ភ្នំ​ពេញៈ ​ថ្លែង​លើ​ប​ណ្តាញ​សង្គម​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​ចន្ទ​ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ លោក​ ខៀវ​ កា​ញារីទ្ធ​ ​បាន​ឲ្យ​ដឹង​ថា​ ​មាន​ជន​ទុច្ច​រិត​មួយ​ចំនួន​ជ្រក​ក្រោម​ស្លាកសារព័ត៌​មាន​ ​ទៅ​ធ្វើ​ការងារ​ប្រាស​ចាក​វិជ្ជា​ជីវៈ ​ដែល​ការ​ធ្វើ​បែប​នោះ ​គឺ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​ ​សេច​ក្តី​ថ្លៃ​ថ្នូរ​ ​រប​ស់​អ្នក​សារ​ព័ត៌​មាន​អាជីព​ដែល​មាន​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ។

លោក​ ​ខៀវ​ ​កាញា​រីទ្ធ​ ​បាន​ឲ្យ​ដឹង​ដោយ​យោង​តាម​ការ​ត្អូញ​ត្អែរ​បស់​ម្ចាស់​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម ចំពោះ​សកម្ម​ភាព​គ្មាន​វិជ្ជា​ជីវៈ​មួយ​ចំនួន​របស់​អ្នក​ព័ត៌​មាន​ ​ដែល​តែង​តែ​ចុះ​សុំ​លុយ ​និង​ផ្សព្វ​ផ្សាយ​នាំ​ ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​របរ​របស់​សហ​គ្រាស​ធុន​តូច​ ​និង​ធម្យម​។​

លោក​ ​ខៀវ​ ​កា​ញារី​ទ្ធ​ ​បាន​សរ​សេរ​​ថា​៖​ «​សកម្ម​ភាព​រញីរ​ញ៉ៃ​របស់​អ្នក​កា​សែត​គ្មាន​វិជ្ជា​ជីវៈ សំ​ដៅ​ដល់​អ្នក​កា​សែត​ ​ដែល​គ្មាន​មាន​កាសែត​ចេញ​ផ្សាយ​ ​អ្នក​កាសែត​មាន​តែ​កូន​កា​មេ​រ៉ា​តូច​មួយ​ ឬ ​ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ ​ផ្សាយ​តាម​ហ្វេស​ប៊ុក​ ​ដោយ​គ្មាន​របៀប​វារៈ​ទៀង​ទាត់​ ​តែ​ទៀង​ទាត់​ក្នុង​ការ​ចុះ​សុំ​លុយ​»​។​

លោក​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​សហ​គ្រាសបាន​រាយការណ៍ថា​ ការ​ផ្សាយ​របស់​អ្នក​អ្នក​សារព័ត៌​មាន​គ្មាន​វិជ្ជា​ជីវៈ​ទាំង​នោះ គឺ​មិន​បាន​យល់​ច្បាប់​ពាណិជ្ជ​កម្ម​ ​និង​​លិខិត​បទ​ដ្ឋាន​ ​ឬ​បច្ចេក​ទេស​អ្វី​ទាំង​អស់​ ដែល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​របរ​របស់​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​។​

លោក​ ​កា​ញារីទ្ធ​ ថ្លែង​ថា៖​ ​«​ខ្ញុំ​សង្ឃឹម​ថា​អ្នក​កាសែត​ទាំង​អស់​នឹង​ខិត​ខំ​ចៀស​វាង​ពីកា​រប្រព្រឹត្ត​ខុស​វិជ្ជា​ជី​វៈ​ ហើយរួ​ម​គ្នា​កម្ចាត់​អោយ​បាន​ពួក​ទុច្ច​រិត​ជ្រក​ក្រោម​ស្លាក​សារ​ព័ត៌​មាន​ ​ដើម្បី​សេច​ក្តី​ថ្លៃ​ថ្នូរ​នៃ​អ្នក​សា​រព័ត៌​មាន​វិជ្ជា​ជី​វៈ​ទាំង​អស់​ក្នុង​ប្រ​ទេស​កម្ពុជា​ យើង​»​។​

