ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន ​លោក ខៀវ កាញ្ញារីទ្ធ បាន​ជំរុញ​ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​វិទ្យុ​ និង ​ស្ថាប័ន​កាសែត​មួយចំនួន ត្រូវ​កែតម្រូវ​អត្ថបទ​របស់​ពួកគេ​ឡើងវិញ ប្រសិនបើ​មានការ​ប្រឆាំង​ជំទាស់​ថា ​ការចុះផ្សាយ​ទាំងនោះ ខុស​ពី​​ការពិត។

ថ្លែង​ក្នុង​ពិធី​បូកសរុប​ការងារ​របស់​ក្រសួង​ព័ត៌មាន​ប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី២២ កុម្ភៈ លោក ខៀវ កាញ្ញារីទ្ធ បាន​លើក​ឡើង​ថា កន្លងមក​មាន​ពលរ​ដ្ឋ​ធ្លាប់​​ស្នើឲ្យ​ស្ថានីយ៍​វិទ្យុ​ និង ​កាសែត​ខ្លះ​ធ្វើការ​កែតម្រូវ​នូវ​អ្វីដែល​​ជា​ការ​ចុះផ្សាយ​ខុសពី​ការពិត​និង​នាំឱ្យ​ប៉ះពាល់​ក​ត្តិ​យស​បុគ្គល ប៉ុន្តែ​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះបាន​បដិសេធ​មិន​កែប្រែ​ឡើយ។

ថ្វី​ត្បិត​មិន​បញ្ជាក់​ឈ្មោះ​ស្ថាប័ន​វិទ្យុ​ និង​ កាសែត​ណាមួយ​ដែល​ធ្លាប់​ចុះផ្សាយ​ខុស​មិន​កែ​ត​ម្រូ​ក្ដី ប៉ុន្តែ​លោក ខៀវ កាញ្ញារីទ្ធ បន្ត​ថា ក្រសួង​មិន​ចង់ឱ្យមាន​ការប្ដឹង​ផ្ដល់​អ្នកកាសែត​ជុំវិញ​ការចុះ​ព័ត៌មាន​ខុស​ទៀត​ទេ ហើយ​ក្រសួង​ក៏​ទទួលបាន​មតិ​មួយ​ចំនួន ក្នុង​​ការស្នើ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឡើងវិញ ដើម្បី​ដាក់​បន្ថែម​អំពី​កាតព្វកិច្ច​កែតម្រូវ​សម្រាប់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខុសពី​ការពិត។

លោក​ថា« អ៊ីចឹង​បាន​កន្លងមក មាន​ការលើក​យោបល់​ថា ក្រសួង​គួរតែ​វិសោធនកម្ម​ច្បាប់​ស្ដី​របប​សារព័ត៌មាន ដែល​យើង​បានអនុម័ត​តាំងពី​ឆ្នាំ១៩៩៥ ដោយ​ដាក់​បន្ថែម​អំពី​កាតព្វកិច្ច​កែតម្រូវ​រប​ស់​អ្នកសារព័ត៌មាន នៅពេលណា​ដែល​មានការ​សុំឱ្យ​កែតម្រូវ​ដោយមាន​ភស្ដុតាង​ត្រឹមត្រូវ​គ្រប់គ្រាន់»។

ជាមួយគ្នានេះ លោក ខៀវ កាញ្ញារីទ្ធ ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រសួង​ព័​ត៌​ទាំងអស់ ត្រូវមាន​ភាពរហ័សរហួន​ក្នុងការ​​ឆ្លើយតប​ឱ្យបាន​ឆាប់​ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​ដែលជា​ដំណឹង​ខុសពី​ការពិត។

លោក​ថា«ប្រសិនបើ​មន្ត្រី​ក្រសួង​ព័ត៌មានមួយៗ នៅពេល​មាន​ដំណឹង​បំពុល​កើតឡើង​គាត់​បំភ្លឺ​ភ្លាម ​គឺ​ចប់​ហើយ។ ក្រសួង​ព័ត៌មាន​អត់​មាន​គោលជំហរ​ក្នុង​បញ្ហា​ប្ដឹង​អី​ទេ ប៉ុន្តែ​ជា​បុគ្គល ​ឬ ​អង្គភាព​ណា​គេ​គិតថា​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​គេ ប៉ះពាល់​ដល់​ការរកស៊ី​របស់​ពួកគេ អាហ្នឹង​គាត់​អាច​ប្ដឹង​បាន ប៉ុន្តែ​គោលការណ៍​ក្រសួង​សំខាន់ យើង​តប​ដំ​ណឺង​ក្លែងបន្លំ​និង​បំពុល​នេះ អាស្រ័យ​ដោយ​ការឆ្លើយតប​ឱ្យទាន់​ពេលវេលា»។

