ភ្នំពេញៈ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​ដោយ​លោក គី តិច កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ជួបពិភាក្សា​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​អំពី​ការផ្ដល់​មេធាវី​ការពារ​ដល់​អ្នកសារព័ត៌មាន​ដែល​រង​បណ្ដឹង​នានា​ក្នុង​ការបំពេញ​វិជ្ជាជីវៈ​របស់ខ្លួន​។

ជំនួប​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​សប្ដាហ៍​មុន ហើយ​ក៏​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក្នុងការ​ផ្ដល់​មេធាវី​ការពារ​ដល់​អ្នក​សារព័ត៌មាន​ដែល​ត្រូវបាន​គេ​ប្ដឹង​ក្នុង​វិជ្ជាជីវៈ​របស់​ពួកគេ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​នេះ​ទៅ​លោក គី តិច ដែល​ជា​មេធាវី​របស់​លោក​ផ្ទាល់​ដើម្បី​បន្ត​កិច្ចការ​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​នាពេលនោះ​ថា ក្រុម​មេធាវី​របស់​លោក​ការពារ​តែ​អ្នកសារព័ត៌មាន​ណា​ដែល​បំពេញវិជ្ជា​ជីវៈ​ហើយ​រង​បណ្ដឹង​ប៉ុណ្ណោះ ហើយ​ក្រុម​មេធាវី​របស់​លោក​មាន​សិទ្ធិ​បដិសេធ​ចំពោះ​ការស្នើសុំ​របស់​អ្នក​សារព័ត៌មាន​ណា​ដែល​ជេរម្រាយ​គេ ដែល​បំភ្លៃ​ការពិត​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​បើ​ខ្ញុំ​ប៉ាវ​ទាំងអស់​ស្មើ​នឹង​ការលើក​ទឹកចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​យកពាក្យ​ស្លោក​របស់ខ្ញុំ​នេះ កន្សែង​យ័ន្ត​របស់​ខ្ញុំ​មិញ​នេះ ដែល​ថា​អ្នកសារព័ត៌មាន​កុំ​បំពារបំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត មិន​ខុស​បាត់ទៅហើយ​»​។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជំនួប​រវាង​លោក គី តិច មេធាវី​លោកនាយក​រដ្ឋមន្ត្រី និង​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មិនទាន់​បាន​ពិភាក្សា​អ្វី​ស៊ីជម្រៅ​នៅឡើយ​ដោយសារ​តែ​វា​ជា​ជំនួប​ដំបូង​ដើម្បី​ស្វែង​ពិភាក្សា​មុន​នឹង​ឈានដល់​ការបង្កើត​នីតិវិធី​សម្រាប់​ផ្ដល់​មេធាវី​ដល់​អ្នក​សារព័ត៌មាន​។

លោក ផុស សុវណ្ណ បាន​ថ្លែង​​ថា​៖ «​បើសិន​ជា​ត្រូវការ​ជំនួយ​សូម​ឲ្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​ណា​ត្រូវការ​ជំនួយ​មាន​ន័យ​ថា ពួកគាត់​ត្រូវការ​បញ្ជាក់​ពី​ក្រសួង​ព័ត៌មាន​ជាមុន មុន​នឹង​ក្រុម​មេធាវី​គាត់​ការពារ​រឿង​អ្វីមួយ​»​។

លោក​បាន​បន្តថា លក្ខខណ្ឌ​លម្អិត​ដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​នេះ នឹងមាន​ការពិភាក្សា​លម្អិត​នាពេល​ក្រោយ​ទៀត​តាមរយៈ​ក្រុម​ការងារ​ដែល​នឹង​ត្រូវ​បង្កើតឡើង​។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​លោក ហ៊ុន សែន បាន​ថ្លែង​បន្ទាប់ពី​ជំនួប​កាលពី​ម្សិលមិញ​ថា ជំនួប​ពី​ម្សិលមិញ​គឺជា​ការ​អនុវត្តតាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​។ លោក​បញ្ជាក់​ថា ការស្នើសុំ​ជំនួយ​មេធាវី​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ក្រសួង​ព័ត៌មាន​ពីព្រោះ​មាន​តែ​ក្រសួង​ព័ត៌មាន​ទេ​ដែល​ដឹងថា អ្នកសារព័ត៌មា​ន​នោះ​ពិតជា​បាន​ចុះបញ្ជី​ត្រឹមត្រូវ​។

