ភ្នំពេញៈ លោក​ គង់ គាំ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចំពោះ​អ្វី​ដែល​ជា​ឃ្លីប​វីដេអូ​របស់​លោក កឹម សុខា បាន​និយាយ​នៅ​ក្នុង​វេទិកា​មួយ នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ ២០១៣ ដែល​លោក សុខា ថា លោក​បាន​ចូល​ធ្វើ​នយោបាយ​វិញ​គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ផ្តល់​ជា​មតិ​យោបល់​ពី​មន្ត្រី​មួយ​ចំនួន របស់​សហរដ្ឋ​អាមេរិក។

លោក គង់ គាំ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅពេល​ចេញពី​សាលា​ដំបូង​រាជធានី បន្ទាប់​ពី​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក គី ឫទ្ធី បាន​សាក​សួរ​លោក​ចំនួន ៣ ម៉ោង​កាល​ពី​ព្រឹក​ម្សិលមិញ​ថា ចៅក្រម​បាន​សាក​សួរ​លោក​ទាក់​ទង​នឹង​ទំនាក់​ទំនង និង​សកម្មភាព​របស់​លោក កឹម សុខា ជាមួយ​លោក សម រង្ស៊ី ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង សន្ទិដ្ឋិភាព (ក្បត់​ជាតិ) ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក កឹម សុខា។

ការសាកសួរ​លោក គង់ គាំ គឺធ្វើឡើង បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សាក​សួរ​ទៅ​លើ​សាក្សី​ចំនួន ៩ នាក់​ពាក់ព័ន្ធ​សំណុំ​រឿង «ក្បត់ជាតិ» របស់​លោក ​កឹម សុខា និង​ក្រោយ​ពី​ចៅក្រម​ស៊ើប​សួរ បាន​បដិសេធ​ពាក្យ​ស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ជា​លើក​ទី ៣ ដែល​ស្នើសុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​លោក សុខា។

លោក​ គង់ គាំ ដែល​ក៏​ជា​អតីត​ទីប្រឹក្សាជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​ទើប​តែ​ត្រូវ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ថា លោក គី ឫទ្ធី បាន​សាកសួរ​លោក អស់​រយៈពេល​ប្រមាណ​ជិត ៣ ម៉ោង ពាក់​ព័ន្ធ​ទៅនឹង​សកម្មភាព​គណបក្ស​សិទ្ធិ​មនុស្ស ការចូល​រួមគ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មភាព​រប​ស់លោក សម រង្ស៊ី និង​លោក កឹម សុខា។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​ស្បថ​ថា បាន​ដឹងអី​ជម្រាប​ហ្នឹង មិនបាន​បំភ្លៃ បំផ្លើស ឬ​មួល​បង្កាច់​អ្វី​ទេ ហើយ​ខ្ញុំ​គិត​ថា មេធាវី ដើម​ចោទ គេ​ជា​អ្នក​ដាក់​បន្ទុក ឯ​មេធាវី​ចុង​ចោទ​គឺជា​អ្នក​ដោះ​បន្ទុក ខ្ញុំ​ជា​សាក្សី មិន​បាន​ដាក់​បន្ទុក​ទេ មិន​បាន​ដោះ​បន្ទុក​ទេ គ្រាន់​តែ​បំភ្លឺ ដើម្បី​ឱ្យ​តុលាការ មាន​ព័ត៌មាន​គ្រប់គ្រាន់ ផ្តល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវ​ចោទ​តែ​ប៉ុណ្ណឹង​ទេ​បាទ»។

លោក​បន្ថែមថា៖ «ការពិត​ខ្ញុំ​ជាទី​ប្រឹក្សា ហើយ​ដូចដែល​លោក សម រង្ស៊ី ពេល​ថ្មីៗ​ចុង​ក្រោយ​ថា ខ្ញុំ​ចូលម​ក​បំភ្លឺ​នេះ មិន​សូវ​ដឹង​រឿង​អី​ច្រើន​ទេ តែ​មាន​តែ សម រង្ស៊ី ទេ ដែល​ដឹង​រឿង​គ្រប់​យ៉ាង។ ជាការ​ត្រឹមត្រូវ ដែល​លោក សម រង្ស៊ី ដឹង​រឿង​គ្រប់​យ៉ាង ប៉ុន្តែ​អ្នក​ដែល​ដឹង​តិច ក៏ត្រូវ​តែ​មាន​ព័ត៌មាន​ជូន​ចៅក្រម ហើយ​អ្នក​ដឹង​ច្រើន ក៏មាន​ព័ត៌មាន​ជូន​ចៅក្រម ដែល​មាន​គោល​ដៅ​តែ​មួយ​គត់ គឺ​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​ត្រូវ​ចោទ»។

