ភ្នំពេញៈ លោក​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​ចំពោះ​បុគ្គល​ដែល​បង្ហោះ​សារ​ «​ញុះញង់​» ​គាំទ្រ​ការប្រកាស​វិលត្រឡប់​មកវិញ​របស់​លោក​ សម រង្ស៊ី ខណៈ​ដែល​លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​បាន​កោះប្រជុំ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​មួយ​ចំនួន​ក្នុង​ការទប់ស្កាត់​ «​ចលនា​ឧទ្ទាម​» ​ដែលមាន​ចេតនា​ប៉ុនប៉ង​បង្ក​អសន្តិសុខ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​។

លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ​ថា សមត្ថកិច្ច​មិន​ត្រឹមតែ​ស្វែងរក​ចាប់ខ្លួន​អ្នក​ដែល​បាន​ទទួល​ផែនការ​ពី​លោក​ សម រង្ស៊ី ប៉ុណ្ណោះ​ទេ តែ​សមត្ថកិច្ច​ថែមទាំង​នឹង​ចាត់​វិធានការ​បុគ្គល​ដែល​សរសេរ​សារ​បង្ហោះ​គាំទ្រ​ការប្រកាស​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​អ្នកឯង​ទៅ​គាំទ្រ​អ្នក​ដែល​ផ្តួលរំលំ​រាជរដ្ឋាភិបាល យើង​ចាត់ទុក​ជា​អ្នក​ដែល​ប្រឆាំង​សុខសន្តិភាព​របស់​ប្រទេសជាតិ ហើយ​អ្នក​ចង់​អុកឡុក​មិន​ឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ហើយ​វិធានការ​យើង​ចាប់ខ្លួន​អ្នក​ហ្នឹង​»​។

លោក សុភ័គ ​ថ្លែង​ថា​៖ «​យើង​ក៏​នឹង​ចាត់វិធានការ​អ្នក​ដែល​សរសេរ​សារ​ដែរ បើ​អ្នក​សរសេរ​នៅ​ (​ក្នុង​ប្រទេស​)​។ យើង​ចង់​រកមុខ​អ្នក​ដែល​សរសេរ​បែប​ហ្នឹង បើ​វា​នៅក្នុង​ប្រទេស យើង​នឹង​ចាប់​វា​ផងដែរ​។ ប្រទេស​គេ​កំពុង​តែ​មាន​សុខសន្តិភាព ហើយ​ហេតុ​អី​បាន​ជា​អ្នកឯង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​។ ពេលដែល​មក យើង​នឹង​ចាប់​ទាំង (​សម​) ​រង្ស៊ី ​និង​ទាំងអស់​ដោយសារ​តែ​ខុស​ច្បាប់​»​។

លោក​បន្ត​ថា​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ សមត្ថកិច្ច​នឹង​ធ្វើការ​ចាប់​មេខ្លោង ឬ​ក្រុម​ណា​ដែល​មាន​បំណង​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​មាន​នាពេល​បច្ចុប្បន្ននេះ​។ លោក​បន្ថែម​ថា​ការចាប់​ខ្លួន​មេខ្លោង​មួយ​ចំនួន​របស់​អតីត​គណបក្ស​ប្រឆាំង វា​នឹង​មិន​ធ្វើឲ្យ​ប្រទេស​មាន​ចលាចល​នោះទេ​។

លោក​ ខៀវ សុភ័គ បញ្ជាក់​ថា​៖ «​វា​នឹង​មិន​បង្កចលាចល​នោះទេ ដោយសារ​តែ​វា​មាន​តែ​មេ​ប៉ុណ្ណោះ​ហើយ​ពេលដែល​យើង​ចាប់​តែ​មេ​អស់​។ យើង​ឃើញ​ពេល កឹម សុខា ជាប់គុក សម រង្ស៊ី មាន​ធ្វើ​អី​ណា​។ យើង​ចាប់​តែ​មេៗ​ដែល​បំផុស​បំផុល​វា​មិនមាន​ច្រើន​រហូត​ដល់​រាប់លាន​នាក់​នោះទេ​។ យើង​រកតែ​មេខ្លោង​»​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​អគ្គស្នងការ​នគរបាលជាតិ​បាន​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ចលនា​ «​ឧទ្ទាម​» ​ដែលមាន​ចេតនា ប៉ុនប៉ង​បង្ក​ភាពអសន្តិសុខ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ កិច្ចប្រជុំ​មាន​ការចូលរួម​ពី​គ្រប់​នាយកដ្ឋាន​ចំណុះ​ក្រោម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

លោកនាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ទៅកាន់​មន្ត្រី​ដែល​បាន​ចូលរួម​ប្រមាណ ១០០០ នាក់​ថា​៖ «​យើង​ប្តេជ្ញា​ទាំងអស់​គ្នា ការពារ​រាជរដ្ឋាភិបាល​មិន​ឲ្យ​ក្រុម​ណា ពួកក្បត់​ជាតិ​ណា មក​បំផ្លាញ​សេចក្តីសុខ​ និង​សន្តិភាព​នៅ​កម្ពុជា​បាន​ឡើយ​»​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សំខាន់​គឺ​ការផ្សព្វផ្សាយ​នូវ​សភាពការណ៍​ថ្មីៗ​ពាក់ព័ន្ធ​ដល់​ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ដែល​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការបង្ក្រាប​ចលនា​ឧទ្ទាម​ដែល​មាន​ចេតនា ប៉ុនប៉ង​ធ្វើ​ផែនការ​បង្ក​អសន្តិសុខ ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ផងដែរ​។