លោក គី តិច បាន​ថ្លែងថា​៖ «​មាន​អ្នកខ្លះ​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ប៉ុន្តែ​ខ្លួនឯង​មិន​បានមក​ចុះបញ្ជី​ទទួល​បាន​សិទ្ធិ​ធ្វើ​អ្នកសារព័ត៌មាន​ទេ គ្រាន់តែ​មាន​ទូរស័ព្ទ​មួយ​ថត​បាន​ទៅ​តាំង​ខ្លួន​ជា​អ្នកសារព័ត៌មាន​។ អាហ្នឹង​គេ​មិន​ហៅថា​អ្នក​សារព័ត៌មាន​ទេ​អាហ្នឹង គេ​ហៅ​អ្នក​លេង​ហ្វេសប៊ុក​ទេ​។ អ៊ីចឹង​សេវា​យើង​ខ្ញុំ​ក៏​មិន​ផ្ដល់​ទៅ​អ្នក​ទាំងអស់​នោះដែរ​»​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ដោយ​យោង​ទៅលើ​ប្រសាសន៍​របស់​លោក​ ខៀវ កាញារីទ្ធ ​ថា ការផ្ដល់សេវា​មេធាវី​នេះ​មិនមែន​ជា​ការលើក​ទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​ទៅ​ជេរ​គេ​ជេរ​ឯង​នោះទេ​។ សិក្ខាសាលា​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​ស្ដីអំពី​ការផ្ដល់​សេវា​មេធាវី​នេះ​។

លោក​ក៏​បាន​ស្នើ​ផងដែរ​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជនក្រីក្រ និង​ស្ត្រី​ក្រីក្រ​ពិតប្រាកដ ដែល​មិន​មាន​ទូរស័ព្ទ​ដែល​អាច​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​។

លោក គី តិច បាន​អះអាងថា បើ​ទោះបី​ជា​កិច្ចប្រជុំ​ទើប​តែ​ធ្វើឡើង​រវាង​ក្រសួង​ព័ត៌មាន​ និង​ក្រុម​មេធាវី​ក៏ដោយ ក៏​ក្រុម​មេធាវី​បើកទទួល​ការស្នើសុំ​ជំនួយ​ជា​ផ្លូវការ​ហើយ​គឺ​ជួយ​អ្នកសារព័ត៌មាន​ទាំង​បុរស​ទាំង​ស្ត្រី​។

លោក ឃុន ប៊ុននី អគ្គលេខាធិការ​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា-អន្តរជាតិ បាន​ថ្លែង​ដោយ​ស្វាគមន៍​ការផ្ដល់​មេធាវី​ដល់​អ្នកសារព័ត៌មាន ហើយ​ក៏​គាំទ្រ​ដល់​ការសម្រេច​ផ្ដល់​មេធាវី​ដល់​តែ​អ្នកសារព័ត៌មាន​ណា​ដែល​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​ ឬ​ប្រកបដោយ​សុចរិតភាព​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​គាំទ្រ​អ្នក​សារព័ត៌​ដែល​ជេរ វាយប្រហារ​បែប​ទុច្ចរិត គ្មាន​ឈរលើ​ការពិត​»​។

លោក​ថា អ្នកសារព័ត៌មាន​មួយចំនួន​ដែល​នៅ​តំបន់​ដាច់ស្រយាល​ប្រហែល​ជាមាន​កម្រិត​អប់រំ​វិជ្ជាជីវៈ​មាន​កម្រិត ហើយ​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មួយចំនួន​។ លោក​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងនោះ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​បន្ថែមទៀត​តាម​វិជ្ជាជីវៈ​។

លោក ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM ថ្លែងថា ការផ្ដល់​មេធាវី​ការពារ​អ្នក​សារព័ត៌មាន​ជា​ជម្រើស​មួយ​ល្អ​តាមផ្លូវ​ច្បាប់​ក្នុង​ករណី​ដែល​អ្នកសារព័ត៌មាន​បាន​ប្រព្រឹត្ត​នូវ​កំហុស​អ្វីមួយ​។ លោក​ស្នើ​ឲ្យ​មានការ​អនុវត្ត​តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​គឺ​ការកែតម្រូវ​នៅពេល​មាន​កំហុស​កើតឡើង​នៅក្នុង​ព័ត៌មាន​។

លោក​ថា​៖ «​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ភាគច្រើន​គាត់​ទទួលរង​នូវ​បណ្ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​។ អ៊ីចឹង​រដ្ឋាភិបាល​លោក​គួរតែ​មាន​គោលការណ៍​មួយ​ណែនាំ​ទៅ​ដល់​មន្ត្រី​របស់ខ្លួន​ក្នុង​ការគោរព​ទៅដល់​ការប្រើប្រាស់​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ការរាយការណ៍ ហើយ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​»៕