
លោកកែ គឹមយ៉ាន ក្នុងកិច្ចប្រជុំលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៨ និងទិសដៅ ២០១៩ ពីម្សិលមិញ។ នគរបាល
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអះអាងថា ការចែកចាយគ្រឿងញៀននៅតាមទីជនបទ ភូមិ ឃុំ គ្មានការថយចុះឡើយ បើទោះបីជារយៈពេលចុងក្រោយនេះអាជ្ញាធរបានធ្វើការបង្ក្រាបករណីធំៗបានជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែវិធានការសំខាន់គឺត្រូវទប់ស្កាត់ការចរាចរ និងប្រើប្រាស់គ្រឿងញៀននៅតាមព្រំដែនជាមុន។
ការអះអាងរបស់លោក កែ គឹមយ៉ាន បែបនេះ បានធ្វើឡើងក្នុងពិធីប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ ដោយមានរដ្ឋមន្ត្រីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជិត ៣០ ចូលរួម កាលពីថ្ងៃទី ១៩ ខែ មីនា នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក កែ គឹមយ៉ាន បានលើកឡើងថា៖ «ពីមុនខ្ញុំសន្និដ្ឋានថា ករណីគ្រឿងញៀនវានឹងអាចថយដោយសារចាប់ករណីធំៗបានច្រើន ប៉ុន្តែអាចែកតាមភូមិឃុំហ្នឹង គឺវាមិនថយនោះឡើយ។ ចំណែកទីកម្សាន្តនានា ស្ទើរតែទាំងអស់ មានប្រើប្រាស់គ្រឿងញៀន»។
ទោះយ៉ាងណា លោកបានធ្វើការអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ស៊ើបអង្កេតស្វែងរកម្ចាស់ និងអ្នកនៅពីក្រោយខ្នងនៃការនាំចូលនូវគ្រឿងញៀននេះបន្ថែមទៀត ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យករណីនេះមានការថយចុះ ដើម្បីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិខ្មែរទាំងមូល។
លោក កែ គឹមយ៉ាន បញ្ជាក់ថា៖ «បញ្ហាគ្រឿងញៀននេះ គឺមិនមែនតែកម្ពុជាយើងនោះទេ គឺពិភពលោកមានការព្រួយបារម្ភគ្រប់ៗគ្នា ប៉ុន្តែមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីប្រទេសជាតិហើយត្រូវតែរួមសហការគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការបង្ក្រាប និងលុបបំបាត់វា»។
សម្រាប់យន្តការទប់ស្កាត់បញ្ហា ចរាចរណ៍គ្រឿងញៀននេះ លោក ថ្លែងថាស្ថានការណ៍បច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំដាក់បញ្ជា និងយុទ្ធនាការ ដើម្បីទប់ស្កាត់ជាបន្ដបន្ទាប់។ លោកបានបន្តថា៖ «យន្ដការនេះ យើងនឹងទប់ស្កាត់ជាអតិបរមានូវចរាចរណ៍នៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសរបស់យើង»។
លោកបញ្ជាក់ថា៖ «គោលដៅសំខាន់គឺទប់ស្កាត់ការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅតាមព្រំដែន។ ឆ្នាំ ២០១៩ នេះ យើងនឹងជ្រើសរើសនៅតាមបណ្ដាខេត្ដ ដោយជ្រើសរើសក្នុង ១ ខេត្ដ ១ ឃុំសិន យកជាបទពិសោធ និងឆ្នាំ ២០២០ នឹងពង្រីកបន្ដទៀត»។
ពាក់ព័ន្ធនឹងការកើនឡើងបញ្ហាគ្រឿងញៀននៅតាមភូមិ-ឃុំនេះ លោក កែ គឹមយ៉ាន បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ជាង ៦០ ចំណុច ដោយក្នុងនោះមានចំណុចសំខាន់ចំនួន ៣ គឺទី១ ការអប់រំតាមរយៈវិស័យអប់រំ ដើម្បីឲ្យយុវជនបដិសេធប្រើប្រាស់គ្រឿងញៀន ទី២ ត្រូវព្យាបាលជនរងគ្រោះដោយគ្រឿងញៀន កុំឲ្យមានការប្រើបន្ដទៀត និងទី៣ គឺយន្ដការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឲ្យទៅដល់ថ្នាក់មូលដ្ឋានភូមិ ឃុំ។
