ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតដល់មន្ដ្រី តាមមន្ទីរព័ត៌មានរាជធានី-ខេត្ដ ទាំងអស់ត្រូវពិនិត្យមើលតាមទីសាធារណៈនូវផ្ទាំងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រុមហ៊ុនដែលហួសពេលកំណត់ឱ្យដាក់តាំង។ ការអនុញ្ញាតនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងកាលពីថ្ងៃចន្ទទី ២១ ខែកញ្ញា។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ដោយហេតុកន្លងមកមានក្រុមហ៊ុនគ្រឿងស្រវឹងមួយចំនួនបានធ្វើខុសពីគោលការណ៍អនុញ្ញាតរបស់ក្រសួងឱ្យផ្សព្វផ្សាយគ្រឿងស្រវឹងអំពីការផ្តល់រង្វាន់ផ្សេងៗនេះសម្រាប់រយៈពេលមុនពិធីបុណ្យធំៗដូចជាចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យអុំទូក និងពេលពិធីចូលឆ្នាំចិនជាដើម ប៉ុន្តែក្រុមហ៊ុនមួយចំនួនមិនព្រមដកស្លាកយីហោផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ចេញពីទីសាធារណៈដែលបានអនុញ្ញាតនោះទេ។
លោក កាញារីទ្ធ បានថ្លែងថា៖ «មន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវចាត់មន្ត្រីទៅពិនិត្យមើលតាមទីសាធារណៈ បើសិនជាក្រុមហ៊ុនណាមិនបានដកផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងដែលមានភ្ជាប់ការផ្តល់រង្វាន់នោះចេញទេ ក្រុមការងារត្រូវដកចេញហើយត្រូវឱ្យក្រុមហ៊ុននោះបង់ថ្លៃសេវា»។
លោក មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានថ្លែងឱ្យដឹងថា បច្ចុប្បន្នការផ្សព្វផ្សាយពីការលក់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជាបានឈានដល់បន្ទាត់ក្រហម គឺហួសដែនកំណត់។
លោក គង់ បានថ្លែងថា៖ «សម្រាប់ខ្ញុំយល់ថា ប្រទេសកម្ពុជាយើងទាល់តែមានច្បាប់ [គ្រប់គ្រងលើគ្រឿងស្រវឹង] ទើបមានភាពងាយស្រួលក្នុងការអនុវត្ដ ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្ននេះគឺពិតជាគួរឱ្យព្រួយបារម្ភមែនទែន ព្រោះការផ្សាយទាំងនោះបានជំរុញឱ្យយុវជន កុមារ និងស្ដ្រីចាប់ផ្ដើមសេពគ្រឿងស្រវឹងក្នុងកម្រិតកាន់តែច្រើន»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យ ក្រសួងព័ត៌មានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុនបានដាក់ផ្សព្វផ្សាយហើយមិនបានដកចេញវិញតាមពេលវេលាដែលក្រសួងកំណត់៕
វីដេអូ៖