ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ កាល​ពី​ម្សិល​មិញ ​បាន​បង្ហោះ​សារ​ព្រមាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​មួយ​ដោយ​​បាន​បញ្ជា​​ឲ្យ​មន្ត្រី​ក្រសួង​បញ្ជូន​ឈ្មោះ​​ និង​រូប​ថត​មន្ត្រី​គេច​វេះ​ពី​ការងារ​ មក​ឲ្យ​លោក​ដើម្បី​លោក​បង្ហោះ​លើ​បណ្ដាញ​សង្គម។

លោក​បាន​សរសេ​រនៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដូច្នេះថា​៖ «ក្រោយ​ពី​មាន​ការ​រអ៊ូ​រទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួ​ង​ព័ត៌មាន​សុំ​ឲ្យ​គ្រប់​អគ្គ​នាយក​ដ្ឋាន​បញ្ជូន​ឈ្មោះ និង​រូប​ថត​មន្ត្រី​ណា​ខ្លះដែល​មាន​តែ​ឈ្មោះ​តែ​បើក​ប្រាក់​ខែ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល ​ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង»។

លោក ផុស សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ករណី​​មន្ត្រី​មាន​តែ​ឈ្មោះ​តែ​បើក​ប្រាក់​ខែ អាច​មាន​មែន ​ប៉ុន្តែ​ប្រហែល​មិន​ច្រើន​ទេ។

លោក​ពន្យល់​ថា ក្រសួង​ព័ត៌មានខុស​ពី​កន្លែង​ធ្វើ​​ការ​ឯកជន​ ឬ​​ក្រសួង​ផ្សេង​ទៀត​ ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ចាំ​បាច់​ត្រូវ​​មាន​វត្តមាន​នៅ​កន្លែង​ធ្វើការ​។

លោក​ថ្លែង​ថា មន្ត្រី​ខ្លះ​ធ្វើ​ការ​ច្រើន​កន្លែង ដូច្នេះ​ពួក​គា​ត់​ធ្វើ​ការ​ពី​ចម្ងាយ​ ដោយ​មិន​បាន​មក​ក្រសួង​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ពួក​គេ​បាន​ជួយ​ការងារ​ច្រើន​ដែរ។

លោក​ថ្លែង​ថា៖ «អ្នក​ខ្លះ​ឃើញ​គាត់​មក​រាល់​តែ​ថ្ងៃ​ហើ​យ​​​ថា​គាត់​សកម្ម ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ ថ្វី​ដ្បិត​តែ​គេ​អត់​មក​ តែ​គេ​ជួយ​ការងារ​យើង​ពី​ចម្ងាយ»។

លោក​បន្ត​ថា៖ «តែ​អាច​មាន​បញ្ហា​មន្ត្រី​ម្នាក់​ពីរនាក់​អ៊ីចឹង​ដែរ វា​អាច​ថា​ អ្នក​ខ្លះ​អាង​ថា​ យើង​ធូរគាត់​ភ្លេច​ផ្ដល់​កាត​ព័ត៌មាន​ដល់​កន្លែង ឬ​ភ្លេច​ផ្ដល់​លទ្ធ​​ផល​ការងារ​ចុង​ក្រោយ​​ដល់​ក្រសួង​ ​ក្រសួង​តម្រូវ​ឲ្យ​គាត់​កែ​តម្រូវ ពង្រឹង​វិន័យ​ការងារ»។

លោក​យល់​ថា ការ​ប្រកាស​ចាត់​វិធានការ​របស់​លោករដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ ទំនង​ជា​កើត​មាន​ក្រោយ​ពេល​លោក​រដ្ឋ​មន្ត្រី​ ឃើញ​មន្ត្រី​ក្រសួង​មួយ​ចំនួនដែល​មាន​ការ​មិន​ពេញចិត្ត​លើ​បុគ្គលិក​ផ្សេង​ទៀត​​ ហើយ​បញ្ចេញ​អារម្មណ៍​របស់​ពួក​គេ​​នៅ​លើ​បណ្ដាញ​សង្គម។

លោក​​បន្ត​ថា៖ «នេះ​តាម​ខ្ញុំ​យល់​ឃើញ​អ៊ី​ចឹង ព្រោះ​វិស័យ​ព័ត៌មាន​ វា​មិន​ដូច​គេ​ដែល​ទាម​ទារ​ដូច​សិស្ស​សាលា បុគ្គលិក​ក្រុមហ៊ុន​​ដែល​ត្រូវ​ឃើញ​វត្តមាន​រាល់​ម៉ោង​នោះ​ទេ។ អ្នកខ្លះ​បើ​យើង​តម្រូវ​ឲ្យ​គាត់​មក​កន្លែង​ហើយ​បាន​ត្រឡប់​មក​វិញគាត់​អាច​ធ្វើ​ការ​យឺត​ពេល»។