លោកបញ្ជាក់ថា៖ «ភូមិ ឃុំជាសមរភូមិមុខ ជាទីតាំងជួរមុខនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រមូលផ្ដុំនៃអ្នករងគ្រោះដោយគ្រឿងញៀនទៅព្យាបាលនេះជារឿងសំខាន់ ក្រៅពីនេះយើងមានវិធានការតូចៗជាច្រើនទៀត ក្នុងការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន»។
លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងដែរថា វិធានការនោះគឺមាន ៣ ចំណុច ទី១ គឺបង្កើនការផ្សព្វផ្សាយ អប់រំឲ្យទៅចំគោលដៅ មុខសញ្ញាដែលងាយរងគ្រោះដោយសារគ្រឿងញៀន មានដូចជាកម្មករនៅតាមបណ្ដារោងចក្រ កម្មករចល័ត ចំណាកស្រុក។
លោកបន្ថែមថា៖ «មួយទៀតការខិតខំរុញអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលយកសេវាព្យាបាល ដោយឲ្យពួកគាត់គិតថា បញ្ហាគ្រឿងញៀន ជាជំងឺផ្លូវចិត្ដរ៉ាំរ៉ៃដែលត្រូវព្យាបាល។ ចំណែកមួយទៀតការបង្កើតប្រសិទ្ធភាពនៃការអនុវត្ដច្បាប់ និងការអប់រំផ្សព្វផ្សាយគ្រប់កន្លែងកម្សាន្ដផ្សេងៗ ឲ្យចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀន»។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ បទល្មើសគ្រឿងញៀនសរុបដែលបង្ក្រាបបានគឺចំនួន ៨០០២ ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធចំនួន ១៦២១៦ នាក់ និងគ្រឿងញៀនជាងកន្លះតោន។
ទាក់ទងនឹងករណីគ្រឿងញៀនមានការកើនឡើង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីសប្ដាហ៍មុន ក៏បានប្រាប់ឲ្យខេត្ដ ស្រុក ឃុំ ត្រូវធ្វើការប្ដេជ្ញាចិត្ដលុបបំបាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ខណៈលោកបញ្ជាក់ថា គ្រឿងញៀនបច្ចុប្បន្នបានរីករាលដាលដល់ទីជនបទមួយចំនួនផងដែរ។
លោកថ្លែងថា៖ «រឿងគ្រឿងញៀនសូមមេត្តាចាប់អារម្មណ៍។ រឿងនេះប៉ុន្មានឆ្នាំមុនវាអត់អីទេ ប៉ុន្ដែឥឡូវនេះ វារីករាលដាលដល់ទីជនបទមួយចំនួន មិនមែនទាំងអស់ទេ។ វាគ្រោះថ្នាក់ណាស់ សម្រាប់អនាគតកូនចៅយើង បើសិនជាសេពគប់គ្រឿងញៀន»។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា (Drug Addict Relief Association of Cambodia) មើលឃើញថា បញ្ហាគ្រឿងញៀន ពិតជាមានការកើតឡើងដល់ទីជនបទតាមបណ្ដាខេត្ដមែន។
លោកថ្លែងថា៖ «ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀននេះ លុះត្រាតែមានការអនុវត្ដតឹងរ៉ឹងតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ហើយមន្រ្ដីអនុវត្ដនៅថ្នាក់មូលដ្ឋាន ត្រូវមានភាពស្មោះត្រង់ចំពោះការអនុវត្ដបង្រ្កាបបទល្មើសគ្រឿងញៀននេះ ទើបអាចលុបបំបាត់បាន»។
លោក សុវណ្ណ បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតែងតែដាក់បទបញ្ជា ឲ្យមន្រ្ដីមូលដ្ឋានអនុវត្ដការងារឲ្យបានតឹងរ៉ឹង ដើម្បីបង្រ្កាបបទល្មើសគ្រឿងញៀននេះ ប៉ុន្ដែមានមន្រ្ដីមួយចំនួន បានស្តាប់បទបញ្ជា ហើយមិនសូវបានអនុវត្ដឲ្យបានដិតដល់ទេ៕