ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានចាត់ទុកព្រឹត្ដិការណ៍តាំងពិព័រណ៍សៀវភៅលំដាប់ពិភពលោក «Big Bad Wolf Book Sale» ថា ជាឱកាសមាសសម្រាប់យុវជន និងសិស្សានុសិស្សក្នុងការទិញសៀវភៅយកមកទុកអាន ខណៈសៀវភៅភាសាអង់គ្លេសលំដាប់ពិភពលោកដែលធ្លាប់មានតម្លៃខ្ពស់នៅបរទេសត្រូវបានយកមកលក់បញ្ចុះតម្លៃជាច្រើននៅកម្ពុជា។
ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ បែបនេះបានធ្វើឡើងក្នុងពេលលោកចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅ Big Bad Wolf Book កាលពីចុងសប្ដាហ៍មុននៅផ្សាររុងរឿងក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដោយលោកបានលើកទឹកចិត្ដឱ្យយុវជន និងសិស្សានុសិស្សឆ្លៀតឱកាសទៅទិញសៀវភៅជាភាសាអង់គ្លេសច្បាប់ដើមយកទៅទុកអាន ។
លោកបានថ្លែងថា៖ «យើងក៏អាចរក្សាទុកសៀវភៅនេះឱ្យកូនយើងអាន ឬទុកឲ្យគាត់អាននៅពេលជិះឡានពេលទំនេរ ឬពេលទៅសម្រាកនៅទីណាមួយ។ ពិតមែនតែសៀវភៅនេះជាភាសាអង់គ្លេស ប៉ុន្ដែយើងដឹងហើយថា ឥឡូវភាសាអង់គ្លេសគឺជាភាសាទូទៅទៅហើយ។ ដូច្នេះយើងអាចឱ្យក្មេងរៀនស្គាល់ភាសាតាមរយៈការអានសៀវភៅនេះ។ ដូចខ្ញុំបានចេះភាសាអង់គ្លេសក៏ខ្ញុំបានមើលតាមសៀវភៅដែរ»។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ «ពលរដ្ឋយើងធម្មតាទិញសៀវភៅ ១ ក្បាលតម្លៃ ៥០ ដុល្លារ ពិបាកទិញណាស់ (មិនមានសមត្ថភាពទិញ) ឥឡូវយើងមើលសៀវភៅខ្លះតម្លៃ ៥០ ដុល្លារ ប៉ុន្ដែក្នុងពិព័រណ៍នេះដាក់លក់ត្រឹមតម្លៃ ៥-៨ ដុល្លារប៉ុណ្ណោះដែលនេះវាជាឱកាសមាសមួយដែលយើងអាចទិញសៀវភៅបានល្អយកមកទុកនៅផ្ទះ ហើយយើងអាចមើលបានគ្រប់ពេល»។
លោក ខៀវ កាញារីទ្ធ បានកត់សម្គាល់ឃើញថា បច្ចុប្បន្នយុវជនខ្មែរភាគច្រើនចូលចិត្ដអានសៀវភៅកាន់តែច្រើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំហើយលោកបានលើកទឹកចិត្ដឱ្យមានការរៀបចំព្រឹត្ដិការណ៍ពិព័រណ៍សៀវភៅលំដាប់ពិភពលោកបែបនេះជារៀងរាល់ឆ្នាំនៅកម្ពុជា។
លោកថា៖ «ខ្ញុំអាចនិយាយថាប្រសិនបើព្រឹត្ដិការណ៍ពិព័រណ៍សៀវភៅនេះមកធ្វើកាលពី ២០ ឆ្នាំមុន ខ្ញុំនឹងបារម្ភណាស់ច្បាស់ជាគ្មានអ្នកមកមើលប៉ុន្មានទេ។ ប៉ុន្ដែយើងបានសាកល្បងកាលពីខែមុននេះ (ខែធ្នូ ឆ្នាំ ២០១៩) ក្នុងពិព័រណ៍សៀវភៅលើកទី ៨ នៅបណ្ណាល័យជាតិរយៈពេល ៣ ថ្ងៃ មានអ្នកចូលរួមចំនួន ១៧ ម៉ឺននាក់បានន័យថា ក្មេងៗឥឡូវនេះចាប់ផ្ដើមអានឡើងវិញខុសពីអ្នកដែលនិយាយថា ក្មេងៗឥឡូវមិនសូវចូលចិត្ដអានសៀវភៅ»។
