កំ​ពង់ចាមៈ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ លោក ​ខៀវ ​កា​ញា​រីទ្ធ  ​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត ​ឲ្យ​សិស្សា​នុ​សិស្ស​ ​មាន​ពិការ​ភាព​ ត្រូវ​តស៊ូ​ និង​មាន​ឆន្ទះ​ក្នុង​ការ​សិក្សា​ ដោយ​កុំ​យក​បញ្ហា​មាន​ពិការ​ភាព​ ​ជា​ឧប​សគ្គ​ក្នុង​ការ​ការ​សិក្សា​និង​ស្វែង​រក​ការងារ​ ដោយ​ហេតុ​​​គ្រប់​ស្ថា​ប័ន​រដ្ឋ ​និង​ឯក​ជន​បាន​ទុក​កន្លែង​ការងារ ​២ ​ភាគ​រយ​ សម្រាប់​ផ្ដល់​ឱ​កាស​ដល់​ជន​មាន​ពិការ​ភាព​។​

ការ​ថ្លែង​របស់​ លោក​ ខៀវ​ កា​ញារីទ្ធ ​បាន​ធ្វើ​ក្នុង​ពេល​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​​ជា​មួយ​លោក​គ្រូ ​អ្នក​គ្រូ ​និង​សិស្សា​នុសិស្ស ​ពិការ​ភាព​ ដូច​ជា​ ​ពិការ​ភ្នែក​ គ ​និង​ថ្លង់​ នៅ​វិទ្យា​ល័យ​អប់រំ​ពិសេស​កំពង់​ចាម​ ស្ថិត​នៅ​សង្កាត់​ វាល​វង្ស​ ក្រុង​ ​កំពង់​ចាម​ កាល​ពី​ថ្ងៃ​ទី​ ៣​ ខែ​វិច្ឆិកា ​ឆ្នាំ​នេះ​។

លោក​រដ្ឋ​មន្ដ្រី​ថ្លែង​ថា​៖ «​សិស្សា​នុសិស្ស​ដែល​ពិការ​ភ្នែក​ គ ​ថ្លង់​ មិន​មែន​ជា​ឧប​សគ្គ​ក្នុង​ការរក​ការងារ​ធ្វើ​នោះ​ទេ​ គ្រប់​ស្ថា​ប័ន​រដ្ឋ​និង​ឯក​ជន ​បាន​ទុក​កន្លែង​ការ​ងារ​ ​២​ ភាគ​រយ ​សម្រាប់​ជន​មាន​ពិការ​ភាព​»​។​

លោក​រដ្ឋ​មន្រ្ដី​បាន​បញ្ជាក់​ថា​ ដោយ​សារ​តែ​បញ្ហា​ការីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ ក្នុង​ឆ្នាំ​​នេះ ​គឺ​មិន​មាន​ការ​ប្រឡង​រើស​មន្ត្រី​​ចូល​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ​ថ្មី​បន្ថែម​ទេ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​។​ ប៉ុន្ដែ​រាជ​រដ្ឋា​ភិបាល​បាន​ផ្តល់​ថវិកា​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ ដែល​រង​ផល​ប៉ះ​ពា​ល់​​ដោយ​សារ​ជំងឺ​កូ​វីដ​ ១៩ ​វិញ​។​

លោក​ ខៀវ​ កា​ញារីទ្ធ​ បា​ន​ឲ្យ​ដឹង​ថា ​រយៈ​ពេល​ ១៧​ ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ការងារ​បាន​ចុះ​​ជួយ​ដល់វិទ្យា​ល័យ​អប់​រំ​ពិសេស​កំពង់​ចាម​។ ​ហើយ​រយៈ​ពេល​ ៤ ឆ្នាំ​ចុង​ក្រោយ​នេះ​​ក៏​បាន​ជួយ​បន្ថែម​ ដល់​កុមារ​កំព្រា ​ដែល​ជួប​ការ​លំបាក​ផង​ដែរ​​។

លោក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា៖ ​«យើង​​មាន​ការ​សប្បាយ​រីក​រាយ​ដោយ​បាន​ឃើញ​សិស្សា​នុសិស្ស​មាន​ពិការ​ភាព​ ពិការ​ភ្នែក​ គ​ ថ្លង់​ បាន​សិក្សា​ដល់​ថ្នាក់​មហា​វិទ្យា​ល័យ ​និង​ទទួល​បាន​ការ​ងារ​ល្អ​ៗធ្វើ ​ហើយ​មាន​គ្រួសារ​ប្រកប​ដោយ​សុខ​សុភ​មង្គល​ថែម​ទៀត​»​។​ កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​វិច្ឆិកា​នេះ​ លោក​រដ្ឋ​មន្រ្ដី​បាន​បង្ហាញ​ អំពី​យុវជន​ម្នាក់​ឈ្មោះ​ ស្រ៊ុន​ ដែល​ទទួល​បាន​ការងារ​ធ្វើ​នៅ​មន្ទីរ​ព័ត៌​មាន​ខេត្ដ​បាត់​ដំបង​។​​