លោក​ ​ឆា​យា ​នាថ​ ​និពន្ធ​នាយក​សារ​ព័ត៌​មាន​ ​CPC NEWS ​បាន​ថ្លែង​ថា ​តាម​ការ​សង្កេត​ជាក់​ស្តែង​ ​និងតាម​របាយ​ការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​សំអាង​ ​ពិត​ជា​មាន​បាតុ​ភាព​មិន​ល្អ ​ដែល​បាន​និង​កំពុង​ប៉ះ​ពាល់​ដល់​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ពិ​ត​ប្រា​កដ។​

លោ​ក​ ​នាថ​ ​ថ្លែង​ថា​៖​ ​«​សម្រាប់​ខ្ញុំ​ ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ ​ឬអ្នក​រក​ស៊ី ​មន្ត្រី​រាជ​ការ​ ​នាំ​គ្នា​និ​យាយ​ថា ​អ្នក​កាសែ​ត ​ឥឡូវ​ ​ក្លាយ​ជា​អ្នក​ជំរិត​ទារ​ប្រាក់​នោះ ​គឺ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ។​ បញ្ហា​នេះ​សង្ឃឹម​ថា​ លោក​រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មា​ន​ ​នឹង​មាន​វិធាន​ការ​ចំពោះ​ក្រុម​អ្នក​កាសែត​គ្មាន​វិជ្ជា​ជីវៈ​ ​គ្មាន​ក្រម​សីល​ធម៌ទាំង​នេះ​ផង​ ដើម្បី​​លើក​តម្លៃ​នៃ​វិ​ជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ​របស់​យើង​ទាំង​អស់​គ្នា​ឡើ​ង​វិ​ញ​»​។​

លោក​ ​ប៉ែន​ ​បូណា ​ប្រ​ធាន​ក្លិប​អ្នក​កា​សែត​កម្ពុជា​ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពីម្សិល​មិញ​ថា​​ បច្ចុ​ប្បន្ន​នេះ​មាន​បុគ្គល​ច្រើន​ណាស់​ពាក់​ស្លាក​សារ​ព័ត៌​មាន ​ដើម្បីទៅ​ប្រ​ព្រឹត្ត​រឿង​ផ្តេស​ផ្តាស​ ​ដែល​ធ្វើ​ឲ្យខូ​ច​គេ​ឈ្មោះ​ កិត្តិ​យស​ ប៉ះ​ពាល់​ដល់​អ្នក​សារ​ព័ត៌​មាន​អាជីព​ជា​ច្រើន​។​ ​

លោក​ ​បូណា ​ថ្លែង​ថា​៖​ «​បុគ្គល​បែប​ហ្នឹង​ ​មាន​ច្រើន​មែន​ទែន​ អ្នក​ខ្លះ​ជា​អ្នក​លេង​ហ្វេស​ប៊ុក​ ​តាំង​ខ្លួន​ជា​អ្នក​សារ​ព័ត៌​មាន​ ​អ្នក​ខ្លះ​ទៀត​រួម​គ្នា​បង្កើត​ជា​ក្រុម​នីមួយៗ​ ​ដើម្បី​ទៅ​កន្លែង​ណា​មួយ​ក្នុង​បំណង​រក​លុយ​ ​ដោយ​ធ្វើ​សកម្ម​ភាព​​ផ្សេងៗ​ ​ដោយ​សំអាង​ថា​ ខ្លួ​ន​គាត់​ជា​អ្នក​សារ​ព័ត៌​មាន​ ​ប៉ុន្តែ​អ្វីដែល​គាត់​ធ្វើ​ហ្នឹង​មិន​មែន​ក្នុង​ន័យ​ជា​អ្នក​សារ​ព័ត៌​មាន​វិជ្ជា​ជីវៈ​ ​ត្រឹម​ត្រូវ​ទេ​​ ​គឺ​ដើ​ម្បី​តែ​ផល​ប្រ​យោជន៍​ប៉ុណ្នោះ​»​។​