លោក AndrewYap សហស្ថាបនិកពិព័រណ៍សៀវភៅនេះបានថ្លែងថា ព្រឹត្ដិការណ៍នេះមិនគ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ ប៉ុន្ដែវាក៏ជាយុទ្ធនាការមួយដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេសផងដែរ។
លោកបានថ្លែងថា៖ «បេសកកម្មចម្បងរបស់យើងគឺដើម្បីផ្លាស់ប្តូរពិភពលោកជាមួយសៀវភៅ ១ ក្បាល ដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើងមានតម្លៃសមរម្យ និងអាចរកទិញបានសម្រាប់មនុស្សគ្រប់រូប។ មានមនុស្សច្រើនណាស់ដែលគ្មានលទ្ធភាពទទួលបានសៀវភៅដោយសារតម្លៃខ្ពស់។ វាពិតជាគួរឲ្យសោកស្តាយណាស់ព្រោះតាមរយៈការអានសៀវភៅអាចផ្លាស់ប្ដូរជីវិតរបស់មនុស្ស និងជួយជំរុញឱ្យមនុស្សព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន»។
យុវតី ជា ឆេងឡាង ជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាលខេមរភូមិន្ទបានលើកឡើងក្នុងពេលមកទស្សនាពិព័រណ៍សៀវភៅនេះថា ការតាំងពិព័រណ៍សៀវភៅលំដាប់ពិភពលោកនេះគឺខុសប្លែកពីពិព័រណ៍សៀវភៅនៅកម្ពុជាដូចសព្វដង ព្រោះពិព័រណ៍នេះមានសុទ្ធតែសៀវភៅភាសាអង់គ្លេសច្រើនប្រភេទរាប់លានក្បាល។
យុវតីរូបនេះបានបន្តថា៖ «ក្នុងពិព័រណ៍សៀវភៅយើងធ្លាប់ធ្វើកន្លងមកមិនសូវសម្បូរសៀវភៅជាភាសាអង់គ្លេសទេ។ ប៉ុន្ដែពិព័រណ៍ Bad Wolf Book នេះ មានសៀវភៅជាភាសាអង់គ្លេសគ្រប់ប្រភេទ ហើយសៀវភៅសុទ្ធតែថ្មីៗទាំងអស់»។
យុវតីម្នាក់ទៀតឈ្មោះ សៀក ហ្វិកជូ បានថ្លែង ខណៈកំពុងស្វែងរកសៀវភៅផ្នែកពាណិជ្ជកម្មអន្តរជាតិ និងសៀវភៅប្រលោមលោកនៅសាលពិព័រណ៍នៃផ្សាររុងរឿងកាលពីចុងសប្ដាហ៍មុនដែរថា ក្នុងពិព័រណ៍នេះមានសុទ្ធតែសៀវភៅភាសាអង់គ្លេសប្លែកៗច្រើនដែលពីមុនមកមិនធ្លាប់ឃើញលក់តាមបណ្ណាគារនៅកម្ពុជាទេ។
យុវតីវ័យ ១៩ ឆ្នាំរូបនេះបន្តថា៖ «ឥឡូវទាំងខ្ញុំទាំងយុវជនផ្សេងចូលចិត្ដអានសៀវភៅជាងលេងទូរស័ព្ទ។ កាលពីមុនការអានសៀវភៅយុវជនមិនសូវចាប់អារម្មណ៍ទេ។ ប៉ុន្ដែយុវជនដែលមានវ័យប្រហាក់ប្រហែលខ្ញុំនេះចាប់ផ្ដើមចូលចិត្ដអានសៀវភៅដោយយល់ថា ការអានសៀវភៅដូចជាមានអ្វីមួយមកទាក់ទាញអ៊ីចឹងពេលអានច្រើនរឹតតែមានអារម្មណ៍ថា ជក់ចិត្ដកាន់តែខ្លាំងឡើងៗ» ៕