ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សម្រេច​បង្កើត​កិច្ច​ពិភាក្សា​តុមូល​ប្រចាំ​សប្ដាហ៍ រយៈពេល ១ ម៉ោង​ទៅ ២ ម៉ោង​ផ្សាយ​ផ្ទាល់ តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​ចាប់​ពី​ដើម​ខែ​កុម្ភៈ ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ ក្នុង​គោល​បំណង​ទប់ស្កាត់​កុំ​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ចេញមក​បំពុល​សង្គម និង​កុំ​ឲ្យ​សាធា​រណជន​មាន​ការ​ភាន់​ច្រឡំ​រវាង​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត។ការ​ឆ្លើយ​តប​រប​ស់លោក​រដ្ឋមន្ត្រី ចំពោះ​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ទាំង​អស់​ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ។

នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី ២១ ខែមករា លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​ទៅ​អគ្គ​នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​រៀបចំ​បង្កើត កម្មវិធី​ពិសេស​ប្រចាំ​សប្ដាហ៍ ដើម្បី​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​មាន​វាគ្មិន​ជំនាញ​ខាង​សារ​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​មក​ចូលរួម​ពន្យល់ និង​បក​ស្រាយ​ពី​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​ដើម​ចម​នៃ​ការ​បំពុល​សង្គម។

លោក កាញារីទ្ធ ថ្លែងថា៖ «ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​សង្គម ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​កុំ​ឲ្យ​សា​ធារណ​ជន​យល់​ខុស​ពី​ការ​ពិត ព្រោះ​បច្ចុប្បន្ន​ព័ត៌មាន​មិន​ពិត​បាន​កើត​ឡើង​ច្រើន​តាមរយៈ​បណ្ដាញ​សង្គម​ដែល​មាន​ចរិត​ញុះញង់​បង្ក​ភាព​វឹកវរ​នាំ​ឲ្យ​មាន​ផល​វិបាក​ក្នុង​សង្គម»។

លោក​បានលើកឡើង​ដែរ​ថា៖ «ព័ត៌មាន​មិន​ពិត​ភាគច្រើន គឺ​បង្កឡើង​ដោយ​ក្រុម​អ្នក​ប្រឆាំង ដែល​មួល​បង្កាច់ បង្ខូច​មក​លើ​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យល់​ខុស​ពី​ការ​ពិត ហើយ​ព័ត៌មាន​កែង​ក្លាយ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ​ថែម​ទៀត»។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ទៅ​អគ្គ​នាយក​ទូរទស្សន៍​ជាតិ ឲ្យ​រៀបចំ​បង្កើត​ជា​កម្មវិធី​តុមូល ដែល​នឹង​លើក​ពី​ប្រធាន​បទ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព័ត៌មាន​ក្លែង​ក្លាយ​នេះ​យក​មក​ពិភាក្សា។

លោក​បាន​បន្ដថា៖ «យើង​សង្កេតឃើញថា មាន​ព័ត៌មាន​មួយចំនួន​បាន​លោត​ឡើង​វិញ ដែល​ព័ត៌មាន​ខ្លះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១០ មក ឬ​ជា​ព័ត៌មាន​ចាស់ៗ ពេល​ចែក​រំលែក​ក្នុង​សង្គម​ទៅ​សាធា​រណជន​បែរ​ជា​គិត​ថា​ជា​រឿង​ថ្មី​ទៅ​វិញ ហើយ​ទៅ​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​មិន​ចេះ​មើល​ជាដើម»។

លោក​បាន​បន្ថែមថា៖ «យើង​នឹងធ្វើ​ការផ្សាយ​តាម​ទូរទស្សន៍​ជាតិ មាន​រយៈពេល ១ ម៉ោង​ទៅ ២ ម៉ោង​អី ក្នុង ១ សប្ដាហ៍ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់ និង​មាន​អ្នក​ដឹង​ពី​រឿង​ហ្នឹង​ចូលរួម​បំភ្លឺ»។

លោក ផុស សុវណ្ណ បាន​ឲ្យ​ដឹងថា តាមរយៈ​ការសន្យា​របស់​នាយក​ទូរទស្សន៍​ជាតិ និង​ចាប់​ផ្ដើម​ដំណើរការ​ក្នុង​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០១៩ នេះ។

លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​អបអរសាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​នេះ ព្រោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ ជា​បញ្ហា​មួយ​ដ៏​ធំ​នៅ​ក្នុង​ពិភពលោក ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​បាន​បន្ដថា៖ «ក្នុងនាម​យើង​ជា​អ្នកសារ​ព័ត៌មាន​ម្នាក់ យើង​អបអរ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន ដែល​ដាក់​ឲ្យ​មាន​ការ​ផ្សាយ​ជា​ប្រចាំ ដើម្បី​ធ្វើ​ម៉េច អប់រំ​ប្រជា​ពលរដ្ឋ ឲ្យ​យល់​ពី​ព័ត៌មាន​ក្លែង​ក្លាយ ដោយ​យើង​បាន​វាយ​បក​ភ្លាមៗ ក្នុង​ពេល​ដែល​មាន​ព័ត៌មាន​មិន​ពិត​កើត​ឡើង»។

លោក​បាន​ថ្លែងថា៖ «បើសិនជា​អាច យើង​អាច​បង្កើតជា​កម្មវិធី​នៃ​ការ​អប់រំ ដោយ​យើង​ត្រូវ​ពន្យល់​ដល់​ប្រជា​ពលរដ្ឋ និង​យុវជន​ឲ្យ​ពួកគាត់​យល់​ថា អ្វី​ជា​មូលដ្ឋាន​នៃ​ព័ត៌មាន ដែល​គួរ​ជឿ គួរ​ទុក​ចិត្ដ។ យើង​ត្រូវ​ផ្ដល់​ឲ្យ​គាត់​សិន ដើម្បី​ឲ្យ​គាត់​មុន​នឹង​ជឿ​លើ​ព័ត៌មាន​ណាមួយ​នោះ។ ពេល​គាត់​មាន​មូលដ្ឋាន គាត់​នឹង​ដឹង​ថា មុន​នឹង​ជឿ​លើ​ព័ត៌មាន​មួយ យើង​ត្រូវ​ពិនិត្យ​មើល​ថា​ព័ត៌មាន​ហ្នឹង មាន​ប្រភព​ច្បាស់​លាស់​ឬទេ មាន​អ្នក​និយាយ​ឬទេ មាន​ហេតុ​ការណ៍​ជាក់​ស្ដែង​ឬទេ មាន​សាក្សី​គ្រប់គ្រាន់​ឬទេ មុន​នឹង​យើង​ជឿ កុំ​គ្រាន់​តែ​ឃើញ​តាម​បណ្ដាញ​សង្គម គឺ​ត្រូវ​ពិនិត្យ​មើល​សិន»។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (U.J.F.C) បាន​សម្ដែង​ការ​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​នេះ។

លោក​បាន​បន្ដថា៖ «កម្មវិធី​នេះ ខ្ញុំ​គាំទ្រ​ឲ្យ​ធ្វើជា​រៀងរាល់ថ្ងៃ ព្រោះ​ព័ត៌មាន​បំពុល ក៏មាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។

លោក ថ្លែងថា កម្មវិធី​នេះ​គឺមាន​អ្នកជំនាញ​ព័ត៌មាន ជំនាញ​ខាង​បច្ចេកវិទ្យា និង​អ្នក​ជំនាញ​ដែល​ពាក់ព័ន្ធ ដោយ​លើក​យក​នូវ​ប្រភព​ព័ត៌មាន​ដែល​មិន​ពិត​នោះ ផ្សាយ​ចេញ​មក​តែម្ដង​ដើម្បី​ឲ្យ​សាធា​រណ​ជន​បាន​ដឹង។

លោក​បន្ដថា៖ «រឿងនេះ​សំខាន់​ណាស់ សំខាន់​មិនមែន​ដើម្បី​បំភ្លឺ​អ្នក​បំពុល​ហ្នឹង​ទេ គឺ​បំភ្លឺ​មហាជន​ដែល​ទទួល​ព័ត៌មាន​បំពុល​ឲ្យ​គាត់​មាន​ការ​ប្រៀប​ធៀប ស្វែង​យល់ ថា​ព័ត៌មាន​ណាមួយ​ដែល​ជា​ព័ត៌មាន​បំពុល ជា​ព័ត៌​មាន​ប្រឌិត»។

លោក​ ហ៊ុយ វណ្ណៈ បាន​ថ្លែង​ដោយ​ចាត់ទុក​ការបង្កើត​កម្មវិធី​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​នេះ ជា​ការ​បំផ្លាញ​ចោល​ឱកាស​ចំពោះ​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ និង​ឈាន​ទៅ​ការ​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​តែ​ម្ដង៕