របាយការណ៍​ប្រចាំឆ្នាំ ២០១៨ របស់​ក្រសួង​ព័ត៌មាន​បាន​ចុះផ្សាយ​ថា ​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​អង្គភាព​ព័ត៌មាន​ជាង ១៦០០ អង្គភាព ហើយ​ក្នុងនោះ​មាន​កាសែត​ចំនួន ៤៣៩ ស្ថាប័ន ទស្សនាវដ្ដី​ចំ​នន ១៩៤ ស្ថាប័ន និង​ស្ថានីយ​វិទ្យុ​ចំនួន ២២០ ស្ថាប័ន។

លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លើកឡើង​ដែរ​ថា ក្រៅពី​មាន​តួនាទី​ជា​អ្នកផ្ដល់​ព័ត៌មាន អ្នកព័ត៌មាន​ក៏មាន​កាតព្វកិច្ច​ដ៏​សំខាន់​មួយទៀត គឺ ​ប្រសិន​នៅពេល​មានការ​ចុះផ្សាយ​ដោយ​ភ័ន្តច្រឡំ​ ហើយ​មានការ​ស្នើឱ្យ​កែប្រែ​ពី​ភាគី​ណាមួយ នោះ​អ្នកកាសែត​ត្រូវ​កែតម្រូវ​ឡើងវិញ ដែល​នេះ​ក៏​ជាការ​តម្រូវ​តាមច្បាប់​ដែរ។

ផ្ទុយទៅវិញ​លោក​ថា បើទោះបី​ជាមាន​ភាគី​ណាមួយ​ប្រឆាំង​ជំទាស់​អំពី​ការចុះផ្សាយ​ហើយ​ស្នើឱ្យ​កែតម្រូវ​ក្ដី ប៉ុន្តែ​អ្នក​សារព័ត៌មាន​ក៏មាន​សិទ្ធិ​ក្នុង​ការរក្សា​អ្វីដែល​ពួកគេ​បាន​ចុះផ្សាយ​ដែរ ប្រសិនបើ​ការចុះផ្សាយ​មាន​ភស្ដុតាង​ត្រឹមត្រូវ​ច្បាស់លាស់។

លោក​បន្តថា «ស្ថាប័ន​កាសែត​មាន​វិជ្ជាជីវៈ គាត់​មានការ​ត្រួតពិនិត្យ​ខុសត្រូវ​ ផ្ទៀងផ្ទាត់ ​ប្រយ័ត្នប្រយែង ​ខ្លាច​ព័ត៌មាន​ហ្នឹង​ខុស ជាទូទៅ​ខ្ញុំ​ឃើញថា ​ល្អ។ ប៉ុន្តែ​នៅមាន​សារព័ត៌មាន​ខ្លះ ពិសេស​ អន​ឡាញ​ហ្នឹង​មួយចំនួន​អត់​បាន​ចុះបញ្ជី​អី​ទេ គាត់​អត់​សូវ​មានការ​ទទួលខុសត្រូវ ដោយ​គ្រាន់តែ​លឺ​អ្វីមួយ​អ៊ីចឹង​ ចុះផ្សាយ​រហ័ស អត់​បាន​ផ្ទៀងផ្ទាត់​ឱ្យបាន​ច្បាស់លាស់ ដូច្នេះ​ជួនកាល​គាត់​ផ្សាយ​ទៅ​វា​ខុស»។

ចំណែក​លោក លាង ដឺ​លុច អគ្គនាយក​សារព័ត៌មាន​ថ្មី​ថ្មី​បាន​លើកឡើងថា តាមពិត​អ្នកកាសែត​វិជ្ជាជីវៈ​តែង​ពិនិត្យ​យ៉ាង​ម៉ត់ចត់​មុន​មានការ​ចេញផ្សាយ​ព័ត៌មាន ប៉ុន្តែ​បើតាម​បទពិសោធន៍​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​ខុស​មួយចំនួន អាច​ដោយ​ការផ្ទៀងផ្ទាត់​មិនបាន​គ្រប់​ជ្រុងជ្រោយ​ឬ​ភាពខ្វះ​ចន្លោះ និង​ម្យ៉ាងទៀត ប្រភព​ខ្លះ​បាន​បដិសេធ​វិញ​នូវ​អ្វីដែល​ពួកគេ​បានផ្ដល់​ព័ត៌មាន​មកឱ្យ​ចុះផ្សាយ។

លោក​ថា«អង្គភាព​ខ្លះ​គេ​មិន​កែ គេ​ច្បាស់​ខ្លួនគេ​ហើយ បានន័យថា​អ្វីដែល​ផ្សាយ​គឺ​មិន​ខុស»។

ក្រសួង​ព័ត៌មាន​បញ្ជាក់​អំពី​មាន​វិធានការ​មួយចំនួន ដូចជា​ចុះ​បន្ត​ពិនិត្យ​តាមដាន​អំពី​សារ​ព៏​ត៌មាន​មួយចំនួន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ក្រមសីលធម៌​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ ចុះ​ត្រួតពិនិត្យ​នៅតាម​រោង​ពុ​ម្ភ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ការចុះពិនិត្យ​ចំពោះ​ស្ថាប័ន​កាសែត​គ្មាន​អាជ្ញា​បណ្ណ​និង​គ្មាន​ការបោះ​ពុ​ម្ភ​ផ្សាយ​ជាដើម៕