លោក ​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុ​ជា​​យល់​ថា បុគ្គលិក​ដែល​បាន​ប្រព្រឹត្ត​ដូច​លោក ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ ជា​ប្រភេទ​បុគ្គលិកខ្ជិល​ច្រអូស ​ឬ​ជា​បុគ្គលិក​មិន​ទទួល​ខុស​ត្រូវ​ ចំពោះ​ភារកិច្ច​របស់​ខ្លួន។

លោក​យល់​ថា ការ​បង្ហោះ​ឈ្មោះ និង​រូប​ថត​ ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​ទាំង​នោះ​ មាន​ភាព​អាម៉ាស់​ជា​វិធាន​ការ​មួយ​ ប៉ុន្តែ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ និង​ប្រកបដោយ​វិជ្ជា​ជីវ:​នោះ​ គឺ​ការ​ដាក់​លក្ខខណ្ឌ​តឹង​រ៉ឹង​ឲ្យ​បុគ្គលិក​គោរព​គោលការណ៍ ម៉ោង​ធ្វើការងារ​ និង​ការ​បង្កើត​យន្តការ​ ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​បំពេញ​ភារកិច្ច​ និង​ការ​វាយ​តម្លៃ​ទៅ​លើ​លទ្ធផល​ការងារ​ជាក់​ស្តែង ​ដោយ​ភ្ជាប់​​ជាមួយ​នឹង​របាយ​ការណ៍​ធ្វើ​ជា​ភ័ស្តុតាង។

លោក សន ជ័យ ប្រធាន​​អង្គការ​​សម្ព័ន្ធ​​គណ​នេយ្យ​​ភាព​​សង្គម​​កម្ពុជាយល់​ឃើញ​ថា កា​រ​​លើក​ឡើង​នេះ​ហាក់​ដូច​មា​ន​ការ​ពាក់​ព័ន្ធ​នឹង​ពេល​វេលា​មួយ ​ដែល​មាន​ការ​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​ច្រើន។

លោក​ថា៖ «ក្នុង​បរិយាកាស​នេះ មុន​នឹង​ដាក់​ទណ្ឌកម្ម​ ទៅ​ដល់​បុគ្គលិក ត្រូវ​ពិនិត្យ​មើល​លើទិដ្ឋភាព​ ​៣ ទី១​ ការ​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ នៃ​ការ​អនុវត្ត​ការងារ ដូច​ជា​បេសកកម្ម​ ទៅខេត្ត​ជា​ដើម តើ​មាន​ការ​បែង​ចែក​គ្រប់​ជ្រុងជ្រោយដែរ​ឬ​ទេ? ទី២ ថា​ តើ​អវត្ត​មាន​របស់​បុគ្គលិក​មាន​ពាក់​ព័ន្ធ​អី​ជាមួយ​នឹង​រដូវ​កាល​ដែល​មាន​ការ​ឈប់​សម្រាក​ច្រើនឬ​ទេ? ហើយ​ទី​៣ តើ​បរិយា​​កាស​នៅ​កន្លែង​ធ្វើ​ការ​គ្រប់​ការិយា​ល័យ នាយកដ្ឋាន​ទាំងអស់​មាន​ការ​ផ្គត់​ផ្គង់​ភ្លើង​អគ្គិស​នី​គ្រប់​គ្រាន់​ឬ​ទេ ឬ​មួយ​ដាច់​ខ្លះ​ដែរ? បើ​មិន​ដាច់​ជា​កំហុស​របស់​បុគ្គលិក តែ​បើ​ដាច់​ខ្លះ​ដែរ​ដូច​តាម​ផ្ទះ​ប្រជាជន វា​ពិបាក​បន្ទោស​គាត់​ដែរ»។

ទោះ​យ៉ាង​ណា​លោក​ថា ការ​យក​ឈ្មោះ​ និង​រូប​ថត​បុគ្គលិក​ ឬ​​មន្ត្រី​មក​បង្ហោះ​នៅ​លើ​បណ្ដា​ញ​​សង្គម​ដោយ​កំហុ​ស​បែប​នេះ វា​ហាក់​ដូច​ធ្ងន់​ធ្ងរ​បន្តិច​។ ផ្ទុយ​ទៅវិញ ក្រសួង​គួរ​ប្រើ​វិធានការ​ដែល​មាន​ស្រាប់​ដូចជា​ការ​ក្រើន​រំឭក និង​ការ​ដាក់​ពិន័យ៕