លោក គឹមខឿន បញ្ជាក់​ថា​៖ «​ជា​ទិសដៅ អគ្គស្នងការ​នគរបាល​ជាតិ​បាន​សង្កត់ធ្ងន់​ទៅលើ​ការងារ​ ២ គឺ​ទី ១ ពង្រឹង​សមត្ថភាព​នៅក្នុង​ការការពារ​សុវត្ថិភាព​ក្នុង​ពិធី​ភ្ជុំបិណ្ឌ និង​ទី​ ២ គឺ​យើង​ពង្រឹង​សន្តិសុខ​រួម​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​អមិត្ត​ណា ឬ​ពួក​ឧទ្ទាម​ណា​មក​បំផ្លិចបំផ្លាញ​សុវត្ថិភាព សន្តិសុខ សន្តិភាព និង​ប្រយោជន៍​របស់​ជាតិ​ដែល​យើង​កំពុង​តែ​មាន​សព្វ​ថ្ងៃនេះ​»​។

លោក​បន្ថែម​ថា​អគ្គស្នងការ​នគរបាល​ជាតិ ខិតខំ​ពង្រឹង​គ្រប់​ជំនាញ​ទាំងអស់ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ហើយ​ថា មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ក៏​នឹង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​នគរបាល​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ឧបាយកល​នឹង​សកម្មភាព​របស់​ពួក​អតីត​បក្សប្រឆាំង​ដើម្បី​កុំ​ឲ្យ​ចាញ់​ឧបាយកល​របស់​ពួកគេ​។

មន្ត្រី​នគរបាល​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ហើយ​ស្នើសុំ​មិន​សុំ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ថា ធ្វើ​យ៉ាង​ណា​ត្រូវ​ចាប់ខ្លួន​មេ​ពួក​ឧទ្ទាម​ឲ្យ​បាន​បើ​ទោះបី​ជា​មាន​ការ​ចូលរួម​គាំទ្រ​ច្រើន​យ៉ាង​ណាក៏ដោយ​។ កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​តែ​ធ្វើតាម​បញ្ជា​របស់​ថ្នាក់លើ ហើយ​ដាច់ខាត​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ឧទ្ទាម​បំផ្លាញ​សុខ​សន្តិភាព​»​។

លោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែង​ថា វិធានការ​របស់​សមត្ថកិច្ច​ចំពោះ​បុគ្គល​ដែល​បង្ហោះ​សារ​គាំទ្រ​ការវិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​នេះ​ធ្វើឲ្យ​លោក​កាន់តែ​ព្រួយបារម្ភ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ថា បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ​វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​ក្នុង​ការធ្វើ​សកម្មភាព​នយោបាយ​ដោយសារ​តែ​ពួកគេ គ្រាន់តែ​បញ្ចេញ​សារ ឬ​ក៏​ទស្សន​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់​»​។

លោក​បាន​បន្ថែម​ថា​ផែនការ​របស់​សមត្ថកិច្ច​ក្នុង​ការ​ចាប់ខ្លួន​លោក សម រង្ស៊ី ​និង​មន្ត្រី​ជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​អាច​នឹង​បង្ក​ធ្វើឲ្យ​មាន​ភាពចលាចល​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​វា​អាច​នឹង​កើត​មាន​នូវ​ការប្រឈមមុខ​ដាក់​គ្នា​រវាង​កម្លាំង​អ្នក​ដែល​គាំទ្រ​លោក សម រង្ស៊ី​ និង​កម្លាំង​សមត្ថកិច្ច​។

ប៉ុន្តែ​លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​គាំទ្រ​នូវ​វិធានការ​របស់​សមត្ថកិច្ច​ក្នុង​ការចាប់​ខ្លួន​បុគ្គល​ដែល​បង្ហោះ​សារ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការប្រកាស​វិលត្រឡប់​របស់​លោក សម រង្ស៊ី ខណៈ​ដែល​លោក​ថា ទង្វើ និង​សារ​របស់​លោក​ សម រង្ស៊ី​ មាន​ចេតនា​បង្ក​អសន្តិសុខ ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

លោក​បញ្ជាក់​ថា​៖ «​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​ការ​បង្ហោះសារ ឬ​សកម្មភាព​បង្ហោះ​សំឡេង ឬ​សកម្មភាព​អ្វី​ផ្សេង​ទៀត​ពួកគេ​គឺ​ឃុបឃិត​ និង​រួមគំនិត​នៅក្នុង​ឧបាយកល​ក្បត់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​មាន​កាតព្វកិច្ច​ត្រូវ​បង្ការ​ និង​ទប់ស្កាត់​កុំ​ឲ្យ​កើត​ទៅ​ជា​បញ្ហា​ធំ ដែល​គ្រប់គ្រង​លែង​បាន​»​។

លោក​បន្ថែម​ថា ​នគរបាល​ជាតិ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ចាប់ខ្លួន​លោក​ សម រង្ស៊ី ​នៅ​ពេល​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​។

ការបើក​កិច្ចប្រជុំ​របស់​អគ្គស្នងការ​នគរបាលជាតិ​កាលពី​ម្សិលមិញ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦ ​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​ «​រួមគំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​»៕

វីដេអូ៖