១៩ទៅអ្នកដទៃ។
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវនេះត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១។ រាជរដ្ឋាភិបាលក៏បានចេញនូវអនុក្រឹត្យមួយទៀត សម្រាប់ដាក់ឱ្យប្រើប្រាស់ច្បាប់នេះផងដែរ។
នៅក្នុងសន្និសីទកាសែតនោះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងដោយរំពឹងថា ក្នុងពេល ២ សប្តាហ៍ទៀត បើប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងបង្ហាញពីភាពស្មោះត្រង់នោះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹងអាចបិទបញ្ចប់បាន។
លោកស្រីថ្លែងថា៖ «ក្នុងរយៈពេល ២ សប្តាហ៍នេះរាប់ពីពេលនេះទៅបើបងប្អូនអនុវត្តឱ្យបានហ្មត់ចត់ កុំចល័ត កុំចេញពីផ្ទះ និងត្រូវមានភាពស្មោះត្រង់នោះខ្ញុំរំពឹងថា ករណីឆ្លងនឹងថយចុះ ហើយយើងអាចនឹងឈានដល់ការបិទបញ្ចប់នូវការចម្លងក្នុងព្រឹត្តិការណ៍សហគមន៍»។
ទន្ទឹមនឹងនេះដែរនៅថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្តមួយចំនួនដែលមិនទាន់បានប្រកាសបិទពិធីមង្គលការ និងពិធីជួបជុំគ្នាទាំងអស់ត្រូវធ្វើការពិចារណា បិទ ឬផ្អាកការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត។ លោកបានថ្លែងតាមសារជាសំឡេងថា លោកគិតថា រឿងនេះគឺជារឿងដែលគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ហើយដាក់ចេញនូវវិធានការលើករណីនេះ។
លោកមានប្រសាសន៍ថា៖ «អង្វរករសុំចិត្តប្រជាពលរដ្ឋរបស់យើង មេត្តាយោគយល់ ឥឡូវនេះគ្រាន់តែករណីកើតឡើងក្នុងខេត្តតាកែវមួយគឺត្រូវបិទកន្លែងជាច្រើន និងបានបង្កឱ្យមានហានិភ័យជាច្រើនទៀត»។
លោកបានផ្តល់សិទ្ធិទៅឱ្យអភិបាលខេត្តទាំងអស់រួចហើយនៅឡើយតែថ្នាក់ដឹកនាំខេត្តទាំងអស់ចេះប្រើប្រាស់នូវសិទ្ធិដែលលោកបានផ្តល់នោះដោយរបៀបណាតែប៉ុណ្ណោះ។ «ត្រូវពិនិត្យមើលកន្លែងណាដែលមិនទាន់មានវិធានការហ្មត់ចត់ សុំយកចិត្តទុកដាក់ដោយសារឥឡូវនេះមានករណីអ្នកនៅរាជធានីភ្នំពេញ បានជាមានការគេចទៅខេត្ត ហើយអ្នកនោះមានលទ្ធផលវិជ្ជមានកូវីដ ១៩ ដែលជារឿងមួយដែលផ្អើលស្ទើរតែកន្លះប្រទេស។ ដូចនេះអាពាហ៍ពិពាហ៍គួរតែត្រូវបានផ្អាក ហើយបើធ្វើគួរតែសែនព្រេនបណ្តោះអាសន្នសិនក៏បាន»។
លោក ហ៊ុន សែន បានបញ្ជាឱ្យមានការពិចារណាលើការបិទកម្មវិធីទាំងនេះ គឺបន្ទាប់ពីមានករណីអតីតសង្ឃ ១ រូបឈ្មោះ កក្កដា សោភ័ណ្ឌ បានចូលរួមពិធីមង្គលការនៅខេត្តតាកែវកាលពីថ្ងៃទី ១២ ខែមីនា ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩។
អាជ្ញាធរខេត្តតាកែវបានសម្រេចបិទភូមិក្រាំងលាវក្នុងឃុំរវៀង ស្រុកសំរោងទាំងស្រុងនៅថ្ងៃម្សិលមិញក្រោយពេលដែលអ្នកជំងឺ កក្កដា សោភ័ណ្ឌ បានចូលរួមក្នុងពិធីមង្គលការក្នុងភូមិនោះដោយមិនអនុញ្ញាតឱ្យមានការចេញចូលទេ។ ក្នុងនោះដែរ អ្នកប៉ះពាល់ដោយផ្ទាល់នៅក្នុងពិធីមង្គលការជាមួយអ្នកជំងឺរូបនេះមានចំនួន ២៥ នាក់ និងប៉ះពាល់ប្រយោលចំនួន ៣៥៥ នាក់។
លោក កក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលតេស្តវិជ្ជមានកូវីដកាលពីថ្ងៃទី ១៤ ខែមីនា។
ក្រសួងសុខាភិបាលបានប្រកាសពីម្សិលមិញថា មានមនុស្សចំនួន ២០ នាក់ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដដោយក្នុងនោះមាន ១៨ នាក់ គឺឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ខណៈមានអ្នកជាសះស្បើយរហូតដល់ ៨៣ នាក់។ អ្នកដែលត្រូវបានព្យាបាលជាសះស្បើយ ៨៣ នាក់ មានអ្នកធ្វើដំណើរចូលមកកម្ពុជា ១១ នាក់ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ៧២ នាក់។
គិតត្រឹមថ្ងៃទី ១៥ ខែមីនា កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១ ៣២៥ នាក់ ក្នុងនោះអ្នកដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍លើកទី ៣ មាន ៨១០ នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមានចំនួនសរុប ៧៣០ នាក់អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន ៥៩២ នាក់ និងមានអ្នកជំងឺម្នាក់ស្លាប់៕
វីដេអូ៖