ទោះជា​យ៉ាងណា លោក​ថា លោក​មិនបាន​ដឹងថា លោក​ កឹម សុខា មាន​ទំនាក់​ទំនង​ជាមួយ​បរទេស​នោះ​ទេ ហើយលោក​អះអាង​ថា ការ​ចូលរួម​គ្នា រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស ​សម រង្ស៊ី ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ដើម្បី​បង្រួប​បង្រួម​គ្នា ជា​កម្លាំង ដើម្បី​ចូលរួម​ប្រកួត​ប្រជែង ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ ដោយ​តម្លាភាព និង​យុត្តិធម៌ និង​នាំ​មក​នូវ​ភាព​វិជ្ជមាន ចំពោះ​ប្រទេស ​កម្ពុជា។

លោក ​កឹម សុខា នៅ​ក្នុង​ផ្ទះ​របស់​លោក​ កាល​ពី​អំឡុង​​ចុង​ឆ្នាំ​ ២០១៦។ ភ្នំពេញ ប៉ុសិ៍្ត

បើតាម​លោក​ គង់ គាំ នៅ​មុនពេល​សាកសួរ ចៅក្រម​បានរៀបចំ​ចាក់​ឃ្លីប​វីដេអូ​របស់​លោក កឹម សុខា ដែល​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ឲ្យ​លោក​មើល ប៉ុន្តែ​លោក​បាន​ប្រាប់​ចៅក្រម​ថា លោក​បាន​មើល​វីដេអូ​ដែល លោក សុខា បាន​និយាយ​អំពី​ការ​ជួយ​ពី​មន្ត្រី​អាមេរិក ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​វីដេអូ​នេះ​រួច​ហើយ។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ខ្ញុំ​គិត​ថា អ្វីៗ​អាស្រ័យ​លើ លោក កឹម សុខា ​ខ្លួន​ឯង។ ខ្ញុំ​គ្រាន់​តែ​ភ្ញាក់ផ្អើល ដែល​មាន​វីដេអូ សំឡេង គាត់ (កឹម សុខា) ថា គាត់​បាន​ធ្វើការ​ជាមួយ​បរទេស ដើម្បី​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ទាំង ២ នាក់ គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​ថាមពល ប្រជែង​ជាមួយ​គណបក្ស គ្រប់គ្រង​អំណាច»។

លោក​ចៅក្រម គី ឫទ្ធី និង​លោក សួស វិទ្យា​រ៉ា​ន់​ឌី អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។

លោក ចាន់ ចេ​ន មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ការពារ​ក្តី ៤ រូប​របស់​លោក សុខា បាន​ថ្លែង​ថា៖ «រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ឃើញ​សំណុំ​រឿង​របស់​គាត់ (កឹម សុខា) មាន​អី​ប្លែក​ឬ​យ៉ាង​ណា​ទេ ពីព្រោះ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​របស់​គាត់»។

សាក្សី ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ លើ​សំណុំ​រឿង​លោក កឹម សុខា ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​នេះ រួម​មាន លោក សៀ ភារម្យ អតីត​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន លោក មាស គឹម​សេង អតីត​មន្ត្រី​សមាគម​ធាង​ត្នោត លោ-ស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក កែវ រតនា អតីត​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ខឿន វីរ៉ាត់ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ហេង ពិសិដ្ឋ អតីត​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​អ្នកស្រី ស ស៊ន សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ ២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។

លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១៥ ឆ្នាំ​ដល់ ៣០ ឆ្នាំ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស។ បច្ចុប្បន្ន​លោក​សុខា ត្រូវ​បាន​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ ក្រោម​ការ​ត្រួត​ពិនិត្យរ​បស់​តុលាការ៕