លោក​រដ្ឋ​មន្រ្ដី​បាន​អះអាង​ថា​៖ «​គេ​ជា​មនុស្ស​ autist​ តែ​មាន​ឆន្ទៈ​យ៉ាង​ខ្ពស់​ក្នុង​ជីវិត​។​ ពេល​ខ្ញុំយ​ក​ម​ក​ឲ្យ​បម្រើការ​ងារ​នៅ​មន្ទីរ​ព័ត៌​មាន​ខេត្ត​បាត់​ដំប​ង​ គេ​​បាន​បំពេញ​ការ​ងារ​យ៉ាង​ល្អ​មិន​ចាញ់​អ្នក​ឯ​ទៀត​ឡើយ​។ ​ជីវិត​ជា​ការ​តស៊ូ ​ហើយ អ្នក​មាន​ឆន្ទៈ​តស៊ូ​ ជា​អ្នក​មាន​ជោគ​ជ័យ​»​។​

លោក​ កែវ​ ផល្លី ​នាយក​វិទ្យា​ល័យ​អប់រំ​ពិសេស​កំពង់​ចាម​ ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃ​ទី​ ៥ ខែវិច្ឆិកា ថា សិស្សា​នុសិស្ស​មាន​ពិការ​ភាព​នៅ​វិទ្យា​ល័យ​អប់រំ​ពិសេស​កំពង់​ចាម​ សរុប​មាន​ចំនួន​ ១៧១ ​នាក់​ ស្រី​ចំនួន​ ៧៣​ នាក់​ ក្នុង​នោះ​​សិស្ស​ពិការ​ភ្នែក​ មាន​ចំនួន​ ៥៩ ​នាក់​ សិស្ស ​គ ​ថ្លង់​ ចំនួន​ ១១២​ នាក់​ ហើយ​បច្ចុប្បន្ន​សិស្សា​នុសិស្ស​មាន​ពិការ​ភាព​នៅ​វិទ្យា​ល័យ​នេះ​ ចំនួន​ ២៩ ​នាក់​ ក៏​កំពុង​បន្ត​ការ​សិក្សា​មហាវិទ្យា​ល័យ​នៅ​ខេត្ដ​កំពង់​ចាម​និង​រាជ​ធានី​ភ្នំពេញ​​ផងដែរ​។​

លោកថ្លែងថា​៖ «​ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌​មាន​បាន​លើក​ទឹក​ចិត្ដ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ពិការ​ភាព​ មិន​ត្រូវ​បាក់​ទឹក​ចិត្ដ​នោះ​ទេ​ ត្រូវ​ប្រឹង​ប្រែង​សិក្សា​ឲ្យ​មាន​ចំណេះ​ដឹង ​និង​ជំនាញ​ នោះ​ជីវិត​នឹង​ទទួល​បាន​ជោគ​ជ័យ​ ព្រោះ​ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​បាន​លើក​ឡើង​ថា​ ពិការ​ភាព​មិន​មែន​ជា​ឧប​សគ្គ​ចំពោះ​ការ​ស្វែង​រក​ការងារ​ធ្វើ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ចំណេះ​ដឹង​»​។​

លោក​ កែវ​ ផល្លី ​បាន​ឲ្យ​ដឹង​ថា ​សាលា​អប់រំ​ពិសេស​បាន​បង្រៀន​សិស្ស​មាន​ពិការ​ភាព​ ទៅ​តាម​កម្មវិធី​សិក្សា​របស់​ ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា​ ប៉ុន្ដែ​មាន​បន្ថែម​ជំនាញ​ពិការ​ភាព​មួយ​ទៀត​ ដល់​សិស្ស​ផង​ដែរ​។ ​ក្រៅ​ពី​នេះ​ សាលា​មាន​បង្រៀន​ ភ្លេង សិល្បៈ ​និង​បង្ហាត់​ស្តាប់​ និយាយ​សម្រាប់​សិស្ស ​គ​ថ្លង់​ផង​ដែរ​៕​​