ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ប្រកាស​ធានារ៉ាប់រង​ដល់​ការសិក្សា​រហូតដល់​ចប់ សម្រាប់​កូនតូចៗ​ទាំង​ ៣ ​នាក់​ របស់​សព​លោក ជាង សុខា ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ ដែល​សព​ត្រូវបាន​បូជា​កាលពី​ម្សិលមិញ​។

លោក ជាង សុខា វ័យ​ ៤២ ​ឆ្នាំ​ ដែល​ជា​អ្នកកាសែត​អាជីព និង​​វិជ្ជាជីវៈ ១ ​រូប បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែ​ មករា ឆ្នាំ​ ២០២១ ដោយ​រោគាពាធ​នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ភូមិ​ព្រះពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ សព​របស់​លោក​ត្រូវបាន​បូជា​នៅ​វត្ត​កម្សាន្ត​ក្នុង​ខណ្ឌ​ច្បារអំពៅ កាលពី​ព្រឹក​ម្សិលមិញ​ដោយ​មាន​បងប្អូន ក្រុមគ្រួសារ​សព និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រាប់រយ​នាក់​ចូលរួម​។ មរណភាព​របស់​លោក​ ជាង សុខា គឺជា​ការបាត់បង់​អ្នក​សារព័ត៌មាន​ដ៏ឆ្នើម និង​ជា​ការបាត់បង់​ធនធាន​មនុស្ស​ដ៏កម្រ​ ១ ​រូប​ ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។

លោក​ ខៀវ កាញារីទ្ធ ដែលជា​អធិបតី និង​ជា​អ្នក​អុជ​ភ្លើង​បូជាសព​បាន​ផ្តែផ្តាំ​ទៅដល់​ភរិយា​របស់​លោក ជាង សុខា បន្ទាប់ពី​ការបូជា​សព​ថា សូម​កុំឱ្យ​បារម្ភ​ពី​ការសិក្សា​របស់​កូន​ដោយ​លោក​ធានារ៉ាប់រង​ក្នុង​ការចំណាយ​លើ​ថ្លៃ​សិក្សា​ដល់​កូន​ទាំង​ ៣​ រហូត​ដល់​ចប់​ការសិក្សា​។ «​ខ្ញុំ​នឹង​ចេញថ្លៃ​សិក្សា​ដល់​ក្មេងៗ ថ្លៃ​សម្លៀកបំពាក់ ព្រមទាំង​ថ្លៃ​រថយន្ត​ដឹក​សិស្ស​ផង​ដែរ​»​។

នៅ​ព្រឹក​ថ្ងៃ​ដែល​លោក ជាង សុខា ​បាន​បាត់បង់​ជីវិត​លោក​ ខៀវ កាញារីទ្ធ បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់លោក​ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ២២ មករា ២០២១ នេះ​យើង​បាន​បាត់បង់​សហភាតរៈ​ដ៏ឆ្នើម​ម្នាក់ទៀត​របស់​យើង​ហើយ គឺ​លោក ជាង សុខា​! សូម​ព្រលឹង​លោក​បាន​ទៅកាន់​សុគតិភព និង​សូមកុំ​បារម្ភ​ពី​អនាគត​កូន​ទាំង​ ៣ ​ឱ្យ​សោះ​»​។

ភរិយា​របស់​លោក ជាង សុខា គឺ​លោកស្រី សុខ សោភ័ណ្ឌ វ័យ​ ៣៨ ​ឆ្នាំ​ បាន​ប្រាប់ថា លោកស្រី​បាន​បាត់បង់​ស្វាមី​ដែលជា​បង្គោល​របស់​គ្រួសារ ហើយ​លោកស្រី​មិន​ដឹង​ជា​ត្រូវធ្វើ​យ៉ាងណា​នោះទេ ពីព្រោះ​ពេលនេះ​ជីវិត​គឺ​ដូចជា​កំពុង​នៅ​តែលតោល​កណ្តាល​សមុទ្រ​។ ប៉ុន្តែ​លោកស្រី​បាន​សម្តែង​ការ​ត្រេកអរ​ជាខ្លាំង ចំពោះ​ទឹកចិត្ត​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​អគ្គនាយក​សាលា​វេស្ទឡាញ លោក​ ប៉ិច បូឡែន ​ដែល​បាន​ជួយផ្តល់​អាហារូបករណ៍ និង​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​កូនៗ​លោកស្រី​រហូតដល់​ចប់​។

លោកស្រី​និយាយ​នៅខាងមុខ​មឈូស​របស់​ប្តី​ថា​៖ «​ខ្ញុំ​ធូរស្រាល​បន្ទុក ចំពោះ​ការរក​លុយ​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ​ដែល​បាន​រដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ ​ជួយ​។ គាត់​បាន​ប្រាប់​ខ្ញុំ ខ្ញុំ​សប្បាយចិត្ត និង​អរគុណ​ចំពោះ​ទឹកចិត្ត​របស់គាត់​»​។

លោក​ ជាង សុខា បាន​សិក្សា​ជំនាញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ១៩៩៩​។ ក្រៅពី​ជា​អតីត​អ្នកកាសែត និង​ជា​ប្រធាន​ក្រុម​អ្នកយកព័ត៌មាន​នៅ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ និង​ជា​អ្នកកាសែត​នៅតាម​ស្ថាប័ន​មួយ​ចំនួន​ទៀត និង​ក្រោយ​មកជា​និពន្ធ​នាយក​នៅ​កាសែត​ខ្មែរថាមស៍​លោក សុខា ក៏​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស.ស.ស.ក រហូតដល់​វេលា​ចុងក្រោយ​នេះ​ផងដែរ​។

លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​លោក​ ជាង សុខា​។ លោក​ថ្លែងថា ការចងចាំ​របស់លោក និង ស.ស.ស.ក ចំពោះ​សណ្តាន​ចិត្ត និង​មនសិការ​របស់​សហការី​ដ៏ល្អ​នេះ​គឺមាន​ច្រើនណាស់​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ក៏​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​លោក​ សុខា ដែល​ធ្លាប់បាន​បំពេញការងារ​ជាមួយគ្នា​នៅ​ស្ថាប័ន​កាសែត ​ភ្នំពេញ ប៉ុស្តិ៍​ ផងដែរ​។ «​ខ្ញុំ​ពិតជា​តក់ស្លុត​នៅពេលដែល​ដឹងថា​បង សុខា ​បាន​ទទួល​មរណភាព ទោះបីជា​យើង​បាន​ធ្វើការ​ខុស​ស្ថាប័ន​ក៏ដោយ ប៉ុន្តែ​យើង​នៅតែ​ធ្វើការ​ជាមួយគ្នា​នៅក្នុងនាម​ជា​មិត្តភក្តិ អ្នក​ដែល​ធ្វើការ​លើ​វិស័យ​សារព័ត៌មាន​»​។

លោក​ ជាង សុខា មានស្រុក​កំណើត​ក្នុង​ខេត្តកំពង់ស្ពឺ​។ លោក​បាន​រៀបការ​ជាមួយ​លោកស្រី សុខ សោភ័ណ្ឌ​ដោយ​ទទួលបាន​បុត្រ​ ៣ ​នាក់​ក្នុង​នោះ​មាន សុខា ដេវីត អាយុ​ ១២ ​ឆ្នាំ សុខា រតនៈ អាយុ​ ១០ ​ឆ្នាំ និង​សុខា សូលីតា អាយុ​ ៥ ​ឆ្នាំ​៕