ភ្នំពេញៈ ​លោក​ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​ដល់​កម្មវិធី​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​គាំទ្រ​លើ​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​កម្ពុជា​ ខណៈ​ដែល​បញ្ហា​គ្រឿងញៀន​កំពុងតែ​បន្ត​កើនឡើង​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ សួន ឃឿន អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​។

ការស្នើសុំ​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​នៅក្នុង​ឱកាស​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​នៅ​វិមាន​មិត្តភាព កម្ពុជា-ចិន​។

លោក​ឧត្តមសេនីយ៍ទោ សួន ឃឿន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ពី​ជំនួប​ពិភាក្សា​នោះ​ថា លោក​ កែ គឹមយ៉ាន បានស្នើ​សហរដ្ឋអាមេរិក​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ដល់​កម្ពុជា​លើ​គោលនយោបាយ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​កម្ពុជា​ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ តំបន់​អនុតំបន់​ជាមួយ​ប្រទេស​ជិតខាង​។

លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​សហរដ្ឋអាមេរិក ត្រួតពិនិត្យ​ឡើងវិញ​ក្នុង​ការគាំទ្រ​លើ​ការផ្តល់​ផ្នែក​សម្ភារ​សម្រាប់​មន្ទីរពិសោធន៍ គ្រឿងញៀន និង​ស្នើ​ឲ្យ​បន្ត​គាំទ្រ​ដល់​ដំណើរការ​កម្មវិធី​ព្យាបាល​ និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​កម្ពុជា​»​។ ក្រៅពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ពី​សភាពការណ៍​គ្រឿងញៀន​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ តំបន់ អនុតំបន់ គឺ​មិនមាន​ការថយចុះ​នោះទេ ជាពិសេស​សកម្មភាព​ជួញដូរ និង​ចរាចរណ៍​គ្រឿងញៀន​នៅតាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ព្រមទាំង​បញ្ញើ​ប្រៃសណីយ៍ ដោយ​សមត្ថកិច្ច​កម្ពុជា​បាន​ស្រាវជ្រាវ​រកឃើញ​មាន​បទល្មើស​ធំៗ​ជា​បន្តបន្ទាប់​។

នៅក្នុង​ឱកាស​នោះដែរ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​អបអរ​អំពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបតិ្តការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ពិសេស​គឺ​វិស័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាមរយៈ​គម្រោង​ជំនួយ​មួយ​ចំនួន​ទាំង​ការគាំទ្រ​លើ​ផ្នែក​បច្ចេកទេស​ និង​ការបណ្តុះបណ្តាល​លើ​វិស័យ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា​។

លោកស្រី​ Emily Zeeberg ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ជំនួប​ខាងលើ​។ ប៉ុន្តែ​បើ​យោងតាម​ធ្វី​ធើ​របស់លោក Patrick Murphy ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​សរសេរ​ថា​៖ «​អង្គប្រជុំ​ព្រឹក​នេះ​ (​ថ្ងៃ​ចន្ទ​) ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ប្រកប​ដោយ​ផល​ផ្លែផ្កា​។ យើង​បាន​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ស្តីពី​បញ្ហា​អនុវត្ត​ច្បាប់​រួមមាន​ការគាំទ្រ​កុមារ និង​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​»​។

លោកនាយ​ឧត្តមសេនីយ៍​ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា នៅក្នុង​ជំនួប​នោះ​លោក កែ គឹមយ៉ាន និង​លោក Patrick Murphy បាន​ចែករំលែក​ និង​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ពាក់ព័ន្ធ​​នឹង​សភាព​ការ​គ្រឿងញៀន និង​រៀបចំ​ឲ្យ​មាន​យន្តការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំង​ ២​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​សភាពការណ៍​គ្រឿងញៀន​ (​អាមេរិក​ និង​កម្ពុជា​) ​នឹង​រួមគ្នា​ដើម្បី​បំផ្លាញ​ក្រុម​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង​»​។

លោក​ សួន ឃឿន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក កែ គឹមយ៉ាន ក៏បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា តាមរយៈ​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ហើយ​កម្ពុជា​ទទួល​លទ្ធផល​ផ្លែផ្កា​ជាទី​ពេញចិត្ត​។ លោក​លើកឡើង​ទៀតថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​មាន​ការកើនឡើង​ជា​រៀងរាល់​ឆ្នាំ​ហើយ​បច្ចុប្បន្ន អាជ្ញាធរ​បាន​គ្រប់គ្រង​អ្នកញៀន​គ្រឿងញៀន​ជាង​ ២ ​ម៉ឺន​នាក់​៕