ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីម្សិលមិញបានថ្លែងថាលោកនឹងអញ្ជើញអ្នកបើករថយន្តឱ្យថ្នាក់ដឹកនាំ និងអ្នកបើករបរឱ្យតំណាងរាស្ត្រមករៀនច្បាប់ចរាចរណ៍ដោយសារលោកសង្កេតឃើញថាមានមួយចំនួនពុំបានរៀនច្បាប់ចរាចរណ៍ និងបានបង្កគ្រោះថ្នាក់ដល់ថ្នាក់ដឹកនាំ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងថាលោកមានគម្រោងអញ្ជើញអ្នកបើករថយន្តឱ្យថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋានឡើងទៅពិសេសអ្នកបើករថយន្តឱ្យរដ្ឋមន្ត្រី និងតំណាងរាស្ត្រជាដើមឱ្យមករៀនច្បាប់ចរាចរណ៍។
លោកបន្តថា «សំខាន់បំផុតអ្នកបើកឡានឱ្យរដ្ឋមន្ត្រីតំណាងរាស្ត្រអីហ្នឹងគាត់អត់សូវយល់ទេសូម្បីតែតៃកុងឡានខ្ញុំពីដើមធ្លាប់តែបើកដណ្តើមគ្រាប់មនុស្សយើងកាលណាមិនយល់ច្បាប់អត់ខ្លាចទេដល់ពេលយល់ច្បាប់ចង់មិនចង់គាត់ខ្លាចដែរ»។
លោកសង្កត់ធ្ងន់ថាជារួមអ្នកបើករថយន្តឱ្យថ្នាក់ដឹកនាំមួយចំនួនមិនចេះច្បាប់ចរាចរណ៍ និងអាងអំណាចរបស់ថ្នាក់ដឹកនាំពោលគឺបើកគ្មានប្រណី។ តែលោកថា ករណីនេះអ្នកបើកបរឱ្យថ្នាក់ដឹកនាំត្រូវចេះច្បាប់ចរាចរណ៍ដើម្បីជាគំរូល្អដល់អ្នកដទៃ។
សម្រាប់នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អៀ ចរិយា ថ្លែងថាជារឿងល្អដោយសារកន្លងទៅពលរដ្ឋបានរិះគន់លើការអនុវត្តច្បាប់ចរាចរណ៍ថាមានស្តង់ដារពីរពោលគឺប៉ូលិសផាកពិន័យតែអ្នកក្រីក្រតែរថយន្តអ្នកមានអំណាច ឬថ្នាក់ដឹកនាំប៉ូលិសពុំហ៊ានផាកពិន័យទេ។
សូមរំឭកថា កន្លងមក រថយន្តរបស់ថ្នាក់ដឹកនាំធំៗមន្រ្តីគណបក្សកាន់អំណាច និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍រួមមានរថយន្តរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ជាម យៀប ជួបគ្រោះថ្នាក់នៅខេត្តកណ្តាលរថយន្តលោក មាជ សុវណ្ណារ៉ា ជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត និងរថយន្តអមដំណើររបស់លោក សម រង្ស៊ី និងរថយន្តរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ផងដែរ៕