ភ្នំពេញៈ ព្រះមហាក្សត្រ​ខ្មែរ ​ត្រាស់បង្គាប់​តែងតាំង​ លោក​ កែវ​ ពុទ្ធរស្មី ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្នុង​អាណត្តិ​ថ្មី ​ជំនួស​ព្រះអង្គ​ម្ចាស់ ​នរោត្តម​ សិរីវុឌ្ឍ ​ដែល​បាន​ផុត​អាណត្តិ​ ស្របពេល​អាណត្តិ​ថ្មី​នៃ​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ ​នឹងត្រូវ​ផ្លាស់ប្តូរ​សមា​ជិក​ចំនួន​ ៣ រូប ​ហើយ​សមាជិកថ្មី​ដែលមាន​រូប​លោក​ដែរនោះ ​គ្រោង​នឹង​ចូល​កាន់​តំណែងនៅ​ពាក់​ណ្តាល​ខែ​ក្រោយ​។

ព្រះ​រាជក្រឹត្យ ​ឡាយ​ព្រះហស្តលេខា ​ដោយ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ចុះ​ថ្ងៃ​ទី ៩ ឧសភា ​ដែល​ទើប​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ ​បាន​បញ្ជាក់ថា​ «ត្រាស់​បង្គាប់​ តែងតាំង​ ឯកឧត្តម​ កែវ ​ពុទ្ធរស្មី ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​អាណត្តិ​ថ្មី»។

លោក​ កែវ​ ពុទ្ធរស្មី ​ដែល​ត្រៀម​នឹង​ចូលកាន់​តំណែង​ក្នុងចំណោម​សមាជិក​ ២ រូប​ទៀត ​នាពាក់​កណ្តាល​ខែក្រោយ ​ជា​អតីត​ឧបនាយ​រដ្ឋមន្ដ្រី ​និង​ជា​ឧត្ដម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះករុណា​ ព្រះបាទ​សម្តេច ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី។ ​លោក​ក៏​ទើបតែ​ទទួល​គ្រឿង​ឥស្សរិយយស ​សម្រាប់​និទាឃ​រដូវ​ឆ្នាំ ២០១៨​ «The Order of the Rising Sun, Gold and Silver Star» ពី​រដ្ឋាភិបាល​ជប៉ុន​ផងដែរ ​បន្ទាប់ពី​រូបលោក​បានរួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន។

បើតាម​លោក​ មឹន ស៊ាន ​សមាជិក ​និង​ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ក្នុង​អាណត្តិ​ថ្មី​នេះ ​នឹង​មាន​សមាជិក​ចំនួន ៣ រូប ​ត្រូវបាន​ផុត​អាណត្តិ ​បន្ទាប់ពី​កាន់តំណែង​ក្នុង​រយៈពេល​ ៩ ឆ្នាំ។ ជាមួយ​នឹង​ការផ្លាស់ប្តូរ​នេះ ​លោក​ មឹន ស៊ាន ​ក៏បាន​ប្រាប់​ដែរ​ថា ​ពិធី​ចូលកាន់​តំណែង ​អាច​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ពាក់​កណ្តាល​ខែ មិថុនា ​ខាងមុខ ​ដោយ​ស្រប​ជាមួយ​នឹង​ការ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ក្នុង​រយៈពេល ​៣ ឆ្នាំ​ កន្លង​មក​នេះ។

លោក​បញ្ជាក់ថា​៖ «ក្រៅពី​លោក ​កែវ ពុទ្ធរ​ស្មី ​ទទួល​តំណែង ​ក្នុង​នោះ​ក៏មាន ​លោកស្រី ​លី វួច​ឡេង ​មកពី​ខាង​តុលាការ​ ហើយ ១ រូប​ទៀត ​ខ្ញុំ​មិនទាន់​ច្បាស់​ទេ ​ព្រោះ​អត់​ទាន់​ឃើញ​ចេញ​ជា​ផ្លូវការ។ ចេញ​ ៣ នាក់​ ចូល​វិញ​ ៣ នាក់ ​ហើយ​អ្នក​ដែល​ចប់​ ៩ ឆ្នាំ ​គឺមាន​ខ្ញុំ​ម្នាក់​ដែរ ​និង​ព្រះអង្គម្ចាស់​ សិរីវុឌ្ឍ ​ចំណែក​ឯកឧត្តម ហ៊ី សោភា ​ដែល​គាត់​ត្រូវ​ចេញ​ហ្នឹង ​ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ដែរ​ថា​ គាត់​ត្រូវ​បន្ត​ឬ​អត់?»។

លោក​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយថ្លែង​ថា សមាជិកភាព​ក្រុម​ប្រឹក្សា ជាមុខតំណែង​ខ្ពស់ ​ថ្លៃថ្នូរ និង​ផ្ដល់​កិត្តិយស​ខ្ពង់ខ្ពស់​ដល់​សមាជិក។ លោក​បានថ្លែង​បន្តថា មុខតំណែង​ជា​សមាជិក​ ជារង្វាន់​ធំ​ណាស់​ដល់​អ្នក​ណា​ដែល​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក។

ក្រុមប្រឹក្សា​ធម្មនុញ្ញ ​គឺជា​ស្ថាប័ន​កំពូល​មួយ ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ឆ្នាំ ១៩៩៣ ​សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ ​បកស្រាយ​រដ្ឋធម្មនុញ្ញ ​និងច្បាប់ ​ដែល​រដ្ឋសភា​បានអនុម័ត ​និងព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។ ស្ថាប័ន​ជាតិ​កំពូល​មួយនេះ ​ក៏មាន​តួនាទី ​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ផងដែរ។

សមាជិក​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​គឺមាន​ ៩ រូប ​ដែល ៣ រូប ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់​ ៣ រូប​ ជ្រើសតាំង​ដោយ​រដ្ឋសភា ​និង ៣ រូប​ទៀត​ ជ្រើសតាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ​

ប្រធាន ​ត្រូវបាន​ជ្រើសតាំង​តាម​ការបោះ​ឆ្នោត ​ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​តាម​មតិ​ភាគច្រើន​ដាច់​ខាត ​រៀងរាល់​ ៣ ឆ្នាំ​ម្តង ​ក្រោយពី​សមាជិក​ថ្មី ៣ រូប​ ចូលកាន់​តំណែង។ សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ត្រូវបាន​តែងតាំង​ ឬជ្រើស​តាំង​ពី​ចំណោម​ឥស្សរ​ជន​ ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ​មាន​អាយុ​យ៉ាងតិច​ ៤៥ ឆ្នាំ ​មានបទពិសោធការងារ​យ៉ាងតិច​ ១៥ ឆ្នាំ​ និងមាន​សញ្ញា​បត្រ​ឧត្ដមសិក្សា​ឡើងទៅ ​ក្នុង​វិស័យ​ច្បាប់​ រដ្ឋបាល ​ការទូត​ និង​សេដ្ឋកិច្ច៕