លោក​ ​បូណា ​អះ​អាង​ថា​ សកម្ម​ភាព​បែប​នោះ​ ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​យល់​ច្រឡំ​ចំពោះ​អ្នក​សារ​ព័ត៌​មាន​ដែល​មាន​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ ​ហេតុ​នេះក្រសួង​ព័ត៌​មាន​គួរ​តែ​មាន​វិធាន​ការ​ណាមួ​យ​ ឬ​ធ្វើ​យ៉ា​ង​ណា​​បែងចែក​ឲ្យ​ច្បាស់​រវាង​អ្នក​សារព័ត៌​មាន​អាជីព​ ​និង​អ្នក​សារព័​ត៌​មាន​ដែល​គ្រាន់​តែ​តាំង​ខ្លួន​ជា​អ្នក​សារ​ព័ត៌​មាន​តែ​មិន​មែន​អាជីព​ ខណៈ ​អ្នក​មួយ​ចំនួន​ផ្សេង​ទៀត​មាន​អាជ្ញា​ប័ណ្ណ​ ​ប៉ុន្តែ​មិន​បាន​ប្រ​ព្រឹត្ត​តាម​វិជ្ជា​ជីវៈ​។​

លោក ​ផុស​ សុវណ្ណ ​ជា​អគ្គ​នា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌​មាន​ ​និង​សោត​ទស្សន៍ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​ បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ កាល​ពី​ម្សិល​មិញ​ថា ​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ ក្រ​សួង​ព័ត៌​មាន​មិន​នៅ​ស្ងៀម​ទេ​ ​គឺ​បាន​ត្រៀម​ ​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន​ ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​អ្នក​សារ​ព័ត៌​មាន ​ដែល​ផ្សព្វ​ផ្សាយ​គ្មាន​​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ​និង​អុជ​អាល​ដែល​ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​ប្រ​យោជ​ន៍​ និង​កិត្យា​នុភាព​សហ​គ្រាស​ធន​តូច​ ​និង​មធ្យម​។​

លោក ​សុវណ្ណ​ ​ថ្លែង​ថា​៖​ «​ក្នុង​កិច្ច​កការ​ងារ​នេះ​ ​យើង​បាន​ត្រៀម​ដាក់​ចេញ​នូវ​វិធាន​ការ​សំខាន់​ៗ​ចំនួន​ ២​ គឺ ​ទី​១​ ​បង្កើត​បទ​ដ្ឋាន​គតិ​យុត្ត​ ​ដើម្បី​ទ​​ប់​ស្កា​ត់​ ​និង​លុប​បំបាត់​ព័ត៌​មាន​មិន​ពិត​ ​និង​ព័ត៌​មាន​ក្លែង​ក្លាយ​ ចំណែក​ទី២​ គឺបង្កើត​យន្ត​ការ​អប់រំ​ ​និង​ការ​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​លើ​អ្នក​សារ​ព័ត៌​មាន​»​។​

លោក​ ​សុវណ្ណ​ ​ថា ​ក្រ​សួង​ព័ត៌​មាន​បាន​សហ​ការជា​មួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​អ្នក​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ដែល​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ​ព័ត៌​មាន​អុជ​អាល​បណ្តាល​ឲ្យ​កើត​អំពើ​ហិង្សា ​ចលា​ចល​នៅ​​ក្នុង​សង្គម​ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ​ ​សេដ្ឋ​កិច្ច​ជាតិ។​ ​លើក​លែង​តែ​ ​គេហទំ​ព័រ​ព័​ត៌​​មួយ​ចំនួ​ន​ដែល​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌​មាន​ ​និង​សារ​ព័ត៌​មាន​បរទេស ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស​​មួយ​ចំនួន​តូច​ ​ក្រ​សួង​ព័ត៌​មាន​ ​នឹង​សហ​ការ​ជា​មួយ​ក្រ​សួង​ពាក់​ព័ន្ធ​បន្ត​ពង្រឹក​ការ​អនុ​វត្ត​ច្បាប់​៕​ ​ ​​​​​​

វីដេអូ៖